ក្រោយពីមានការតវ៉ាជាច្រើនធ្វើឡើងនៅទូទាំងសហរដ្ឋអាមេរិកទាក់ទិននឹងការស្លាប់របស់លោក George Floyd អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក បារ៉ាក់ អូបាម៉ា កាលពីសប្ដាហ៍មុន បានបង្ហាញសុទិដ្ឋិនិយមថា សហរដ្ឋអាមេរិកនឹងមានភាពប្រសើរជាងមុន ដោយសារយុវជនបានចូលរួមគិតគូរអំពីបញ្ហានានា ដែលជំរុញឲ្យមានការតវ៉ាតាមដងផ្លូវទាំងនេះ។
អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក បារ៉ាក់ អូបាម៉ា បាននិយាយថា លោកមានសុទិដ្ឋិនិយមថា សហរដ្ឋអាមេរិក «នឹងប្រសើរឡើង» ព្រោះយុវជនចូលរួមខ្វាយខ្វល់អំពីបញ្ហានានាដែលបង្កឲ្យមានការតវ៉ាតាមដងផ្លូវ។
លោក អូបាម៉ា មិនបាននិយាយចំឈ្មោះនរណាម្នាក់នោះទេ រួមទាំងឈ្មោះរបស់លោកប្រធានាធិបតី Donald Trump ផងដែរ នៅក្នុងពេលលោកបង្ហាញខ្លួនរយៈពេលខ្លីក្នុងសន្និសីទអនឡាញមួយកាលពីថ្ងៃពុធសប្ដាហ៍មុន។ សន្និសីទនេះឧបត្តម្ភដោយមូលនិធិ Brother's Keeper Alliance ដែលបង្កើតឡើងដោយលោកអូបាម៉ាផ្ទាល់។
ប៉ុន្តែលោក អូបាម៉ា បានថ្លែងថា វាគឺជាពេលដែលត្រូវបង្ហាញពីបញ្ហា និង «ធ្វើឲ្យអ្នកកាន់អំណាចនៅមិនសុខ»។
លោកបាននិយាយថា លោកចង់ឲ្យអ្នកដែលគិតថាខ្លួនជាគោលដៅរបស់ប៉ូលិស និងអ្នកផ្សេងទៀតដោយសារតែបញ្ហាពូជសាសន៍ ដឹងថាជីវិត និងក្ដីសុបិនរបស់ពួកគេសំខាន់។ លោក អូប៉ាម៉ា បាននិយាយថា ពួកគេ គួរតែអាចដើរតាមផ្លូវ ចូលក្នុងហាង ឬទៅមើលបក្សាបក្សីក្នុងឧទ្យាន ដោយមិនចាំបាច់មានការព្រួយបារម្ភអ្វីទាំងអស់។
លោក អូបាម៉ា ក៏បានកត់សម្គាល់ផងដែរថា អ្នកដែលធ្វើការក្នុងផ្នែកអនុវត្តច្បាប់ គឺមានកិច្ចការដ៏លំបាកមួយ ហើយមនុស្សជាច្រើនមានការខឹងសម្បារយ៉ាងខ្លាំងចំពោះទង្វើឃោរឃៅរបស់ប៉ូលិសមួយចំនួន។
លោកបានបន្ថែមថា មន្ត្រីប៉ូលិសភាគច្រើនគឺត្រៀមលក្ខណៈការពារ និងបំពេញកាតព្វកិច្ចរបស់ខ្លួន និងជា «ផ្នែកដ៏សំខាន់បំផុតមួយ» នៃការពិភាក្សាស្វែងរកដំណោះស្រាយ៕
ប្រែសម្រួលដោយ សឿន វឌ្ឍនា