ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា ថែ្លង​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាមេរិក-អាស៊ាន


លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ឆ្លើយ​នឹង​សំណួរ​របស់​អ្នក​យក​ព័ត៌មាន ក្នុង​អំឡុង​សន្និសីទ​សារព័ត៌មាន​ ក្រោយ​កិច្ច​ប្រជុំ​កំពូល​អាមេរិក-អាស៊ាន​បាន​បញ្ចប់​ទៅ​នៅ​រមណីយដ្ឋាន​លំហែកាយ Sunnylands នៅ​ទីក្រុង Rancho Mirage រដ្ឋ​កាលីហ្វ័រញ៉ា កាលពី​ថ្ងៃអង្គារ ទី១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៦។
លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ឆ្លើយ​នឹង​សំណួរ​របស់​អ្នក​យក​ព័ត៌មាន ក្នុង​អំឡុង​សន្និសីទ​សារព័ត៌មាន​ ក្រោយ​កិច្ច​ប្រជុំ​កំពូល​អាមេរិក-អាស៊ាន​បាន​បញ្ចប់​ទៅ​នៅ​រមណីយដ្ឋាន​លំហែកាយ Sunnylands នៅ​ទីក្រុង Rancho Mirage រដ្ឋ​កាលីហ្វ័រញ៉ា កាលពី​ថ្ងៃអង្គារ ទី១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៦។

«សារ​មួយ​ក្នុង​ចំណោម​សារ​ដ៏​សំខាន់​របស់​ខ្ញុំ​ក្នុង​រយៈពេល​២​ថ្ងៃ​នេះ​ គឺ​ការ​ប្តេជ្ញា​ចិត្ត​របស់​សហរដ្ឋ​អាមេរិក​ ចំពោះ​តំបន់​អាស៊ាន​ និង​ប្រជាជន​របស់​សមាគម​នេះ‍»។

កំណត់​និពន្ធ៖ នេះ​គឺជា​ខ្លឹមសារ​នៃ​សុន្ទរកថា​របស់​លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ក្នុង​ពេល​បញ្ចប់​កិច្ច​ប្រជុំ​កំពូល​មេដឹកនាំ​អាស៊ាន​និង​សហរដ្ឋ​អាមេរិក ដែល VOA បាន​ប្រែសម្រួល​ជា​ភាសា​ខ្មែរ។

«អស់​រយៈពេល​៥០​ឆ្នាំ​ ដែល​មេដឹកនាំ ​និង​ប្រជាជន​នៅ​ទូទាំង​អាស៊ី​អាគ្នេយ៍​បាន​ធ្វើការ​ជាមួយ​គ្នា​តាមរយៈ​សមាគម​អាស៊ាន​ ដើម្បី​ជំរុញ​សន្តិសុខ​ ភាព​ចម្រុងចម្រើន​ និង​សេចក្តី​ថ្លៃថ្នូរ​ទៅវិញ​ទៅមក។​ អស់​រយៈពេល​ជា​ច្រើន​ទសវត្សរ៍​ សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ជា​ដៃគូ​ដ៏​មាន​មោទនភាព​មួយ​ជាមួយ​អាស៊ាន។​ ហើយ​កិច្ច​ប្រជុំ​កំពូល​នេះ​ បាន​ធ្វើ​ឡើង​ក្រោម​កិច្ចសហការ​មិន​ធ្លាប់​មាន​ពី​មុន​មក ដែល​យើង​បាន​បង្កើត​អស់​រយៈពេល​៧​ឆ្នាំ ដូច​ដែល​ខ្ញុំ​បាន​រៀបរាប់​កាល​ពី​ម្សិល​មិញ។ កម្លាំង​ស្មារតី​នៃ​ការ​ធ្វើការ​ជាមួយ​គ្នា លើ​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក​ ការ​គោរព​គ្នា​ទៅវិញ​ទៅ​មក​ បាន​នាំ​ផ្លូវ​សម្រាប់​ការងារ​របស់​ពួក​យើង​ក្នុង​រយៈពេល​២​ថ្ងៃ​នេះ។​ ហើយ​ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ជា​ពិសេស​ដល់មេដឹកនាំ​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​អស់​ ដែល​មាន​វត្តមាន​នៅ​ទីនេះ​ ចំពោះ​ការ​ប្តេជ្ញា​ចិត្ត​របស់​ពួកគេ​ និង​ចំពោះ​ភាព​ជឿន​លឿន​ ដែល​យើង​បាន​ធ្វើ​ជាមួយ​គ្នា​នា​ពេល​កន្លង​មក។​

