នាយករដ្ឋមន្រ្តី Shinzo Abe នៃប្រទេសជប៉ុន បានប្រាប់លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា ពីការមិនសប្បាយចិត្តយ៉ាងខ្លាំងរបស់ប្រទេសលោកអំពីការសារភាពរបស់ទាហានជើងទឹកម្នាក់របស់សហរដ្ឋអាមេរិកទាក់ទិននៅក្នុងការសម្លាប់ស្រ្តីជាតិជប៉ុនម្នាក់ដែលមានអាយុ២០ឆ្នាំនៅខាងក្រៅបន្ទាយយោធាសហរដ្ឋអាមេរិកក្នុងទីក្រុងអូគីណាវ៉ា។
លោកនាយករដ្ឋមន្រ្តីជប៉ុន Abe បានប្រាប់សន្និសីទកាសែតបន្ទាប់ពីពិភាក្សាពីការសម្លាប់នោះជាមួយប្រធានាធិបតី អូបាម៉ា នៅក្នុងជំនួបទល់មុខគ្នាមុនសន្និសីទកំពូលរបស់ប្រទេសមានឧស្សាហកម្មជឿនលឿនជាងគេទាំង៧របស់ពិភពលោកហៅកាត់ថា G7 នៅទីក្រុង Ise Shima ថា «ខ្ញុំនិយាយមិនចេញទេ។ ប្រទេសជប៉ុនទាំងមូល មានការរន្ធត់យ៉ាងខ្លាំងពីឧបទ្ទវហេតុនៅពេលថ្មីៗនេះ»។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក អូបាម៉ា បានសម្តែងនូវការចូលរួមរំលែកទុក្ខហើយនិងការសោកស្តាយដ៏ខ្លាំងបំផុតពីឧបទ្ទវហេតុនៅកោះអូគីណាវ៉ានេះ។ សហរដ្ឋអាមេរិកមានការរន្ធត់ពីឧក្រិដ្ឋកម្មនេះដែលបានកើតមានឡើងឬបានត្រូវធ្វើឡើងដោយបុគ្គលិកឬអ្នកធ្វើការជាប់កិច្ចសន្យារបស់សហរដ្ឋអាមេរិក។ យើងចាត់ទុកការសម្លាប់នេះជាការមិនអាចដោះសារបាន។
មេដឹកនាំទាំង២ បានពិភាក្សាពីឧបទ្ទវហេតុនេះទើបតែប៉ុន្មានថ្ងៃបន្ទាប់ពីពួកអាជ្ញាធរជប៉ុន បានចាប់ខ្លួន Kenneth Franklin Shinzato អាយុ៣២ឆ្នាំជាអតីតទាហានជើងទឹកសហរដ្ឋអាមេរិកដែលពួកគេ បាននិយាយថា បានសារភាពពីការចាក់និងច្របាច់កស្រ្តីជាតិជប៉ុនឈ្មោះ Rina Shimabukuro ហើយបន្ទាប់មកបានទម្លាក់សពរបស់នាងនៅតំបន់ព្រៃជិតបន្ទាយអាមេរិកាំងដែលជននោះបានធ្វើការ។
លោកប្រធានាធិបតី អូបាម៉ា បានមានប្រសាសន៍ថា សហរដ្ឋអាមេរិក នឹងបន្តធ្វើកិច្ចសហប្រតិបត្តិការនៅក្នុងការស៊ើបអង្កេតនៃការសម្លាប់នោះដើម្បីធ្វើឲ្យប្រាកដថា យុត្តិធម៌ បានធ្វើឡើងនៅក្រោមប្រព័ន្ធច្បាប់របស់ជប៉ុន។ យើងចង់ឃើញឧក្រិដ្ឋជននេះ ត្រូវបានកាត់ទោស ទោះបីបញ្ហានេះ មិនបានកើតឡើងនៅក្នុងសហរដ្ឋអាមេរិកក៏ដោយ។
ការពិភាក្សាពីការសម្លាប់នេះ បានភ្ជាប់ទៅនឹងការពិភាក្សារបស់លោកអូបាម៉ា និងលោក Abe លើការរីកចម្រើនសេដ្ឋកិច្ចយឺតយ៉ាវរបស់ប្រទេសមានសេដ្ឋកិច្ចសំខាន់ៗរបស់ពិភពលោកហើយនិងដំណើរបំពេញទស្សនកិច្ចរបស់លោកអូបាម៉ានៅថ្ងៃសុក្រខាងមុខទៅកាន់ទីក្រុងហ៊ីរ៉ូស៊ីម៉ា ជាទីក្រុងជប៉ុនដែលសហរដ្ឋអាមេរិក បានទម្លាប់គ្រាប់បែកបរមាណូនៅឆ្នាំ១៩៤៥ ដោយបានសម្លាប់ជនជាតិជប៉ុនរាប់ម៉ឺននាក់ហើយបានបញ្ចប់សង្គ្រាមលោកលើកទី២ភ្លាមៗ៕