ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​អូបាម៉ា​បង្កើត​រឿង​ប្រវត្តិសាស្រ្ត​និង​ប្រឈម​នឹង​អតីតកាល​នៅ​​ក្នុង​ទីក្រុង Hiroshima


លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា ថ្លែង​នៅ​ក្បែរ​លោក Shinzo Abe នាយក​រដ្ឋ​មន្រ្តី​ជប៉ុន​ នៅ​វិមាន​គោរព​វិញ្ញាណក្ខន្ធ Hiroshima Peace Memorial Park នៅ​ក្នុង​ក្រុង Hiroshima ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី២៧​ ខែឧសភា ឆ្នាំ២០១៦។
លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា ថ្លែង​នៅ​ក្បែរ​លោក Shinzo Abe នាយក​រដ្ឋ​មន្រ្តី​ជប៉ុន​ នៅ​វិមាន​គោរព​វិញ្ញាណក្ខន្ធ Hiroshima Peace Memorial Park នៅ​ក្នុង​ក្រុង Hiroshima ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី២៧​ ខែឧសភា ឆ្នាំ២០១៦។

នៅ​ក្នុង​ការ​គោរព​វិញ្ញាណក្ខន្ធ​របស់​ជនរងគ្រោះ​ដែល​បាន​បាត់បង់ជីវិត​ដោយសារ​តែ​ការ​ទម្លាក់​គ្រាប់បែក​បរមាណូ​របស់​អាមេរិក​នៅ​ក្នុង​ទីក្រុង ហ៊ីរ៉ូស៊ីម៉ា កាល​ពី​៧​ទសវត្សរ៍​មុន លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា បាន​មាន​ប្រសាសន៍​ថា ពិភពលោក​មាន​ការ​ទទួល​ខុស​ត្រូវ​រួម​គ្នា​មួយ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ហេតុការណ៍​ដែល​បាន​កើតឡើង​ក្នុង​ទីក្រុង​មួយ​នេះ​នៃ​ប្រទេស​ជប៉ុន​កើតឡើង​ជា​ថ្មី​ម្តង​ទៀត​បាន។

លោក អូបាម៉ា បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​សុក្រ​ នៅ​ឯ​សួន​រំឭក​វិញ្ញាណក្ខន្ធ​សន្តិភាព​ក្នុង​ទីក្រុង ហ៊ីរ៉ូស៊ីម៉ា យ៉ាង​ដូច្នេះ​ថា៖ «យើង​ឈរ​នៅ​ទីនេះ នៅកណ្ដាល​ទីក្រុង​នេះ និងស្រមើស្រមៃ​អំពី​ព្រឹត្តិការណ៍​ដែល​បាន​កើតឡើង នៅ​ពេល​ដែល​គ្រាប់បែក​បរមាណូ​ត្រូវ​បាន​ទម្លាក់​ចុះ​មក។ យើង​សាក​ដាក់​អារម្មណ៍របស់​យើង​ទៅ​ក្នុង​កុមារ​តូចៗ​ដែល​កំពុង​តែ​មាន​អារម្មណ៍​ច្របូកច្របល់ ចំពោះ​អ្វី​ដែល​ពួកគេ​បាន​មើល​ឃើញ។ យើង​សាក​ស្តាប់​ការទួញសោក​ដែល​មិន​មាន​សម្លេង។ យើង​ចងចាំ​រាល់​ជន​ស្លូត​ត្រង់​ដែល​គ្មាន​កំហុស​ទាល់តែសោះ​នេះ ត្រូវ​បាន​គេ​សម្លាប់​យ៉ាង​ច្រើន​នៅ​ក្នុង​សង្គ្រាម​ដ៏​អាក្រក់​នេះ និង​សង្គ្រាម​ដែល​បាន​កើតឡើង​ពី​មុន និង​សង្គ្រាម​ដែល​នឹង​កើតឡើង​បន្ទាប់​ទៀត»។ ​

