នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe នឹងលើកបញ្ហាឧក្រិដ្ឋកម្ម ដែលបានប្រព្រឹត្តដោយអ្នកធ្វើការនៅមូលដ្ឋានយោធាអាមេរិក នៅក្នុងកិច្ចប្រជុំមួយជាមួយប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា នៅយប់ថ្ងៃពុធនេះ មុនពេលកិច្ចប្រជុំកំពូលនៃក្រុមប្រទេស ដែលមានសេដ្ឋកិច្ចរីកចម្រើនជាងគេលើពិភពលោកទាំង៧ ឬហៅថា G7 នោះ។ នេះបើយោងតាមមន្ត្រីរដ្ឋាភិបាលនៃប្រទេសទាំងពីរ។
របៀបវារៈនេះ ត្រូវបានដាក់ចូលយ៉ាងប្រញិបប្រញាប់នៅក្នុងកិច្ចពិភាក្សាទ្វេភាគី ក្រោយពីមានការចាប់ខ្លួនអតីតទាហានជើងទឹកម៉ារីនអាមេរិកាំងម្នាក់ កាលពីថ្ងៃព្រហស្បតិ៍មុន បន្ទាប់ពីមានការបាត់ខ្លួនស្រីជនជាតិជប៉ុនវ័យ២០ឆ្នាំម្នាក់ កាលពីថ្ងៃទី២៨ ខែមេសា ហើយដែលក្រោយមក គេបានប្រទះឃើញសាកសពស្រីនោះ កាលពីសប្ដាហ៍មុន។
ការស្លាប់របស់ស្រ្តីវ័យក្មេងនេះ បានធ្វើឲ្យគេនឹកឃើញដល់ព្រឹត្តិការណ៍រំលោភសេពសន្ថវៈក្មេងស្រីសិស្សសាលាជប៉ុន ដោយបុគ្គលិកយោធាអាមេរិក នៅលើកោះOkinawa កាលពីឆ្នាំ១៩៩៥។ ព្រឹត្តការណ៍នោះ បានបញ្ឆេះឲ្យមានបាតុកម្មតវ៉ាដ៏ធំ នៅលើកោះនោះ ប្រឆាំងនឹងមូលដ្ឋានយោធាអាមេរិកនៅទីនោះ។
ឧក្រិដ្ឋកម្មថ្មីៗទាក់ទិននឹងស្រ្តីវ័យក្មេងជប៉ុននេះ អាចក្លាយជាការបន្ទច់បង្អាក់បន្ថែមទៀត ដល់ការជំរុញរបស់លោក អាបេ ឲ្យមានការរើទីតាំងមូលដ្ឋានទ័ពអាកាសរបស់អាមេរិក ទៅកាន់ផ្នែកមួយទៀត នៃកោះOkinawa ដោយសារវិធានការនេះ បានប្រឈមនឹងការជំទាស់យ៉ាងខ្លាំងនៅក្នុងប្រទេសជប៉ុនរួចទៅហើយនោះ៕
កិច្ចប្រជុំរបស់លោក អាបេ និងលោក អូបាម៉ា ត្រូវគេមើលឃើញថា ទំនងជាមិនអាចលួងចិត្តពលរដ្ឋនៅកោះOkinawa បានច្រើនទេ។
លោក Masaaki Gabe សាស្ត្រាចារ្យខាងទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យ the Ryukyus មានប្រសាសន៍ថា «តាមខ្ញុំយល់ មេដឹកនាំទាំងពីរ គ្រាន់តែធ្វើឲ្យគេមើលឃើញប្រតិកម្មមួយ ដើម្បីបង្អន់ស្ថានភាពឈឺចុកចាប់នៅកោះOkinawaតែប៉ុណ្ណោះ »៕