សហរដ្ឋអាមេរិក និងមេដឹកនាំនៃបណ្ដាប្រទេសសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ហៅកាត់ថា អាស៊ាន) និយាយថា គេត្រូវចាត់វិធានការដើម្បីបន្ធូរបន្ថយភាពតានតឹងនៅក្នុងសមុទ្រចិនខាងត្បូង។ ជម្លោះដែនដីក្នុងតំបន់មួយនេះបានគ្របដណ្ដប់ការពិភាក្សាទាំងឡាយនៅក្នុងអំឡុងកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រមួយ ដែលត្រូវរៀបចំឡើងដោយលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា នៅទីរមណីយដ្ឋាន Sunnylands ឯទីក្រុង Rancho Mirage រដ្ឋកាលីហ្វ័រញ៉ា។
លោកប្រធានាធិបតី អូបាម៉ា និងមេដឹកនាំអាស៊ានបានបញ្ចប់កិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃ ដោយមានការប្ដេជ្ញាចិត្តថា នឹងធ្វើការរួមគ្នាលើបញ្ហាជាច្រើន រួមទាំងបញ្ហាជម្លោះទឹកដីនៅក្នុងសមុទ្រចិនខាងត្បូង ដែលនៅទីនោះ សហរដ្ឋអាមេរិកបានបន្ទោសប្រទេសចិនចំពោះការកើនឡើងនៃភាពតានតឹង។
លោកប្រធានាធិបតី អូបាម៉ា បានថ្លែងថា៖«យើងបានពិភាក្សាអំពីតម្រូវការឲ្យមានជំហានជាក់លាក់ ដែលអាចសម្រេចបានជាក់ស្ដែងនៅក្នុងសមុទ្រចិនខាងត្បូង ដើម្បីបន្ថយភាពតានតឹង រួមទាំងការបញ្ឈប់ការវាទទីបន្ថែម ការស្ថាបនា និងការពង្រីកសកម្មភាពយោធានៅតំបន់ដែលមានជម្លោះ។ សេរីភាពនាវាចរណ៍ត្រូវតែប្រកាន់ខ្ជាប់ ហើយពាណិជ្ជកម្មស្របច្បាប់មិនគួរត្រូវរារាំងទេ»។
លោក អូបាម៉ា បានបញ្ជាក់យ៉ាងច្បាស់ថា សហរដ្ឋអាមេរិកនឹងបន្តសមយុទ្ធអំពីសេរីភាពនាវាចរណ៍នៅតំបន់សមុទ្រនោះ និងជួយសម្ព័ន្ធមិត្តអាស៊ាន ឲ្យបង្កើនសមត្ថភាពការពារដែនសមុទ្ររបស់ខ្លួន។ ក្រុមប្រទេសទាំងនេះបានផ្សាយគោលការណ៍ជាច្រើនចំណុច ដែលពួកគេថា នឹងជួយតម្រែតម្រង់ទិសដៅនៃសមាគមអាស៊ានទៅថ្ងៃអនាគត។
ពួកគេបានអំពាវនាវឲ្យមានសហប្រតិបត្តិការច្រើនជាងមុនខាងពាណិជ្ជកម្ម និងជំនួញ ដោយអនុញ្ញាតឲ្យក្រុមហ៊ុនអាមេរិកាំងចាប់យកឱកាសពីកំណើននៃសហគ្រិនភាព និងគំនិតច្នៃប្រឌិតនៅក្នុងប្រទេសអាស៊ាន។
ពួកគេបានយល់ស្របគ្នាចំពោះភាពចាំបាច់ក្នុងការការពារកម្មសិទ្ធិ បញ្ហាសេរីភាពចែករំលែកព័ត៌មាន និងតម្លាភាព។
លោក អូបាម៉ា ក៏បានសម្ដែងការគាំទ្ររបស់អាមេរិកចំពោះសង្គមស៊ីវិល។
«ខ្ញុំបានបញ្ជាក់ច្បាស់ថា សហរដ្ឋអាមេរិកនឹងបន្តគាំទ្រដល់អ្នកគ្រប់គ្នានៅទូទាំងអាស៊ីអាគ្នេយ៍ ដែលធ្វើកិច្ចការដើម្បីពង្រឹងនីតិរដ្ឋ អភិបាលកិច្ចល្អ ស្ថាប័នប្រកបដោយការទទួលខុសត្រូវ និងសិទ្ធិមនុស្សជាសាកលរបស់មនុស្សទាំងអស់»។
គោលនយោបាយរបស់លោក អូបាម៉ា ដើម្បីធ្វើឲ្យមានតុល្យភាពអំណាចនៅតំបន់អាស៊ី ដែលគេហៅជាភាសាអង់គ្លេសថា Rebalance អាស្រ័យខ្លាំងលើជោគជ័យរបស់អាស៊ានដែលអាចក្លាយខ្លួនជាវេទិកាកណ្ដាលមួយ ដែលរដ្ឋជាសមាជិកអាចទាញយកបាននូវប្រយោជន៍ជាតិ ដោយស្របច្បាប់ និងសន្តិវិធី។
«នៅពេលដែលអាស៊ានថ្លែងដោយសំឡេងតែមួយ និងច្បាស់លាស់ អាស៊ានអាចជួយបង្កើនសន្តិសុខ ឱកាស និងសេចក្ដីថ្លៃថ្នូររបស់មនុស្ស មិនត្រឹមតែសម្រាប់មនុស្សទាំង៦០០លាននាក់នៅទូទាំងអាស៊ានប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់មនុស្សនៅទូទាំងអាស៊ីប៉ាស៊ីហ្វិក និងទូទាំងពិភពលោកផងដែរ»។
លោក អូបាម៉ា គ្រោងនឹងធ្វើទស្សនកិច្ចនៅតំបន់នេះចំនួន២ដងទៀតក្នុងអំឡុងឆ្នាំចុងក្រោយនៃអាណត្តិប្រធានាធិបតីរបស់លោក។
លោកប្រាថ្នាចង់ផ្ញើសារដល់រដ្ឋាភិបាលអាមេរិកក្រោយទៀតថា សហរដ្ឋអាមេរិកត្រូវតែបន្តសកម្មភាពទំនាក់ទំនងកម្រិតមេដឹកនាំ ដើម្បីធានានូវអនាគតសន្តិសុខ និងវិបុលភាពរបស់អាមេរិក៕