ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កិច្ច​ពិភាក្សា​របស់​លោក​អូបាម៉ា​និង​អាស៊ាន​ផ្តោត​លើ​ភាព​តានតឹង​នៅ​សមុទ្រ​ចិន​ខាង​ត្បូង


លោក​ប្រធានាធិបតី​បារ៉ាក់​ អូបាម៉ា (កណ្តាល) លើកដៃ​ក្នុង​ពេល​ថតរូប​រួម​គ្នា​ជាមួយ​មេដឹកនាំ​អាស៊ាន កាល​ពីថ្ងៃទី​១៦ ខែ​កុម្ភៈ ឆ្នាំ២០១៦ នៅ​ Sunnylands។
លោក​ប្រធានាធិបតី​បារ៉ាក់​ អូបាម៉ា (កណ្តាល) លើកដៃ​ក្នុង​ពេល​ថតរូប​រួម​គ្នា​ជាមួយ​មេដឹកនាំ​អាស៊ាន កាល​ពីថ្ងៃទី​១៦ ខែ​កុម្ភៈ ឆ្នាំ២០១៦ នៅ​ Sunnylands។

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​បារ៉ាក់ អូបាម៉ា ​បាន​អំពាវនាវ​ឲ្យ​មាន​វិធានការ ជាក់​ស្តែងដើម្បី​បន្ធូរ​បន្ថយ​ភាព​តាន​តឹង​ពី​ជម្លោះ​ទឹកដី​ដែល​កំពុង​បន្ត​មាន​ឡើង​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

នៅ​ថ្ងៃ​បញ្ចប់​នៃ​ការ​ចរចា​ជាមួយ​មេដឹកនាំអាស៊ី​អាគ្នេយ៍​នៅ​ឯសន្និសីទ​កំពូល​សន្តិសុខ​និង​សេដ្ឋ​កិច្ច​នៅ​ក្នុង​រដ្ឋ​ California ​លោក​ប្រធានា​ធិបតី​ អូបាម៉ា ​បាន​មាន​ប្រសាសន៍​ថា ​ពួក​មេដឹកនាំបាន​បញ្ជាក់​ថា ​ជម្លោះ​នោះ​ត្រូវ​តែ​ដោះ​ស្រាយ​ដោយ​សន្តិវិធី​ហើយ​តាម​រយៈ​មធ្យោបាយ​ផ្លូវ​ច្បាប់។

លោក​ប្រធានា​ធិបតី ​អូបាម៉ា ​បាន​មាន​ប្រសាសន៍​ថា៖ «សហរដ្ឋ​អាមេរិកនិង​សមាគម​អាស៊ាន ​កំពុង​បញ្ជាក់​ឡើង​វិញ​ពី​ការ​តាំង​ចិត្ត​ដ៏​ខ្លាំង​របស់​យើង​ដល់​សណ្តាប់​ធ្នាប់​ក្នុង​តំបន់​ដែល​នៅ​ទី​នោះ​ច្បាប់​អន្តរជាតិ​ហើយ​និង​សិទ្ធិ​របស់​ប្រទេស​ទាំងអស់​ ទាំង​តូច​ទាំង​ធំ ត្រូវ​បាន​ធ្វើ​តាម‍»។

លោក​ប្រធានា​ធិបតី​ក៏​បាន​អំពាវនាវ​ឲ្យ​បញ្ឈប់​ការ​វាទ​ទី​ទឹក​ដី​បន្ត​ទៀត ​ដែល​និយាយ​សំដៅ​ដល់​ការ​ខំ​ប្រឹងប្រែង​ដ៏​ខ្លាំង​ក្លារបស់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ដែល​ការពារ​ការ​ទាម​ទារ​ទឹក​ដី​មាន​ជម្លោះ​តាម​រយៈ​ការ​ស្ថាបនា​កោះ​ថ្មី។

ជំនួប​នៅ Sunnylands មាន​គោល​បំណង​ជំរុញ​ភាព​ជា​សហគ្រិន​ហើយ​និង​ការ​បញ្ចូល​របៀប​ថ្មី​ដើម្បី​ទាក់​ទាញ​ពាណិជ្ជកម្ម​និង​ការ​វិនិយោគទុន។​ លោក​ប្រធានា​ធិបតីបាន​មាន​ប្រសាសន៍​ទៀត​ថា ​មានការ​គាំទ្រ​យ៉ាង​ខ្លាំង​ក្លា​ក្នុង​ចំណោម​ប្រទេស​នានា​នៅ​ក្នុង​សមាគម​អាស៊ាន​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​នីតិ​រដ្ឋ ​ការការពារ​ទ្រព្យ​សម្បត្តិ​កម្មសិទ្ធិ​បញ្ញា​ហើយ​និង​ការ​វិនិយោគ​ទុន​ក្នុង​វិស័យ​អប់រំ។​ ទោះ​ជាយ៉ាង​ណាក៏ដោយ ​លោក​ប្រធានា​ធិបតី ​ក៏​បាន​អំពាវនាវ​ឲ្យ​មានការ​គ្រប់​គ្រង​តាម​បែប​ស៊ីវិល​វិញ​នៅ​ក្នុង​ប្រទេស​ថៃ ​ហើយថា​សហរដ្ឋ​អាមេរិកនឹង​បន្ត​គាំទ្រ​ប្រជា​ពលរដ្ឋ​នៅ​ទូទាំង​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​ធ្វើ​ការ​ដើម្បី​លើក​ស្ទួយ​នីតិរដ្ឋ​ហើយ​និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សិទ្ធិ​មនុស្ស។

លោក​ប្រធានា​ធិបតី ​អូបាម៉ា ​កំពុង​ស្វះ​ស្វែងអភិវឌ្ឍ​តួនាទី​ដឹកនាំ​ជាមួយ​សមាគម​អាស៊ាន ​ដែល​សេតវិមាន ​មើលឃើញ​ថា​ជា​គន្លឹះ​មួយ​ធ្វើ​ឲ្យសហរដ្ឋ​អាមេរិកមាន​តុល្យភាព​ឡើង​វិញ​នៅ​តំបន់​អាស៊ី​និង​មហាសមុទ្រ​ប៉ាស៊ី​ហ្វិក៕

XS
SM
MD
LG