អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា បានថ្លែងសុន្ទរកថាតាមអនឡាញក្នុងពិធីចែកសញ្ញាបត្រចំនួនពីរកាលពីថ្ងៃសៅរ៍។ សុន្ទរកថាមួយថ្លែងទៅកាន់និស្សិតបញ្ចប់ការសិក្សាឆ្នាំ ២០២០ នេះ នៅតាមសាកលវិទ្យាល័យនានាដែលផ្ដោតលើនិស្សិតស្បែកខ្មៅ ដែលគេស្គាល់ថា HBCUs និងសុន្ទរកថាមួយទៀតថ្លែងទៅកាន់សិស្សានុសិស្សដែលបញ្ចប់កម្រិតសិក្សាទុតិយភូមិ។
ព្រឹត្តិការណ៍ទាំងពីរនេះបានប្រព្រឹត្តទៅតាមអនឡាញដោយសារតែការបិទសកម្មភាពសេដ្ឋកិច្ចនៅក្នុងសង្គម ដែលបណ្ដាលមកពីជំងឺរាតត្បាតជាសាកលកូវីដ១៩។
ក្រៅពីថ្លែងសុន្ទរកថាទូទៅក្នុងពិធីចែកសញ្ញាបត្រនោះ លោក អូបាម៉ា ក៏បាននិយាយរិះគន់ថ្នាក់ដឹកនាំសហរដ្ឋអាមេរិកផងដែរ ដែលនេះគឺជាអ្វីដែលលោកតែងតែជៀសមិននិយាយ។
លោក អូបាម៉ា បាននិយាយអំពីជំងឺរាតត្បាតជាសាកលកូវីដ១៩ និងពីរបៀបដែលជំងឺនេះបានលាតត្រដាងពីវិសមភាពនៅក្នុងសហរដ្ឋអាមេរិក។ លោកក៏បាននិយាយរិះគន់ពីរបៀបដែលមេដឹកនាំសហរដ្ឋអាមេរិកដោះស្រាយវិបត្តិសុខភាពសាកលលោកនេះផងដែរ ប៉ុន្តែលោកមិនបានបញ្ជាក់ឈ្មោះរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ទេ។
លោក អូបាម៉ា បានថ្លែងទៅកាន់សិស្សនិស្សិតដែលបញ្ចប់ការសិក្សាថា៖ «អ្នកនឹងវិវត្តលឿនជាងមនុស្សក្នុងជំនាន់ខ្លះ។ ជំងឺរាតត្បាតជាសាកលនេះធ្វើឲ្យរង្គោះរង្គើដល់ស្ថានភាពបច្ចុប្បន្ន និងបានលាតត្រដាងនូវបញ្ហាដែលបានចាក់ស្រេះជាច្រើននៅក្នុងប្រទេសរបស់យើង ដែលមានតាំងពីវិសមភាពសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរនិងការរើសអើងពណ៌សម្បុរ រហូតដល់បញ្ហាកង្វះការថែទាំសុខភាពមូលដ្ឋានសម្រាប់អ្នកដែលត្រូវការ។ វាធ្វើឲ្យមនុស្សវ័យក្មេងជាច្រើនដឹងនូវការពិតដែលថា វិធីចាស់ៗក្នុងការធ្វើរឿងអ្វីមួយមិនមានប្រសិទ្ធភាពទៀតទេ មិនថាអ្នករកប្រាក់បានច្រើនប៉ុណ្ណាឡើយ ប្រសិនបើអ្នកគ្រប់គ្នានៅជុំវិញខ្លួនអ្នកអត់ឃ្លាននិងឈឺនោះ។ សង្គម និងប្រជាធិបតេយ្យរបស់យើងដំណើរការ នៅពេលដែលយើងមិនគិតតែពីខ្លួនឯង ហើយគិតពីគ្នាទៅវិញទៅមក»។
លោកបានបន្ថែមទៀតថា ជំងឺរាតត្បាតជាសាកលកូវីដ១៩នេះបាន «បើកវាំងនន» បង្ហាញឲ្យឃើញនូវ «ការពិតដែលពិបាកទទួលយកបាន» ដែលលោកបានថ្លែងថា «គឺជាអ្វីដែលយើងទាំងអស់គ្នាត្រូវទទួលយកនៅទីបំផុត នៅពេលដែលកុមារភាពរបស់យើងបានបញ្ចប់។ មនុស្សធំដែលអ្នកធ្លាប់តែគិតថាជាអ្នកគ្រប់គ្រង និងជាអ្នកដែលដឹងពីអ្វីដែលពួកគេបានធ្វើ តាមពិតពួកគេមិនដឹងគ្រប់រឿងនោះទេ។ ពួកគេជាច្រើននាក់មិនទាំងចេះសួរសំណួរឲ្យបានត្រឹមត្រូវផង។ ដូច្នេះមានតែអ្នកទាំងអស់គ្នាហើយ ដែលអាចធ្វើឲ្យពិភពលោកនេះប្រសើរជាងមុនបាន»៕