ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​អាមេរិក​ថា លោក​គិត​ថា​នឹង​មិន​មាន​ការ​ស៊ើប​អង្កេត​លើ​លោក Obama នោះ​ទេ


រូបឯកសារ៖ លោក William Barr រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិក ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅសេតវិមាន កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២០។
រូបឯកសារ៖ លោក William Barr រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិក ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅសេតវិមាន កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២០។

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក​លោក William Barr កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ បាន​ច្រានចោល​ការ​ស្នើ​របស់​លោក​ប្រធានាធិបតី Donald Trump ដែល​ចង់​ឲ្យ​ក្រសួង​យុត្តិធម៌​បើក​ការ​ស៊ើប​អង្កេត​លើ​លោក​អតីត​ប្រធានាធិបតី Barack Obama។

លោក Barr បាន​និយាយ​ថា លោក​គិត​ថា ក្រសួង​យុត្តិធម៌​នឹង​មិន​បើក​ការ​ស៊ើប​អង្កេត​លើ​លោក Obama ឬ​ក៏​លោក​អតីត​អនុ​ប្រធានាធិបតី Joe Biden ទាក់ទិន​នឹង​ករណី​ស៊ើប​អង្កេត​រឿង​រុស្ស៊ី​នោះ​ទេ។

ប៉ុន្តែ​លោក Barr បាន​អះអាង​ថា ការ​ស៊ើប​អង្កេត​របស់​ក្រសួង​យុត្តិធម៌​លើ​សំណុំរឿង​ដែល​ថា រុស្ស៊ី​បាន​ជ្រៀតជ្រែក​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ឆ្នាំ ២០១៦ ដើម្បី​ជួយ​លោក Trump ឲ្យ​យក​ឈ្នះ​លើ​អ្នកស្រី Hillary Clinton នោះ គឺ​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​បំពាន​ដែល​ធ្វើ​ឡើង​ដោយ​ទីភ្នាក់ងារ​អនុវត្ត​ច្បាប់ និង​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ នៅ​ក្នុង​រដ្ឋបាល​របស់​លោក Obama។

ប៉ុន្តែ ដោយ​យោង​ទៅ​លើ​ការ​សម្រេច​របស់​តុលាការ​កំពូល​ កាល​ពី​ពេល​ថ្មីៗ​នេះ​ ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ Bridgegate លោក Barr បាន​និយាយ​ថា មិន​មែន​រាល់​ការ​រំលោភ​អំណាច​ទាំង​អស់​ គឺ​ជា​ឧក្រិដ្ឋកម្ម​សហព័ន្ធ​នោះ​ទេ។

លោក Barr បាន​លើក​ឡើង​ដូច្នេះ ​ដើម្បី​ជា​ការ​ឆ្លើយតប​ទៅ​នឹង​សំណួរ​អំពី​ការ​ស្នើ​របស់​លោក Trump ដែល​ចង់​ឲ្យ​ក្រសួង​យុត្តិធម៌ និង​សភា​បើក​ការ​ស៊ើប​អង្កេត​លើ​លោក Obama ទាក់ទិន​នឹង​ការ​ចោទ​ប្រកាន់​ថា ​លោក Obama ចង់​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​លើ​កិច្ច​សន្ទនា​រវាង​លោក Michael Flynn ដែល​នៅ​ពេល​នោះ​ជា​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​លោក Trump ជាមួយ​នឹង​ឯក​អគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន នៅ​ក្រោយ​ពី​ពេល​ដែល​លោក Trump ទើប​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី ​នៅ​ខែ​មករា ឆ្នាំ ២០១៧៕

XS
SM
MD
LG