សារ​មួយ​ក្នុង​ចំណោម​សារ​ដ៏​សំខាន់​របស់​ខ្ញុំ​ក្នុង​រយៈពេល​២​ថ្ងៃ​នេះ​ គឺ​ការ​ប្តេជ្ញា​ចិត្ត​របស់​សហរដ្ឋ​អាមេរិក​ ចំពោះ​តំបន់​អាស៊ាន​ និង​ប្រជាជន​របស់​សមាគម​នេះ។ ការ​ប្តេជ្ញា​ចិត្ត​នោះនឹងស្ថិតនៅរឹងមាំ ហើយ​យូរអង្វែង។ តាមរយៈ​ភាព​ជា​ដៃគូ​យុទ្ធសាស្រ្ត​របស់​ពួក​យើង​ យើង​មាន​ក្របខណ្ឌ​ដើម្បី​នាំ​ផ្លូវ​ឈាន​ដល់​ចំណង​ទាក់ទង​របស់​ពួក​យើង​ឲ្យ​បន្ត​ទៅមុខ​បាន​ជា​ច្រើន​ទសវត្សរ៍​ទៀត។​

រូបថត​រួម​គ្នា​រវាង​លោក​ប្រធានា​ធិបតី បារ៉ាក់ អូបាម៉ា និង​មេដឹកនាំ​ទាំង​១០​របស់​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ក្នុង​អំឡុង​កិច្ច​ប្រជុំ​កំពូល​អាមេរិក-អាស៊ាន​រយៈពេល​២ថ្ងៃ នៅទីកុ្រង Rancho Mirage រដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃទី១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៦។
រូបថត​រួម​គ្នា​រវាង​លោក​ប្រធានា​ធិបតី បារ៉ាក់ អូបាម៉ា និង​មេដឹកនាំ​ទាំង​១០​របស់​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ក្នុង​អំឡុង​កិច្ច​ប្រជុំ​កំពូល​អាមេរិក-អាស៊ាន​រយៈពេល​២ថ្ងៃ នៅទីកុ្រង Rancho Mirage រដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃទី១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៦។

នៅ​ Sunnylands​ នេះ ពួក​យើង​បាន​យល់​ស្រប​គ្នា​លើ​គោលការណ៍​សំខាន់​ៗ​មួយ​ចំនួន​ រួម​មាន​គោលការណ៍​ដែ​ល​ថា ​អាស៊ាន​នឹង​នៅ​តែ​បន្ត​ជា​ផ្នែក​សំខាន់​ ហើយ​ការ​ពិត​ទៅ​គឺ​មិន​អាច​ខ្វះ​បាន​ ដើម្បី​សន្តិភាព​ ភាព​ចម្រុង​ចម្រើន និង​ភាព​ជឿនលឿន​នៅ​ក្នុង​អាស៊ី​ប៉ាស៊ីហ្វិក។​ នៅ​ពេល​ដែល​អាស៊ាន​ និយាយ​ដោយ​សំឡេង​រួបរួម និង​ច្បាស់​លាស់​ នោះ​វា​នឹង​អាច​ជួយ​ជំរុញ​ឲ្យ​មាន​សន្តិសុខ​ ឱកាស​ និង​សេចក្តី​ថ្លៃថ្នូរ​របស់​មនុស្ស​ជាតិ​ ហើយ​មិន​ត្រឹម​តែ​សម្រាប់​ប្រជាជន​៦០០​លាន​នាក់​នៅ​ទូទាំង​អាស៊ី​អាគ្នេយ៍​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​សម្រាប់​ប្រជាជន​នៅ​ទូទាំង​អាស៊ី​ប៉ាស៊ីហ្វិក និង​ទូទាំង​ពិភពលោក​ផង​ដែរ។​ ហើយ​ខ្ញុំ​មាន​សេចក្តី​សោមនស្ស​រីករាយ ដែល​នៅ​កិច្ច​ប្រជុំ​នេះ សំឡេង​ដ៏​រឹង​មាំ​របស់​អាស៊ាន​បាន​អនុញ្ញាត​ឲ្យ​យើង​ធ្វើ​ការ​បង្កើត​បាន​វឌ្ឍនភាព​ទៅ​លើ​ផ្នែក​ជា​ច្រើន។