លោក​ប្រធានាធិបតី អូបាម៉ា និង​លោក​នាយករដ្ឋមន្រ្តី​ជប៉ុន Shinzo Abe បាន​បង្កើត​ប្រវត្តិសាស្រ្ត តាមរយៈ​ការដើរ​ឆ្លង​កាត់​សួន​រំលឹក​វិញ្ញាក្ខន្ធ​នេះ​ជាមួយ​នឹង​គ្នា។ យន្តហោះ​ចម្បាំង​របស់​អាមេរិក​មួយ​គ្រឿង​បាន​ទម្លាក់​គ្រាប់បែក​បរមាណូ​ដំបូង​បង្អស់​របស់​ពិភពលោក​ទៅ​លើ​ទីក្រុង ហ៊ីរ៉ូស៊ីម៉ា កាល​ពី​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ​១៩៤៥ ក្នុង​អំឡុង​ពេល​នៃ​សង្គ្រាម​លោក​លើក​ទី​២ ដែល​បាន​សម្លាប់​មនុស្ស​អស់​រាប់​ម៉ឺន​នាក់​និង​ដែល​អាច​ធ្វើ​ឲ្យ​មនុស្ស​ដែល​កើត​ជំនាន់​ក្រោយ​មាន​ជំងឺ ដោយសារ​តែ​សារធាតុ​វិទ្យុ​សកម្ម​ថែម​ទៀត​ផង។​

លោក Obama ជា​ប្រធានាធិបតី​អាមេរិក​ទី​មួយ​ក្នុង​អាណត្តិ​របស់​លោក​ដែល​បាន​ទៅ​កាន់​ទីក្រុង​នេះ

មេដឹកនាំ​អាមេរិក​រូប​នេះ បាន​មាន​ប្រសាសន៍​បន្ទាប់​ពី​រូប​លោក និង​លោក Abe បាន​ដាក់​កម្រង​ផ្កា​នៅ​ឯ​សួន​រំលឹក​វិញ្ញាណក្ខន្ធ​សន្តិភាព​ថា «យើង​មក​ទីនេះ​ដើម្បី​ចូល​រួម​រំលែក​ទុក្ខ​ដល់​អ្នក​ស្លាប់»។ លោក អូបាម៉ា បាន​មាន​ប្រសាសន៍​ដោយ​ទឹកមុខ​មាំ​ថា៖ «យើង​មាន​ការទទួល​ខុសត្រូវ​រួមគ្នា​ក្នុង​ការ​ក្រឡេក​មើល​ទៅ​ប្រវត្តិសាស្រ្ត​នេះ។ យើង​ត្រូវ​តែ​សួរ​ថា តើ​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ខុសពី​នេះ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ទុក្ខវេទនា​នេះ​កើតឡើង​ម្តង​ទៀត។ យើង​ត្រូវ​តែ​ស្រមើស្រមៃ​ឡើងវិញ​អំពី​ទំនាក់ទំនង​របស់​យើង​រវាង​គ្នា​និង​គ្នា ក្នុង​នាម​ជា​មនុស្សជាតិ»។

