សេតវិមានបានឲ្យដឹងថាលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា នឹងពង្រីកដែនការពារជាតិនៅឯកោះហាវ៉ៃ ដើម្បីបង្កើតតំបន់ការពារតំបន់សមុទ្រធំបំផុតមួយនៅពិភពលោក។
យោងតាមសេចក្តីប្រកាសរបស់លោកអូបាម៉ាបានឲ្យដឹងថា តំបន់នោះនឹងមានទំហំ៤ដងធំជាងអ្វីដែលអតីតប្រធានាធិបតីលោក George W. Bush បានផ្តួចផ្តើមបង្កើតឡើងកាលពីឆ្នាំ២០០៦។ ដែនការពារតំបន់សមុទ្រជាតិ Papahanaumokuakea នឹងមានទំហំ ១លាន៥សែន គីឡូម៉ែត្រការ៉េ ពីរដងធំជាងរដ្ឋ Texas។
លោកអូបាម៉ានឹងធ្វើដំណើរទៅកាន់ដែនការពារតំបន់សមុទ្រនោះនៅសប្តាហ៍ក្រោយ ដើម្បីមើល និងជ្រើសរើសទីតាំងដែលត្រូវការដើម្បីការពារដែនទឹក និងដែនដីសាធារណៈពីបញ្ហានៃការប្រែប្រួលអាកាសធាតុ។
នឹងមានការហាមប្រាមចំពោះការនេសាទធ្វើអាជីវកម្ម និងការរុករករ៉ែនៅទីតាំងនោះ។ ការស្ទួចត្រីកម្សាន្តនឹងត្រូវបានអនុញ្ញាតប្រសិនបើមានប័ណ្ណអនុញ្ញាតត្រឹមត្រូវ។ ក្រុមអ្នកនេសាទមួយចំនួនបានបង្ហាញការព្រួយបារម្ភរបស់ពួកគេចំពោះផលប៉ះពាល់នៃការពង្រីកដែនការពារតំបន់សមុទ្រទៅលើឧស្សាកម្មនេសាទរបស់ពួកគេ។
លោក Sean Martin ប្រធានសមាគមនេសាទនៅហាវ៉ៃ បានថ្លែងថាលោកមានការខកចិត្តដែលអភិបាលរដ្ឋ ហាវ៉ៃគឺលោក David Ige ដែលបានសម្រេចចិត្តគាំទ្រការពង្រីកដែនការពារនេះ។ លោកថ្លែងថា ការពង្រីកដែនការពារសមុទ្រនេះគឺជាហេតុផលនយោបាយ មិនមែនមកពីហេតុផលវិទ្យាសាស្ត្រនោះទេ៕