ចំនុច​ទី​មួយ​ ពួក​យើង​បាន​យល់​ស្រប​គ្នា ដើម្បី​ធ្វើ​ការ​ជាមួយ​គ្នា​បន្ថែម​ទៀត​ លើក​ទឹកចិត្ត​ភាព​ជា​សហគ្រិន និង​ការ​បង្កើត​ថ្មី​ ដែល​ជា​ចំណុច​ស្នូល​នៃសេដ្ឋកិច្ច​ប្រកប​ដោយ​ភាព​ទំនើប និងការ​ប្រកួត​ប្រជែង។ ពួក​យើង​មាន​ការ​ពិភាក្សា​ដ៏​ល្អ​មួយ​ជាមួយ​នឹង​អ្នក​ដឹកនាំ​ពាណិជ្ជកម្ម​នាំមុខ​គេ​មួយ​ចំនួន​ ដែល​អះអាង​ជា​ថ្មី​ម្តង​ទៀត​នូវ​រូបមន្ត​សម្រាប់​ទាក់ទាញ​ការ​ធ្វើ​ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ ​ដូច​ជា​នីតិរដ្ឋ​ តម្លាភាព​ ការ​ការពារ​កម្មសិទ្ធ​បញ្ញា​ ប្រសិទ្ធភាព​ពន្ធគយ​ ហេដ្ឋារចនា​សម្ព័ន្ធ​ទំនើប​ ពាណិជ្ជ​កម្ម​តាម​ប្រព័ន្ធ​អេឡិកត្រូនិក​ និង​លំហូរ​សេរី​នៃ​ព័ត៌មាន ​ការ​គាំទ្រ​សម្រាប់​ពាណិជ្ជកម្ម​ខ្នាត​តូច​និង​មធ្យម ហើយ​ប្រហែល​ជា​សំខាន់​បំផុត​នោះ​ គឺ​ការ​វិនិយោគ​លើ​ធនធាន​មនុស្ស ដែល​ក្នុង​នោះ​មាន ​ការ​វិនិយោគ​លើ​សាលារៀន​ដែល​មាន​គុណភាព​ ដើម្បី​អប់រំ​ និង​ហ្វឹកហាត់​អ្នក​ជំនាន់​ក្រោយ។

លោក​ប្រធានា​ធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា ថ្លែង​សុន្ទរកថា​បើក​កិច្ច​ប្រជុំ​កំពូល​ជាមួយ​នឹង​ប្រទេស​មក​ពី​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ទាំង​១០ (ហៅកាត់ថា អាស៊ាន) នៅ​ទីក្រុង Rancho Mirage រដ្ឋ​កាលីហ្វ័រញ៉ា កាល​ពី​ថ្ងៃទី១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦។
លោក​ប្រធានា​ធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា ថ្លែង​សុន្ទរកថា​បើក​កិច្ច​ប្រជុំ​កំពូល​ជាមួយ​នឹង​ប្រទេស​មក​ពី​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ទាំង​១០ (ហៅកាត់ថា អាស៊ាន) នៅ​ទីក្រុង Rancho Mirage រដ្ឋ​កាលីហ្វ័រញ៉ា កាល​ពី​ថ្ងៃទី១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦។