លោក Obama ក៏​បាន​អំពាវនាវ​ឲ្យ​មាន​ការភ្ញាក់រំលឹក​ចំពោះ​អាវុធ​នុយក្លេអ៊ែរ​ផង​ដែរ

លោក Obama បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា៖ «ពិភពលោក​បាន​ផ្លាស់ប្ដូរ​ទាំងស្រុង​នៅ​ទីនេះ។ ប៉ុន្តែ​ថ្ងៃ​នេះ ក្មេងៗ​នៅ​ក្នុង​ទីក្រុង​នេះ​នឹង​ឆ្លង​ផុត​ថ្ងៃ​របស់​ពួកគេ​ដោយ​សន្តិភាព។ នេះ​ជា​រឿង​មួយ​ដ៏​មាន​តម្លៃ។ វា​ពិត​ជា​មាន​តម្លៃ​ណាស់​ក្នុង​ការការពារ​និង​ពង្រីក​ការការពារ​ដល់​កុមារ​គ្រប់​រូប។ នេះ​គឺ​ជា​អនាគត​ដែល​យើង​អាច​ជ្រើសរើស​បាន។ អនាគត​របស់​ទីក្រុង ហ៊ីរ៉ូស៊ីម៉ា និង​ទីក្រុង ណាហ្កាសាគី ត្រូវ​បាន​គេ​ដឹង​រួច​ទៅ​ហើយ មិន​ដូច​ជា​ស្រមោល​ខ្មៅ​នៃ​អាវុធ​បរមាណូ​នោះ​ទេ ប៉ុន្តែ​វា​ប្រៀប​ដូច​ជា​ការចាប់​ផ្តើម​ភ្ញាក់​រលឹក​របស់​យើងអីចឹង»។ ​

មេដឹកនាំ​ទាំង​ពីរ​នាក់​បាន​ឈរ​ទល់​មុខ​គ្នា​នៅ​ពី​មុខ​សួន​រំឭក​វិញ្ញាណក្ខន្ធ ដែល​មាន​រាង​កោង ដែល​ជា​និមិត្តសញ្ញា​នៃ​ចេតិយ​ទទេ។ ពាក្យ​ដែល​ឆ្លាក់​នៅ​ក្នុង​រចនាសម្ព័ន្ធ​នោះ​សរសេរ​ថា «សូម​ទៅ​កាន់​សុគតិភព ចំពោះ​កំហុស​ដែល​នឹង​មិន​កើត​ឡើង​ម្តង​ទៀត​ទេ»។

សួន​សន្តិភាព​របស់​ជប៉ុន​មួយ​នេះ​មិន​បាន​កំណត់​ឲ្យ​ច្បាស់​ថា តើ​កំហុស​នេះ​សំដៅ​ទៅ​លើ​ការទម្លាក់​គ្រាប់​បែក​របស់​អាមេរិក ឬ​ភាពគឃ្លើន​របស់​ជប៉ុន និង​សង្គ្រាម​ដែល​បាន​កើត​ឡើង​ចំពោះ​ពួកគេ​នោះ​ទេ។ នេះ​គឺ​ជា​សំណួរ​ដែល​ប្រទេស​នីមួយៗ​នៅ​តែ​ឆ្លើយ​ខុសៗ​គ្នា។ ​

ប៉ុន្តែ​ខណៈ​ដែល​មេដឹកនាំ​ទាំង​ពីរ​រូប​ដាក់​កម្រង​ផ្កា​នៅ​ចេតិយ​ដែល​ទទេ​នោះ ពួកគេ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា គោលបំណង​របស់​ពួកគេ​គឺ​មិន​មែន​ដើម្បី​ប្តឹង​ផ្តល់​រឿង​កាល​ពី​អតីតកាល​នោះ​ទេ ប៉ុន្តែ​គឺ​ដើម្បី​ធ្វើ​ឲ្យ​កាន់​តែ​ជា​សះស្បើយ និង​ដើម្បី​ចេញ​ការ​ព្រមានខ្លាំង​ក្លា​ទៅ​លើ​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​នៅ​ពេល​អនាគត។

បន្ទាប់​ពី​បញ្ចប់​សុន្ទរកថា​របស់​លោក​មក លោក​អូបាម៉ា​បាន​ស្វាគមន៍​រាក់ទាក់​អ្នករស់រាន​ជីវិត​ពី​ការទម្លាក់​គ្រាប់​បែក​នៅ​ទីក្រុង ហ៊ីរ៉ូស៊ីម៉ា ចំនួន​ពីរ​នាក់​ដែល​បាន​ចូល​រួម​នៅ​ក្នុង​ពិធី​នេះ ដែល​ម្នាក់​មាន​ឈ្មោះ​ថា Sunao Tsuboi វ័យ​៩១​ឆ្នាំ ជា​ប្រធាន​អង្គការ​អ្នក​រស់រាន​មាន​ជីវិត​ពី​ការទម្លាក់​គ្រាប់​បែក​នៅ​ក្នុង​ទីក្រុង ហ៊ីរ៉ូស៊ីម៉ា និង​ម្នាក់​ទៀត​មាន​ឈ្មោះ​ថា Shigeaki Mori ដែល​បាន​បង្កើត​ទី​រំឭក​វិញ្ញាណក្ខន្ធ​មួយ​សម្រាប់​អ្នកជាប់​ពន្ធនាគារ​ជនជាតិ​អាមេរិកាំង​នៅ​ក្នុង​សង្គ្រាម ដែល​ត្រូវ​បាន​គេ​សម្លាប់​នៅ​ក្នុង​ទីក្រុង ហ៊ីរ៉ូស៊ីម៉ា នោះ។​

