លោកប្រធានាធិបតីស.រ.អា បារ៉ាក់ អូបាម៉ាបានបញ្ចប់ដំណើរបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃទៅកាន់រដ្ឋធានីណៃរ៉ូប៊ី ជាមួយនឹងសុន្ទរកថាទៅកាន់ប្រជាពលរដ្ឋកេនយ៉ា ដែលក្នុងនោះលោកបានផ្តោតទៅលើដំណើរបំពេញទស្សនកិច្ចប្រកបដោយមនោសញ្ចេតនាទៅកាន់មាតុភូមិឪពុករបស់លោក។
នៅក្នុងការថ្លែងត្រួសៗទៅកាន់ក្រុមអ្នកយកព័ត៌មានមុនពេលសុន្ទរកថា លោក Ben Rhodes អ្នកនាំពាក្យទីប្រឹក្សាសន្តិសុខជាតិរបស់លោកប្រធានាធិបតី បានមានប្រសាសន៍ថា លោកអូបាម៉ានឹងធ្វើការបញ្ជាក់យ៉ាងច្បាស់ពីការខិតខំប្រឹងប្រែងរបស់លោកដើម្បីប្រយុទ្ធភេរវកម្ម ដែលមិនអាចនាំឲ្យមានស្នាមទុរយ៌សដល់ប្រជាពលរដ្ឋទាំងអស់។
ពីរដ្ឋធានីណៃរ៉ូប៊ី លោកប្រធានាធិបតីអូបាម៉ាបានធ្វើដំណើរតាមយន្តហោះទៅកាន់រដ្ឋធានីអាឌីស អាបាបា ដែលនេះនឹងធ្វើឲ្យលោកក្លាយជាប្រធានាធិបតីស.រ.អាកំពុងកាន់កាន់ដំណែងដំបូង ដែលបានទៅបំពេញទស្សនកិច្ចនៅប្រទេសអេត្យូពី។
លោក Rhodes មានប្រសាសន៍បន្តទៀតថា លោកប្រធានាធិបតី អូបាម៉ានឹងលើកឡើងពីបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសអេត្យូពី ដូចដែលលោកប្រធានាធិបតីបានធ្វើនៅក្នុងប្រទេសកេនយ៉ាដែរ។
ក្នុងអំឡុងពេលនៃការធ្វើសន្និសីទកាសែតកាលពីថ្ងៃសៅរ៍ជាមួយប្រធានាធិបតី Uhuru Kenyatta នៃប្រទេសកេនយ៉ា លោកប្រធានាធិបតីអូបាម៉ាបានថ្លែងថា លោកមានជំនឿថា រដ្ឋមិនគួររើសអើងប្រឆាំងពលរដ្ឋដោយផ្អែកលើការស្រឡាញ់ភេទដូចគ្នានោះទេ។
លោក Rhodesមានប្រសាសន៍ទៀតថា លោកប្រធានាធិបតីក៏នឹងធ្វើការប្រជុំជាមួយក្រុមមេដឹកនាំនៅក្នុងតំបន់ ដើម្បីផ្តោតទៅលើស្ថានភាពសន្តិសុខកាន់តែយ៉ាប់យ៉ឺនឡើងៗនៅក្នុងប្រទេសស៊ូដង់ខាងត្បូង ក៏ប៉ុន្តែលោកបានលើកឡើងថា ប្រធានាធិបតី Robert Mugabeនៃប្រទេសស៊ីមបាវវ៉េ មិនត្រូវគេរំពឹងថានឹងចូលរួមសន្និសីទនោះទេ។
លោកប្រធានាធិបតីអូបាម៉ា បានបញ្ចប់ថ្ងៃដ៏មមារញឹកមួយរយៈនៅក្នុងរដ្ឋធានីណៃរ៉ូប៊ីកាលពីថ្ងៃសៅរ៍នៅឯពីធីទទួលទានអាហារពេលល្ងាចដែលរៀបចំដោយប្រធានាធិបតី Kenyatta នៃប្រទេសកេនយ៉ា។
លោកប្រធានាធិបតីអូបាម៉ាបានមានប្រសាសន៍ថា «ឪពុករបស់លោកដែលកើតក្នុងប្រទេសកេនយ៉ា និងឪពុករបស់ប្រធានាធិបតី Kenyatta បានស្គាល់គ្នា ហើយលោកប្រធានាធិបតីមានប្រសាសន៍បន្តទៀតថា «វាជាការពិបាកសម្រាប់លោកឪពុកទាំងពីរក្នុងការនឹកស្រម៉ៃថា កូនប្រុសរបស់ពួកគាត់អាចអង្គុយនៅទីនេះជាមួយគ្នានៅថ្ងៃនេះ»៕