នៅ​ជុំវិញ​កិច្ច​ពិភាក្សា​ មាន​ការ​ទទួល​ស្គាល់​យ៉ាង​ទូលំទូលាយថា ​នេះ​គឺ​ជា​ផ្លូវ​ដែលអាស៊ាន​ត្រូវ​បន្ត​ដំណើរ។ ដូច​ដែល​ពួក​គេ​បាន​ធ្វើ​ វា​នឹង​បង្កើត​ឱកាស​កាន់​តែ​ច្រើន​សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម ​និង​ការ​វិនិយោគ​រវាង​អាមេរិក ​និង​ប្រទេស​ជា​សមាជិក​អាស៊ាន។​

ខ្ញុំ​សូម​អះអាង​អំពី​ការ​គាំទ្រ​យ៉ាង​ខ្លាំង​របស់​យើង​សម្រាប់​សហគមន៍​អាស៊ាន ​និង​សន្យា​ថា​ សហរដ្ឋ​អាមេរិក​នឹង​បន្ត​ធ្វើ​ជា​ដៃ​គូ​ នៅ​ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​អាស៊ាន​ ដើម្បី​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច ​និង​កាត់​បន្ថយ​របាំង​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ។​ ខ្ញុំ​ក៏​សូម​ប្រកាស​ផង​ដែរ​អំពី​គំនិត​ផ្តួច​ផ្តើម​ថ្មី​មួយ​ គឺ​ការ​តភ្ជាប់​អាមេរិក-អាស៊ាន ដែល​ជា​បណ្តាញ​នៃ​មជ្ឈមណ្ឌល​ជាច្រើន​នៅ​ទូទាំង​តំបន់​នេះ​ ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការ​សម្របសម្រួល​ការ​ផ្សារភ្ជាប់​សេដ្ឋកិច្ច​ និង​ទំនាក់​ទំនង​សហគ្រិន​ អ្នក​វិនិយោគ​ និង​ពាណិជ្ជ​កម្ម​រវាង​គ្នា​បន្ថែម​ទៀត។​

ពួក​យើង​ក៏​ធ្វើ​ការ​បន្ថែម​ទៀត​ ដើម្បី​ជួយ​អ្នក​បង្កើត​ថ្មី​ដែល​មាន​ក្តី​ប្រាថ្នា​ធំ​ទាំង​អស់​នៅ​ក្នុង​តំបន់​ឲ្យ​រៀន​ភាសា​អង់គ្លេស​ ដែល​ជា​ភាសា​អន្តរជាតិ​សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម។​ ហើយ​ខ្ញុំ​សូម​អះ​អាង​ជា​ថ្មី​ម្តង​ទៀត​ថា​ កិច្ច​ព្រមព្រៀង​ដៃ​គូ​ពាណិជ្ជកម្ម​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក (Trans-Pacific Partnership) ដែល​រួម​មាន​ប្រទេស៤​ជា​សមាជិក​អាស៊ាន​ដែរ​នោះ អាច​ជំរុញ​ឲ្យ​មាន​ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​នៅ​ទូទាំង​អាស៊ាន​ ហើយ​កំណត់​បទប្បញ្ញត្តិ​កាន់​តែ​រឹងមាំ​សម្រាប់​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ទូទាំង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។​ ដើម្បី​សម្រេច​តាម​គោលបំណង​នេះ ​យើង​បាន​ដំណើរ​ការ​កិច្ច​ខំ​ប្រឹងប្រែង​ថ្មី​មួយ​ ដើម្បី​ជួយ​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​អស់​ឲ្យ​យ​ល់​ពី​ធាតុ​សំខាន់ៗ​របស់​កិច្ច​ព្រម​ព្រៀង​ TPP ក៏​ដូច​ជា​កំណែ​ទម្រង់ ​ដែល​អាច​នាំ​ពួក​គេ​ចូល​រួម​ក្នុង​កិច្ច​ព្រមព្រៀង​នេះ។

