លោកប្រធានាធិបតីស.រ.អា បារ៉ាក់ អូបាម៉ា បានស្ថិតនៅក្នុងប្រទេសអាល្លឺម់ង់ដើម្បីចូលរួមសន្និសីទកំពូល ដែលមានរយៈពេល២ថ្ងៃរបស់ក្រុមប្រទេស G 7 ដែលមានឧស្សាហកម្មជឿនលឿនជាងគេរបស់ប្រទេសទាំង៧នៅលើពិភពលោក។
លោកប្រធានាធិបតី បានបង្ហាញខ្លួននៅកណ្តាលវាលជាមួយលោកស្រីអធិការបតីអាល្លឺម៉ង់ Angel Merkel នៅក្រោមមេឃពោរពេញទៅដោយកម្តៅព្រះអាទិត្យនៅឯទីលំហែកាយភូមិ Bavarian ដែលនៅទីនោះ ជនជាតិអាល្លឺម៉ង់ ភាគច្រើនស្លៀកសំលៀកបំពាក់ប្រពៃណី អាល្លឺម៉ង់ ដើម្បីស្តាប់កំណត់សម្គាល់ពីមេដឹកនាំទាំង២។
លោកអូបាម៉ា បានមានប្រសាសន៍ថា លោក រំពឹងនឹងពិភាក្សាជាមួយសមភាគីអាល្លឺម៉ង់ដើម្បីចែករំលែកគ្នាពីអនាគតស.រ.អា និងអាល្លឺម៉ង់ រួមមានការសាមគ្គីគ្នាដើម្បីទប់ទល់ភាពគឃ្លើនរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។
លោកស្រីអធិការបតី Merkel បានហៅស.រ.អាថា មិត្ត និងដៃគូរបស់យើង។ ពាណិជ្ជកម្មជា របៀបវារៈផ្លូវការនៃជំនួបនោះ ក៏ប៉ុន្តែក្រុមមេដឹកនាំពិភពលោក កំពុងប្រឈមបញ្ហាលំបាកៗមួយចំនួន ដែលនឹងលើយកមកពិភាក្សានៅឯកន្លែងលំហែកាយ Alpineផងដែរ។
លោកអូបាម៉ា និងលោកស្រីMerkel កំពុងប្រើប្រាស់ឱកាសដើម្បីផ្សះផ្សារចំណងទាក់ទងដែលមានជម្លោះ បន្ទាប់ពីការបញ្ចេញឯកសារការលួចស្តាប់ទូរស័ព្ទដៃរបស់លោកស្រី Markel ដោយទីភ្នាក់ងារសន្តិសុខជាតិ។ របាយការណ៍កាលពីពេលថ្មីនេះ បង្ហាញឲ្យដឹងថា អាល្លឺម៉ង់អាចជួយអាមេរិកដើម្បីស៊ើបការណ៍លើក្រុមហ៊ុនអឺរ៉ុប និងក្រុមមន្រ្តី៕