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ បារ៉ាក់ អូបាម៉ា ឱប​លោក Shigeaki Mori ​អ្នក​រស់​រាន​មាន​ជីវិត​ពី​ការ​ទម្លាក់​គ្រាប់​បែក​បរមាណូ​ និង​ជា​អ្នក​បង្កើត​ទី​រំឭក​វិញ្ញាណក្ខន្ធ​មួយ​សម្រាប់​អ្នក​ជាប់​ពន្ធនាគារ​ជន​ជាតិ​អាមេរិកាំង​នៅ​ក្នុង​សង្គ្រាម ក្នុង​ពិធី​មួយ​នៅសួន​រំឭក​វិញ្ញាណក្ខន្ធ​សន្តិភាព​ក្រុង​ហ៊ីរ៉ូស៊ីម៉ា ភាគ​ខាង​លិច​ប្រទេស​ជប៉ុន ថ្ងៃ​សុក្រ ទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៦។ (Kimimasa Mayama/Pool Photo via AP)
លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ បារ៉ាក់ អូបាម៉ា ឱប​លោក Shigeaki Mori ​អ្នក​រស់​រាន​មាន​ជីវិត​ពី​ការ​ទម្លាក់​គ្រាប់​បែក​បរមាណូ​ និង​ជា​អ្នក​បង្កើត​ទី​រំឭក​វិញ្ញាណក្ខន្ធ​មួយ​សម្រាប់​អ្នក​ជាប់​ពន្ធនាគារ​ជន​ជាតិ​អាមេរិកាំង​នៅ​ក្នុង​សង្គ្រាម ក្នុង​ពិធី​មួយ​នៅសួន​រំឭក​វិញ្ញាណក្ខន្ធ​សន្តិភាព​ក្រុង​ហ៊ីរ៉ូស៊ីម៉ា ភាគ​ខាង​លិច​ប្រទេស​ជប៉ុន ថ្ងៃ​សុក្រ ទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៦។ (Kimimasa Mayama/Pool Photo via AP)

លោក Abe មិន​ស្វះស្វែង​រក​ការសុំ​អភ័យទោស​ពី​លោក អូបាម៉ា ចំពោះ​ការសម្រេច​របស់​អាមេរិក​ក្នុងការ​ទម្លាក់​គ្រាប់​បែក​បរមាណូ​ទៅ​លើ​ទីក្រុង ហ៊ីរ៉ូស៊ីម៉ា និង​ទីក្រុង ណាហ្កាសាគី​ទេ ហើយ​លោក​មិន​បាន​ទទួល​ការសុំ​អភ័យទោស​នោះ​ដែរ។ សូម្បី​តែប្រជាជន​ជប៉ុន ដែល​ជា​អ្នករស់រាន​មាន​ជីវិតពី​ការទម្លាក់​គ្រាប់​បែក​នេះ​បាន​និយាយ​ថា វា​គ្រប់គ្រាន់​សម្រាប់​ពួកគេ​ហើយ ចំពោះ​ការ​ដែល​នៅ​ទីបំផុត​មាន​ប្រធានាធិបតី​អាមេរិក​ម្នាក់​ដែល​នៅ​កាន់​អំណាច​បាន​មក​ទី​នេះ​នោះ។