(វីដេអូបាតុកម្មដែល​កើត​មាន​នៅ​ក្នុង​អំឡុង​កិច្ច​ប្រជុំ​កំពូល​អាមេរិក-អាស៊ាន)

ទាញ​យក​ពី​តំណភ្ជាប់​ដើម

ចំណុច​ទី២​នោះ​ គឺ​ទាក់ទង​នឹង​សន្តិសុខ។​ សហរដ្ឋ​អាមេរិក​ និង​អាស៊ាន​បាន​បញ្ជាក់​សារ​ជា​ថ្មី​អំពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​របស់​យើង ​ចំពោះ​សណ្តាប់​ធ្នាប់​ក្នុង​តំបន់​ដែល​គោលការណ៍​ និង​បទដ្ឋាន​អន្តរជាតិ ​រួម​ទាំង​សិទ្ធិ​របស់​ប្រជាជាតិ​តូច​ធំ​ទាំងអស់​ត្រូវ​បាន​តម្កល់​ទុក។ យើង​បាន​ពិភាក្សា​ទៅ​លើ​តម្រូវការ​ចំពោះ​ជំហាន​ជាក់ស្តែង​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ ដើម្បី​បន្ថយ​ភាព​តានតឹង​ក្នុង​នោះ​មាន​ការ​បញ្ឈប់​ការ​ទាមទារ​បន្ថែម​ទៀត​ បញ្ឈប់​ការ​សាង​សង់​ថ្មី​ និង​បញ្ឈប់​សកម្មភាព​យោធា​នៃ​តំបន់​មាន​ជម្លោះ។ សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍​ត្រូវ​តែ​រក្សា​ឲ្យបាន ហើយ​ពាណិជ្ជកម្ម​ស្រប​ច្បាប់​ក៏​មិន​ត្រូវ​មាន​ការ​រាំង​ស្ទះ​នោះ​ដែរ។

ខ្ញុំ​សូម​បញ្ជាក់​ម្តង​ទៀត​ថា​ សហរដ្ឋ​អាមេរិក​នឹង​បន្ត​ការ​ហោះ​ហើរ​ ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក​ និង​ប្រតិបត្តិការ​គ្រប់​ទី​កន្លែង​ដែល​ច្បាប់​អន្តរជាតិ​អនុញ្ញាត​ឱ្យ​ ហើយ​យើង​នឹង​គាំទ្រ​សិទ្ធិ​របស់​ប្រជា​ជាតិ​ទាំងអស់​ឲ្យ​ធ្វើ​ដូចគ្នា។ ​យើង​នឹង​បន្ត​ជួយ​ដល់​សម្ព័ន្ធមិត្ត​ និង​ដៃ​គូ​របស់​យើង​ ពង្រឹង​សមត្ថភាព​ដែន​សមុទ្រ​របស់​ពួកគេ។ ហើយ​យើង​បាន​ពិភាក្សា​ ពី​របៀប​ដែល​ជម្លោះ​រវាង​ភាគី​ក្នុង​តំបន់​ត្រូវ​តែ​ដោះ​ស្រាយ​ដោយ​សន្តិវិធី​ តាមរយៈ​មធ្យោយោបាយ​ផ្លូវ​ច្បាប់​ ដូច​ជា​សេចក្តី​សម្រេច​របស់​អាជ្ញា​កណ្តាល​នា​ពេល​ខាង​មុខ ស្ថិត​ក្រោម​អនុ​សញ្ញា​អង្គការ​សហ​ប្រជាជាតិ​ស្តី​ពី​ច្បាប់​សមុទ្រ​ ដែល​ភាគី​មាន​កាតព្វកិច្ច​ត្រូវ​គោរព​ និងអនុវត្ត​តាម។

