កាលពីថ្ងៃអង្គារ សេតវិមានបានប្រកាសអំពីការកែប្រែថ្មីៗដល់ការរឹតត្បិតលើការធ្វើដំណើរនិងពាណិជ្ជកម្មជាមួយប្រទេសគុយបា នៅមុនទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់លោកប្រធានាធិបតីស.រ.អា. បារ៉ាក់ អូបាម៉ា ក្នុងប្រទេសជាតិនោះនៅសប្តាហ៍ក្រោយ។
ការបន្ធូរបន្ថយការរឹតត្បិតទាំងនេះកំណត់កិច្ចខិតខំប្រឹងប្រែងថ្មីៗបំផុត ដើម្បីកែលម្អទំនាក់ទំនងរវាងប្រទេសទាំងពីរចាប់តាំងពីមានការរៀបចំឱ្យមានការទាក់ទងគ្នាជាផ្លូវការកាលពីឆ្នាំទៅមិញមកនោះ។
ការកែប្រែទាំងនេះបើកឱ្យមានការធ្វើដំណើរសិក្សាដោយជនជាតិអាមេរិកាំងជាបុគ្គលទៅកាន់ប្រទេសគុយបា អនុញ្ញាតឱ្យជនជាតិគុយបា ដែលធ្វើការក្នុងស.រ.អា.មានប្រាក់បៀវត្សនិងកាត់បន្ថយរបាំងពាណិជ្ជកម្មនិងហិរញ្ញវត្ថុ ដើម្បីធ្វើល្អប្រសើរជាងមុនដល់ចំណងទាក់ទាងខាងជំនួញរវាងប្រទេសទាំងពីរ។
នៅក្នុងការនិយាយត្រួសៗមួយប្រាប់ក្រុមអ្នកកាសែត លោក Ben Rhodes ទីប្រឹក្សាសន្តិសុខជាតិរងនៃសេតវិមានបានមានប្រសាសន៍ថា ការបន្ធូរបន្ថយនេះជាផ្នែកមួយនៃការខិតខំប្រឹងប្រែងដែលមានតទៅទៀតដើម្បី «សម្របសម្រួលគោលនយោបាយយើងសម្រាប់ផ្តល់អំណាចឱ្យប្រជារាស្ត្រគុយបា និងជួយកែលម្អជីវភាពពួកគេផងដែរ»។
ការផ្លាស់ប្តូរដែលចូលជាធរមាននៅថ្ងៃទី១៦ខែមីនានេះ អនុញ្ញាតឱ្យពលរដ្ឋគុយបាដែលមានឋានៈមិនមែនជាជនអន្តោប្រវេសន៍ អាចទទួលប្រាក់បៀវត្សនៅក្នុងស.រ.អា.បាន។ ក្រុមហ៊ុនស.រ.អា.ក៏អាចឧបត្ថម្ភពលរដ្ឋគុយបាឱ្យមកធ្វើការក្នុងប្រទេសអាមេរិកបានដែរ៕