លោកប្រធានាធិបតីស.រ.អា. បារ៉ាក់ អូបាម៉ា បានធានារ៉ាប់រងថាលោកនឹងមិនធ្វើអន្តរាគមន៍ទេនៅក្នុងការស៊ើបអង្កេតរបស់រដ្ឋាភិបាល អំពីការប្រើប្រាស់គណនេយ្យ email ឯកជនមួយដោយលោកស្រី Hillary Clinton បេក្ខជនប្រធានាធិបតីនាំមុខគេខាងគណបក្សប្រជាធិបតេយ្យ នៅពេលលោកស្រីកាន់តំណែងជារដ្ឋមន្ត្រីការបរទេសស.រ.អា. ពីឆ្នាំ២០០៩ដល់ឆ្នាំ២០១៣។
លោកអូបាម៉ាបានមានប្រសាសន៍ប្រាប់បណ្តាញទូរទស្សន៍អាមេរិកាំង Fox News កាលពីថ្ងៃអាទិត្យនៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានថតទុកកាលពីសប្តាហ៍មុនថា លោកស្រី Clintonមិនបានធ្វើឲ្យខូចខាតដល់សន្តិសុខជាតិទេ តាមរយៈការប្រើប្រាស់ email server ឯកជននៅក្នុងផ្ទះលោកស្រីក្នុងបូរីញូវយ៉កជាជាងប្រើប្រាស់ប្រព័ន្ធ email មួយរបស់រដ្ឋាភិបាល។
ក៏ប៉ុន្តែលោកប្រធានធិបតីបាននិយាយបន្ថែមថា «មានការធ្វេសប្រហែសក្នុងការចាត់ចែង emails «ដែលលោកស្រីបានទទួលស្គាល់ហើយ។ ចំណែកឯលោកស្រី Clinton វិញ លោកស្រីបានហៅការប្រើប្រាស់ប្រព័ន្ធ emailឯកជននៅពេលលោកស្រីកាន់តំណែងជាអ្នកការទូតកំពូលរបស់ប្រទេសអាមេរិកថាជាកំហុសមួយ ក៏ប៉ុន្តែថាលោកស្រីមិនបានបញ្ជូនឬទទួលឯកសារដែលចាត់ទុកថាជាឯកសារសម្ងាត់នៅពេលនោះទេ ទោះណាជាឯកសាររាប់សិបត្រូវបានចាត់ទុកជាថ្មីថាជាឯកសារសម្ងាត់ឬថាជាឯកសារសម្ងាត់បំផុតក៏ដោយ។
ការិយាល័យ FBI បានស៊ើបអង្កេតច្រើនខែមកហើយអំពីថាតើការប្រើប្រាស់ email server ឯកជនរបស់លោកស្រីនាំឲ្យមានការលេចការសម្ងាត់ពីឯកសាររដ្ឋាភិបាលឬទេ ហើយការណ៍នេះនាំឲ្យមានការស្រពិចស្រពិលដល់យុទ្ធនាការលោកស្រីក្នុងការក្លាយទៅជាប្រធានាធិបតីស្ត្រីទីមួយរបស់ប្រទេសអាមេរិក៕