ចំណុច​ទី៣​នោះ​គឺ ខ្ញុំ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា សហរដ្ឋ​អាមេរិក​នឹង​នៅ​តែ​បន្ត​គាំទ្រ​ដល់​ជន​គ្រប់រូប​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ​ដែល​កំពុង​ធ្វើការ​ជំរុញ​នីតិ​រដ្ឋ​ អភិបាលកិច្ច​ល្អ​ គណនេយ្យភាព​ក្នុង​ស្ថាប័ន​ និង​សិទ្ធិ​មនុស្ស​ជាសាកល​នៃ​មនុស្ស​គ្រប់រូប។​ យើង​នៅ​តែ​បន្ត​លើក​ទឹក​ចិត្ត​ដល់​ការ​វិល​ត្រឡប់​ទៅ​ការ​គ្រប់គ្រង​បែប​ស៊ីវិល​នៅ​ក្នុង​ប្រទេស​ថៃ។ យើង​នឹង​រក្សា​និរន្តរភាព​នៃ​ការ​ចូលរួម​របស់​យើង​ជាមួយ​ប្រជាជន​មីយ៉ាន់​ម៉ា ​ខណៈ​ដែល​ប្រធានាធិបតី​ថ្មី​មួយ​ត្រូវ​បាន​ជ្រើសរើស​ និង​នៅ​ពេល​ដែល​ពួក​គេ​ធ្វើការ​ដើម្បី​អនុវត្ត​កិច្ច​ព្រមព្រៀង​បទ​ឈប់បាញ់​គ្នា​ ព្រម​ទាំង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​មុខ​ដោយ​ការ​ផ្សះផ្សា​ជាតិ។

នៅ​ទូទាំង​តំបន់​នេះ​ យើង​នឹង​បន្ត​គាំទ្រ​ពលរដ្ឋ ​និង​សង្គម​ស៊ីវិល ​ព្រម​ទាំង​ការពារ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​របស់​ពួក​គេ​ សេរីភាព​នៃ​ការ​ជួប​ប្រជុំ​ និង​សេរីភាព​សារព័ត៌មាន។ ពុំ​មាន​នរណា​ម្នាក់​ រួម​ទាំង​សមាជិក​គណបក្ស​ប្រឆាំង​ដែរ​នោះ​ ត្រូវ​គេ​ចាប់​ឃុំ​ខ្លួន ​ឬ​ដាក់​ពន្ធនាគារ​ ដោយសារ​តែ​ការ​បញ្ចេញ​មតិ​របស់​គេ​នោះ​ទេ ព្រោះ​វា​ធ្វើ​ឱ្យ​រាំងស្ទះ​ការ​រីកចម្រើន ​ហើយ​បាន​ត្រឹម​តែ​ធ្វើ​ឲ្យ​បណ្តា​ប្រទេស​ក្នុង​តំបន់​កាន់​តែ​លំបាក​ក្នុង​ការ​លូតលាស់​ និង​រុងរឿង​ប៉ុណ្ណោះ។

ជា​ចុង​ក្រោយ​ សហរដ្ឋ​អាមេរិក​ និង​អាស៊ាន​ បាន​នឹង​កំពុង​ខំ​ប្រឹង​បន្ថែម​ទៀត​ក្នុង​ការ​ដោះ​ស្រាយបញ្ហា​អន្តរប្រទេសរួម​គ្នា។ ខ្ញុំ​បាន​ផ្តល់​ជា​ជំនួយ​ទៅ​ជួយ​បណ្តា​ប្រទេស​ជា​សមាជិកអាស៊ាន​នូវ​ទិន្នន័យ​ប៉ូលិស​អន្តរជាតិ​កាន់​តែ​ប្រសើរ​ជាង​មុន​ ដើម្បី​ទប់ស្កាត់​លំហូរ​ក្រុម​ភេរវករ​បរទេស។ យើង​យល់​ស្រប​គ្នា​ថា​ ​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​ស្តី​ពី​ការ​ប្រែប្រួលអាកាសធាតុទីក្រុង​ប៉ារីស​ រួម​មាន​ទាំង​ការ​ជួយ​ប្រទេស​កំពុង​អភិវឌ្ឍន៍ឲ្យ​សម្រប​ខ្លួន​ និង​កាត់​បន្ថយ​ផល​ប៉ះពាល់​នៃ​ការប្រែ​ប្រួលអាកាសធាតុ​ នឹង​មាន​សារៈសំខាន់​ ហើយ​វា​អាចឱ្យ​ពួក​គេ​បោះ​ជំហាន​នាំមុខទៅរកថាមពល​ថ្មី​ និង​ស្អាត​ដែល​អាច​ផ្គត់ផ្គង់​បាន។