អ្នកកាសែត​ជប៉ុន​មួយ​ចំនួន​បាន​ប្រាប់ VOA ថា ពួកគេ​មាន​អារម្មណ៍​ថា ខ្លួន​ជា​ជនរងគ្រោះ​នៅ​ក្នុង​ប្រទេស​ជប៉ុន ហើយ​វា​ត្រូវ​បាន​ឆ្លុះ​បញ្ចាំង​តាមរយៈ​ការតាំង​ពិពណ៌​ជាច្រើន​នៅ​ក្នុង​សារមន្ទីរ​រំឭក​វិញ្ញាណក្ខន្ធ​សន្តិភាព​ហ៊ីរ៉ូស៊ីម៉ា។

អាគារ​ធំ​ជាង​គេ​មួយ​នោះ​ដាក់​បង្ហាញ​របស់​របរ​របស់​ជនរងគ្រោះ ដោយ​រួម​មានប្រអប់​ដាក់​អាហារ​ពេល​ថ្ងៃ​ត្រង់​ដែល​ត្រូវ​បាន​ដុត និង​កង់​ដែល​មាន​កង់​បី​មួយ​ដែល​ក្មេង​ប្រុស​អាយុ​បី​ឆ្នាំ​ម្នាក់​កំពុង​ជិះ។ ការ​ស្ទង់​មតិ​ថ្មី​មួយ​របស់​កាសែត​ជប៉ុន​មួយ​បាន​រក​ឃើញ​ថា ៨៩ភាគរយ​នៃ​ជនជាតិ​ជប៉ុន​ដែល​បាន​ចូល​រួម​ក្នុង​ការស្ទង់​មតិ​នោះ​បាន​ឆ្លើយ​ថា ពួកគេ​គាំទ្រ​យ៉ាង​ខ្លាំង​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី អូបាម៉ា ទៅ​កាន់​ទីក្រុង ហ៊ីរ៉ូស៊ីម៉ា ដែល​នេះ​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​មុតមាំ​ដើម្បី​ឲ្យ​មាន​សន្តិភាព​និង​ដើម្បី​ទប់ស្កាត់​ការរីករាលដាល​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ។

មុន​ដំណើរ​ទស្សនកិច្ច​នេះ លោក Josh Earnest រដ្ឋមន្ត្រី​សារព័ត៌មាន​របស់​សេតវិមាន​បាន​មាន​ប្រសាសន៍​ថា៖ «អ្វី​ដែល​ខ្ញុំ​គិត​គឺ​ថា លោក​ប្រធានាធិបតី​ពិត​ជា​គោរព​ទៅ​តាម​អ្វី​ដែល​លោក​ប្រធានាធិបតី [Harry] Truman បាន​សម្រេចចិត្ត​សម្រាប់​បុព្វហេតុ​ដ៏​ត្រឹមត្រូវ»។ ប៉ុន្តែ​លោក Earnest ក៏​បាន​ថ្លែង​ថា សហរដ្ឋអាមេរិក​ពិត​ជា​មាន​ការទទួលខុសត្រូវ​ពិសេស​មួយ ក្នុង​នាម​ជា​ប្រទេស​តែ​មួយ​គត់​ដែល​ធ្លាប់​ប្រើប្រាស់​គ្រាប់បែក​បរមាណូ ដើម្បី​បេសកកម្ម​ទប់ស្កាត់​ការរីករាលដាល​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ។ ​

