លោក George W. Bush បានមានប្រសាសន៍ថា៖ «ការសម្លុតនិងបុរេនិច្ឆ័យនៅក្នុងជីវិតសាធារណៈរបស់យើងមានសំឡេងនៅទូទាំងប្រទេស និងផ្តល់ការអនុញ្ញាតឱ្យមានអំពើឃោរឃៅនិងការប្រកាន់ថា ខ្លួនឯងគ្រាន់បើនិងធ្វើឱ្យខូចដល់ការសិក្សាអប់រំខាងសីលធម៌របស់ពួកកូនៗរបស់យើង។ វិធីតែមួយគត់ដើម្បីផ្សព្វផ្សាយសេចក្តីថ្លៃថ្នូរសម្រាប់ពលរដ្ឋគឺជាដំបូងត្រូវបំពេញតាមសេចក្តីថ្លៃថ្នូរទាំងនោះ»។
លោកបានថ្លែងដូច្នេះនៅក្នុងសុន្ទរកថាមួយដែលលោកបានថ្លែងនៅកបូរីញូវយ៉ក កាលពីថ្ងៃព្រហស្បតិ៍នៅឯវេទិកាជាតិស្តីពីសេរីភាព ទីផ្សារសេរី និងសន្តិសុខនៃវិទ្យាស្ថាន Bush។
លោក Bush បានសម្តែងការសោកស្តាយដល់ការបែកបាក់គ្នាខាងនយោបាយរបស់ប្រទេសអាមេរិក ដោយលោកបានមានប្រសាសន៍ថា៖ «ជាច្រើនដងមកហើយ ការបែកបាក់គ្នានេះហាក់ដូចជាកម្លាំងទាញយើងឱ្យនៅបែកពីគ្នាខ្លាំងជាងកម្លាំងដែលចងយើងឱ្យនៅជួបជុំគ្នា»។
ដោយឡែក លោក បារ៉ាក់ អូបាម៉ា បាននិយាយអំពីបញ្ហានេះនៅក្នុងក្រុង Richmond នៅពេលលោកមានប្រសាសន៍នៅក្នុងការប្រជុំក្រុមមនុស្សមួយក្រុម ដែលធ្វើការឃោសនាបោះឆ្នោតឱ្យលោក Ralph Northam អភិបាលរងនៃរដ្ឋ Virginia ដែលឈរឈ្មោះជាបេក្ខជនអភិបាលរដ្ឋនេះ។
លោក Obama បានមានប្រសាសន៍ថា៖ «ដោយនយោបាយរបស់យើងមិនបានឆ្លុះបញ្ចាំងសេចក្តីថ្លៃថ្នូររបស់យើង យើងមានវិស័យនយោបាយដែលឆ្លុះបញ្ចាំងអំពីសហគមន៍យើង»។ លោកអតីតប្រធានាធិបតីអាមេរិកាំងរូបនេះបានមានប្រសាសន៍បន្ថែមថា៖ «ដោយមិនបានស្វែងរកវិធីដើម្បីធ្វើការជាមួយគ្នា និងដោះស្រាយបញ្ហាដោយវិធីមិនសាំញ៉ាំ យើងមានហ្វូងមនុស្សដែលខិតខំប្រឹងប្រែងធ្វើឱ្យហ្វូងមនុស្សឯទៀតខឹងសម្បាដើម្បីបន្តុះបង្អាប់ពួកជនដែលមានទស្សនៈផ្សេងពីខ្លួន»។
អតីតប្រធានាធិបតី Bush និងអូបាម៉ា មិនបានមានប្រសាសន៍យោងដល់ឈ្មោះប្រធានាធិបតី Donald Trump ទេ ក៏ប៉ុន្តែសាររបស់អស់លោកហាក់ដូចជាតម្រង់ដោយផ្ទាល់ទៅលោក ត្រាំ៕