លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានអញ្ជើញទៅដល់ប្រទេសកេនយ៉ា នៅពេលដែលមានការរឹតបន្តឹងសន្តិសុខយ៉ាងខ្លាំងសម្រាប់ការចាប់ផ្តើមនៃដំណើរបំពេញទស្សនៈកិច្ចជាប្រវត្តិសាស្រ្តដែលមានរយៈពេល២ថ្ងៃនេះ។
យន្តហោះ Air Force One របស់លោកប្រធានាធិបតីបានចុះចតនៅក្នុងរដ្ឋធានី ណៃរ៉ូប៊ី (Nairobi) កាលពីរសៀលថ្ងៃសុក្រ។ ប្រធានាធិបតី Uhuru Kenyatta នៃប្រទេសកេនយ៉ាទទួលស្វាគមន៍លោកប្រធានាធិបតីអូបាម៉ានៅចំណតព្រលានយន្តហោះ បន្ទាប់មកលោកប្រធានាធិបតីអូបាម៉ាបានធ្វើដំណើរទៅកាន់សណ្ឋាគាររបស់លោក ដែលនៅទីនោះលោកទទួលទានអាហារពេលល្ងាចជាមួយសាច់ញាតិជាតិកេនយ៉ា រួមមានជីដូន ហើយនិងលោកស្រី Auma Obama ដែលជាប្អូនស្រីម្តាយទីទៃពីគ្នារបស់លោក។
នៅតាមផ្លូវនានាក្នុងទីក្រុងណៃរ៉ូប៊ី មានលាបពណ៌ និងបោសសម្អាតនៅពេលទីក្រុងនេះបានប្រុងប្រៀបស្វាគមន៍ប្រធានាធិបតីអូបាម៉ាចំពោះអ្វីដែលពលរដ្ឋកេនយ៉ាបានហៅថា ការអញ្ជើញមកផ្ទះរបស់លោកប្រធានាធិបតី។
មូលហេតុដ៏សំខាន់សម្រាប់ដំណើរបំពេញទស្សនៈកិច្ចនេះ គឺចូលរួមសន្និសីទកំពូលសហគ្រិនសាកលលោកជាលើកទីមួយដែលសន្និសីទកំពូលនេះត្រូវបានធ្វើឡើងនៅក្នុងទ្វីបអាហ្វ្រិក។ លោកប្រធានាធិបតីអូបាម៉ាដែលជាម្ចាស់ផ្ទះទទួលភ្ញៀវរួមគ្នានោះ នឹងធ្វើសុន្ទរកថាទៅកាន់សន្និសីទកំពូលនៅថ្ងៃសៅរ៍នេះ។ កេនយ៉ាក៏ជាទីកន្លែងពិសេសរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិកដែរ។ ឪពុករបស់លោកបានកើត និងស្លាប់នៅក្នុងតំបន់ជនបទភាគខាងលិចប្រទេសកេនយ៉ា ហើយបានបម្រើការងារនៅក្នុងរដ្ឋាភិបាលរបស់ប្រធានាធិបតីទីមួយនៃប្រទេសកេនយ៉ា។
លោកអូបាម៉ាមានទស្សនៈកិច្ចលើកចុងក្រោយនៅឆ្នាំ២០០៦ជាសមាជិកព្រឹទ្ធសភា ក៏ប៉ុន្តែ នេះជាដំណើរបំពេញទស្សនៈកិច្ចលើកដំបូងរបស់លោកជាប្រធានាធិបតី។ លោក William Ruto អនុប្រធានាធិបតីនៃប្រទេសកេនយ៉ានិយាយថា ដំណើរបំពេញទស្សនៈកិច្ចនេះមានអត្ថន័យយ៉ាងខ្លាំងសម្រាប់ប្រទេសលោក៕