លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា មានប្រសាសន៍ថា សហរដ្ឋអាមេរិក និងប្រទេសកេនយ៉ាត្រូវរួបរួមគ្នាប្រឆាំងការគំរាមកំហែងរបស់ភេរវជន។
ថ្លែងនៅក្នុងរដ្ឋធានីណៃរ៉ូប៊ីកាលពីថ្ងៃសៅរ៍នៅសន្និសីទកាសែតរួមគ្នាមួយជាមួយប្រធានាធិបតី Uhuru Kenyatta នៃប្រទេសកេនយ៉ា លោកអូបាម៉ាបានមានប្រសាសន៍ថា មានការសម្របសម្រួលប្រឆាំងភេរវកម្មប្រកបដោយប្រសិទ្ធិភាពរវាងសហរដ្ឋអាមេរិក និងកេនយ៉ា នៅក្នុងការដោះស្រាយក្រុមជនសកម្មប្រយុទ្ធ Al-Shabab សូម៉ាលី។
លោកប្រធានាធិបតីអូបាម៉ាក៏បានថ្លែងអំណរគុណដល់ប្រទេសកេនយ៉ាចំពោះការទទួលយកជនភៀសខ្លួនរាប់សែននាក់ដែលគ្មានទីកន្លែងរស់នៅដោយសារជម្លោះក្នុងប្រទេសសូម៉ាលី។
លោកប្រធានាធិបតីអូបាម៉ាបានមានប្រសាសន៍បន្តទៀតថា សហរដ្ឋអាមេរិកកំពុងធ្វើការងារជាមួយកេនយ៉ាដើម្បីប្រឈមការគំរាមកំហែងដល់ភាពរុងរឿង ហើយលោកប្រធានាធិបតីបានសរសើរប្រជាពលរដ្ឋកេនយ៉ាចំពោះការតាំងចិត្តកំចាត់អំពើពុករលួយ។ លោកប្រធានាធិបតី មានប្រសាសន៍បន្តទៀតថា ទាំងក្រុមមន្រ្តីថ្នាក់ខ្ពស់ និងថ្នាក់ទាបចាំបាច់បញ្ឈប់ការទទួលសំណូកដែលលោកប្រធានាធិបតី បានមានប្រសាសន៍ថា បានបង្អាក់ពលរដ្ឋមិនឲ្យចាប់ផ្តើមពាណិជ្ជកម្មថ្មី។
លោកប្រធានាធិបតីអូបាម៉ាក៏បានពិភាក្សាពីការបរបាញ់សត្វដំរី ហើយលោកបានមានប្រសាសន៍ទៀតថា រដ្ឋបាលរបស់លោកនឹងស្នើច្បាប់ថ្មីដើម្បីហាមឃាត់ការលក់ភ្លុកដំរីនៅគ្រប់រដ្ឋទាំងអស់ក្នុងសហរដ្ឋអាមេរិក។
នៅពេលដែលគេសួរលោកប្រធានាធិបតីអូបាម៉ាអំពីសិទ្ធិមនុស្សស្រឡាញ់ភេទដូចគ្នាក្នុងប្រទេសកេនយ៉ា លោកប្រធានាធិបតីមានប្រសាសន៍ថា លោកជឿជាក់ថា រដ្ឋមិនគួររើសអើងប្រឆាំងពលរដ្ឋដែលស្រឡាញ់ភេទដូចគ្នានោះទេ៕