សេតវិមានមិនយល់ស្របជាមួយនឹងរបាយការណ៍របស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ ដែលព្យាករណ៍ថា ចំនួនអ្នកស្លាប់ប្រចាំថ្ងៃដោយសារជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិក កើនឡើងជិតពីរដងនៅត្រឹមថ្ងៃទី ១ ខែមិថុនាខាងមុខ។
អ្នកនាំពាក្យសេតវិមានលោក Judd Deere បានជំទាស់ដូច្នេះកាលពីថ្ងៃចន្ទម្សិលមិញ។ របាយការណ៍នេះក៏បានព្យាករណ៍ផងដែរថា ករណីឆ្លងថ្មីប្រចាំថ្ងៃនៃជំងឺនេះនឹងមានចំនួនប្រហែល ២ សែននាក់ នៅត្រឹមចុងខែឧសភានេះ ដែលជាការកើនឡើងពីការព្យាករណ៍ចំនួន ២ ម៉ឺន ៥ ពាន់នាក់ នៅពេលបច្ចុប្បន្ននេះ។
ព័ត៌មាននេះគឺផ្អែកលើគំរូរបស់រដ្ឋាភិបាលដែលដាក់បញ្ចូលគ្នាក្នុងទម្រង់ជាតារាងដោយទីភ្នាក់ងារសហព័ន្ធគ្រប់គ្រងគ្រោះអាសន្ន និងដែលត្រូវបានផ្សព្វផ្សាយដោយកាសែត The New York Times កាលពីថ្ងៃចន្ទម្សិលមិញ។
នៅក្នុងសេចក្ដីប្រកាសមួយកាលពីថ្ងៃចន្ទម្សិលមិញ លោក Deere បាននិយាយថា វាមិនមែនជា «ឯកសាររបស់សេតវិមាន ឬក៏ឯកសារនេះមិនទាន់បានដាក់ជូនក្រុមការងារពិសេសទទួលបន្ទុកកិច្ចការជំងឺកូវីដ១៩ របស់សេតវិមាន ឬក៏ឯកសារនេះបានឆ្លងកាត់ការត្រួតពិនិត្យបែបអន្តរទីភ្នាក់ងារនោះទេ។ ទិន្នន័យទាំងនេះមិនបានឆ្លុះបញ្ចាំងអំពីគំរូណាមួយ ដែលបានធ្វើឡើងដោយក្រុមការងារពិសេស ឬក៏ទិន្នន័យណាមួយដែលក្រុមការងារពិសេសបានវិភាគនោះទេ»។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា៖ «សុខភាពរបស់ពលរដ្ឋអាមេរិកាំងនៅតែជាអាទិភាពចម្បងរបស់លោកប្រធានាធិបតី Donald Trump ហើយករណីនេះនឹងបន្តរហូត ស្របពេលដែលយើងតាមដានកិច្ចប្រឹងប្រែងរបស់រដ្ឋនីមួយៗនៅក្នុងការបន្ធូរបន្ថយការដាក់កំហិតទាក់ទិននឹងជំងឺកូវីដ១៩ នេះ»៕