អស់​រយៈពេល​ជិត​៧១​ឆ្នាំ​មក​ហើយ ចាប់​តាំង​ពី​ពេល​ដែល​គ្រាប់​បែក​បរមាណូ​នោះ​បាន​ផ្ទុះ​ឡើង​ជា​រាង​ផ្សិត​នៅ​លើ​អាកាស​ក្នុង​ទីក្រុង ហ៊ីរ៉ូស៊ីម៉ា ហើយ​បី​ថ្ងៃ​ក្រោយ​មក បាន​កើត​ឡើង​នៅ​ក្នុង​ទីក្រុង​ណាហ្កាសាគី។ មនុស្ស​ប្រហែល​១៤០.០០០​នាក់​នៅ​ក្នុង​ទីក្រុង​ទាំង​ពីរ​នេះ បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​ក្នុង​ឆ្នាំ​តែ​មួយ​នោះ ហើយ​អ្នក​ដែល​នៅ​រស់រាន​មាន​ជីវិត​និង​កូនៗ​របស់​ពួកគេ បាន​ប្រឈម​នឹង​ទុក្ខវេទនា​ដែល​គេ​មិន​ដឹង ដោយសារ​តែ​សារធាតុ​វិទ្យុសកម្ម​ពុល។ ​


មូលហេតុ​ដែល​សហរដ្ឋអាមេរិក​បាន​សម្រេច​ធ្វើ​យ៉ាង​ដូច្នេះ គឺ​ដើម្បី​បញ្ចប់​ភាពគឃ្លើន​ដែល​មាន​រយៈពេល​រាប់​ឆ្នាំ​របស់​ជប៉ុន ដើម្បី​រក្សា​ជីវិត​មនុស្ស​ជាច្រើន​នាក់​ទៀត ដែល​អាច​នឹង​បាត់​បង់​នៅ​ក្នុង​ការឈ្លានពាន​របស់​អាមេរិក។ ប៉ុន្តែ​ប្រជាជន​ជប៉ុន​ជាច្រើន​យល់​ឃើញ​ខុស​ពី​នេះ ដោយ​និយាយ​ថា បុរស ស្ត្រី និង​ក្មេងៗ​ដែល​គ្មាន​កំហុស ត្រូវ​បាន​កម្ទេច​ទៅ​ជា​ផេះផង់​និង​ត្រូវ​បាន​បំពុល។


អតីត​យុទ្ធជន​និង​ជនជាតិ​អាមេរិកាំង​ជា​ច្រើន​នាក់​ជំទាស់​នឹង​ដំណើរ​ទស្សនកិច្ច​របស់​លោក អូបាម៉ា ទៅ​កាន់​ទីក្រុង ហ៊ីរ៉ូស៊ីម៉ា។


ការផ្សះផ្សា​ជាមួយ​នឹង​អតីត​សត្រូវ​នៅ​ក្នុង​សង្គ្រាម​ទាំង​ពីរ​នេះ ហាក់​ដូច​ជា​ចំណង​ធម្មតា​មួយ ដែល​ទំនង​នឹង​ក្លាយ​ជា​ដំណើរ​ទស្សនកិច្ច​ចុងក្រោយ​បង្អស់​របស់​លោក អូបាម៉ា ទៅ​កាន់​តំបន់​អាស៊ី​ក្នុង​នាម​ជា​ប្រធានាធិបតី។


នៅ​ប្រទេស​វៀតណាម ដែល​លោក​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​មុន​ពេល​ទៅ​កាន់​ប្រទេស​ជប៉ុន លោក​ប្រធានាធិបតី​បាន​ដក​ទណ្ឌកម្ម​គ្រឿង​សព្វាវុធ​ដែល​មាន​រយៈពេល​៥០​ឆ្នាំ និង​បាន​ផ្លាស់ប្ដូរ​បទពិសោធន៍​ផ្ទាល់​ខ្លួន​យ៉ាង​ទូលំទូលាយ​ជាមួយ​នឹងមេដឹកនាំ​វៀតណាម​វ័យក្មេង​នៅ​ក្នុង​វេទិកា​សាធារណៈ​មួយ ដោយ​លោក​បាន​ប្រាប់​ពួកគេ​ឲ្យ​ធ្វើ​អ្វី​ដែល​ពួកគេ​ចូលចិត្ត។


លោក អូបាម៉ា បាន​ត្រឡប់មក​កាន់​រដ្ឋធានី Washington វិញ​ហើយ៕

ប្រែ​សម្រួល​ដោយ ហុង ចិន្តា

XS
SM
MD
LG