ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយកាលពីថ្ងៃចន្ទម្សិលមិញថា លោកកំពុងពិចារណាធ្វើដំណើរទស្សនកិច្ចទៅកាន់តំបន់គ្មានយោធា ដែលហៅថា DMZនៅព្រំដែនរវាងប្រទេសកូរ៉េទាំងពីរ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសចំនួន ៥ នៅទ្វីបអាស៊ី ដែលគ្រោងនឹងធ្វើឡើងនៅខែវិច្ឆិកាខាងមុខនេះ។
លោក Trump បាននិយាយដូច្នេះប្រាប់អ្នកសារព័ត៌មាននានាកាលពីថ្ងៃចន្ទម្សិលមិញ ប៉ុន្តែលោកមិនបានឆ្លើយទៅនឹងសំណួរដោយផ្ទាល់ដែលសួរថាតើដំណើរទស្សនកិច្ចដូចនេះដែលស្រដៀងទៅនឹងដំណើរទស្សនកិច្ចដែលលោកអនុប្រធានាធិបតី Mike Pence បានធ្វើឡើងកាលពីខែមេសាកន្លងទៅនេះ អាចត្រូវរដ្ឋាភិបាលកូរ៉េខាងជើងយល់ឃើញថាជាការបង្កហេតុ ឬក៏យ៉ាងណានោះទេ។
ប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងត្បូងបានប៉ាន់ស្មានថា លោក Trump អាចធ្វើដំណើរទៅកាន់តំបន់ DMZ នេះ។
លោក Christopher Hill អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកូរ៉េខាងត្បូង និងជាឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក បាននិយាយថា៖ «កន្លងមក ប្រធានាធិបតីអាមេរិកគ្រប់រូបបានធ្វើទស្សនកិច្ចទៅកាន់តំបន់ DMZ នេះ ដូច្នេះប្រធានាធិបតី Trump ក៏គួរតែធ្វើទស្សនកិច្ចទៅកាន់តំបន់នោះដែរ»។
លោក Ned Price អតីតប្រធានជាន់ខ្ពស់នៃក្រុមប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក និងជាអតីតជំនួយការរបស់ប្រធានាធិបតី Barack Obama ឯកភាពចំពោះបញ្ហានេះ ដោយលោកបានបន្ថែមថា កូរ៉េខាងជើងអាចនឹងចាត់ទុកដំណើរទស្សនកិច្ចណាមួយរបស់មេដឹកនាំសហរដ្ឋអាមេរិកទៅកាន់តំបន់ DMZ នោះ ថាជាការបង្កហេតុ។
នៅក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសចំនួន ៥ នៅទ្វីបអាស៊ីលើកនេះ លោក Trump នឹងស្វះស្វែងបង្កើនការដាក់សម្ពាធលើការអភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងថែមទាំងធ្វើការជំរុញឲ្យមានផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចចំពោះសហរដ្ឋអាមេរិកនៅក្នុងតំបន់នោះផងដែរ៕