(វីដេអូបញ្ហា​សន្តិសុខ និង​ពាណិជ្ជកម្ម​ស្ថិត​ក្នុង​របៀបវារៈនៃ​កិច្ច​ប្រជុំ​កំពូល​អាមេរិក-អាស៊ាន)

​ខណៈ​ពេល​ដែល​យើង​កំពុង​អនុវត្ត​គោល​ដៅ​អភិវឌ្ឍ​ន៍​ប្រកប​ដោយ​ចីរភាព​ យើង​កំពុង​ដាក់​ចេញ​នូវ​កម្មវិធី​ប្រកួត​ប្រជែង​ថ្មី​មួយ​ គឺ​ជា​ការ​ប្រជែង​គំនិត​ច្នៃ​ប្រឌិត​ថ្មី​ដើម្បី​លើក​ទឹក​ចិត្ត​សិស្ស​ក្នុង​តំបន់​អាស៊ាន​ ឲ្យ​បង្កើត​ដំណោះ​ស្រាយ​ថ្មី​ៗ ​ដើម្បី​ជំរុញ​វិស័យ​កសិកម្ម។​ យើង​កំពុង​បន្ត​ទៅ​មុខ​ជាមួយ​នឹង​របៀប​វារៈ​សន្តិសុខ​សុខភាព​ពិភពលោក​របស់​យើង​ ដើម្បី​ការពារ​ការ​រាតត្បាត​ជំងឺ​នា​ពេល​ខាង​មុខ ហើយ​ខ្ញុំ​សន្យា​បន្ថែម​ ក្នុង​ការ​ផ្តល់​ជំនួយ​សហរដ្ឋអាមេរិក​ថែម​ទៀត​ ដើម្បី​ជួយ​អាស៊ាន​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​មនុស្សដ៏​គួរ​ឲ្យ​ខ្លាច។

ដូច្នេះ ជា​រួម​ ខ្ញុំ​ជឿ​ជាក់​ថា ​កិច្ច​ប្រជុំ​កំពូល​នេះ​បាន​ដាក់​ភាព​ជា​ដៃ​គូ​រវាង​សហរដ្ឋ​អាមេរិក​ និង​អាស៊ាន​នៅ​លើ​គន្លង​មាគ៌ា​ថ្មីមួយ​ ដែល​នឹង​ធ្វើ​ឲ្យ​ពួក​យើង​ឈាន​ឡើង​កាន់​តែ​ប្រសើរ​ជាង​នេះ​ទៀត​ ក្នុង​ប៉ុន្មាន​ទសវត្សរ៍​ខាង​មុខ​។ គោល​នយោបាយ​ការ​បរទេស​អាមេរិក ក្នុង​ការ​ធ្វើ​ឲ្យ​មាន​តុល្យភាព​ឡើង​វិញ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ រួម​មាន​តំបន់​អាស៊ី​អាគ្នេយ៍​ផង​នោះ​ នឹង​នៅ​បន្ត​ជា​គោល​នយោបាយ​ការបរទេសអាទិភាព​មួយ​នៅ​ក្នុង​តំណែង​ជា​ប្រធានាធិបតី​របស់​ខ្ញុំ។ ខ្ញុំ​កំពុង​ទន្ទឹង​រង់ចាំ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​វៀតណាម​ជា​លើក​ដំបូង​នៅ​ក្នុង​ខែ​ឧសភា​ និង​ដើម្បី​ក្លាយ​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ទីមួយ ដែល​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ឡាវ​ នៅ​ពេល​ប្រទេស​នេះ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ីបូព៌ា​នៅ​ខែ​កញ្ញា។

រូបថត​លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ត្រូវបាន​ផ្តិត​ជាប់​ក្នុង​ទូរស័ព្ទ​ទំនើប ខណៈពេល​ដែល​លោក​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន ក្រោយ​ពី​ការ​បញ្ចប់​ទៅ​នៃ​កិច្ច​ប្រជុំ​កំពូល​អាមេរិក- អាស៊ាន​ជា​ប្រវត្តិសាស្ត្រ ដែល​បាន​ប្រារព្ធ​ឡើង​នៅ​ទីក្រុង Rancho Mirage រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃទី១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ (ប៉ូច រាសី/VOA)
រូបថត​លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ត្រូវបាន​ផ្តិត​ជាប់​ក្នុង​ទូរស័ព្ទ​ទំនើប ខណៈពេល​ដែល​លោក​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន ក្រោយ​ពី​ការ​បញ្ចប់​ទៅ​នៃ​កិច្ច​ប្រជុំ​កំពូល​អាមេរិក- អាស៊ាន​ជា​ប្រវត្តិសាស្ត្រ ដែល​បាន​ប្រារព្ធ​ឡើង​នៅ​ទីក្រុង Rancho Mirage រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃទី១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ (ប៉ូច រាសី/VOA)

ខ្ញុំ​មាន​ទំនុក​ចិត្ត​ថា​ មិន​ថា​អ្នក​ណា​នឹង​ក្លាយ​ជា​ប្រធានាធិបតី​បន្ទាប់​នោះ​ទេ​ នឹង​បន្ត​ពង្រឹង​បន្ថែម​លើ​មូលដ្ឋាន​គ្រឹះ​ដែល​យើង​បាន​បង្កើត​ឡើង​ ពីព្រោះ​ថា​វា​មាន​ការ​គាំទ្រ​រឹងមាំ​ មាន​ចីរភាព ​និង​មាន​ការ​គាំទ្រ​ពី​គណបក្ស​ទាំងពីរ សម្រាប់​ការ​ចូលរួម​របស់​អាមេរិក​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិក។​ ហើយ​តាមរយៈ​ កម្មវិធី​ផ្តួច​ផ្តើម​ភាព​ជា​អ្នក​ដឹកនាំ​ដល់​យុវជន​អាស៊ី​អាគ្នេយ៍​ (YSEALI)​ ការ​វិនិយោគ​របស់​ពួកយើង​ទៅ​លើ​យុវជន​ ទៅ​លើ​ភាព​ជោគជ័យ​នៃ​ពាណិជ្ជកម្មរបស់​ពួក​គេ​ និង​សង្គម​ស៊ីវិល​ ព្រម​ទាំង​អ្នក​ដឹកនាំ​ថ្នាក់​មូលដ្ឋាន​នៅ​ទូទាំង​តំបន់​ ​ខ្ញុំ​ជឿ​ថា​ នឹង​កាន់​តែ​រឹត​ចំណង​ពួក​យើង​ជាមួយ​គ្នា​ក្នុង​ស្មារតី​នៃ​ភាព​ជា​ដៃគូ​ និង​មិត្តភាព​ក្នុង​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ‍»៕

ខ្លឹមសារ​ដើម​ជា​ភាសា​អង់គ្លេស​ដោយ​សេតវិមាន the White House នៅ​ត្រង់​នេះ

បែ្រសម្រួល​ដោយ នូវ ពៅលក្ខិណា និង ហ៊ាន សុជាតា

XS
SM
MD
LG