ប៉ុន្តែ លោកមិនបានឆ្លើយទៅនឹងសំណួរដោយផ្ទាល់ដែលសួរថាតើដំណើរទស្សនកិច្ចដូចនេះដែលស្រដៀងទៅនឹងដំណើរទស្សនកិច្ចដែលលោកអនុប្រធានាធិបតី Mike Pence បានធ្វើឡើងកាលពីខែមេសាកន្លងទៅនេះ អាចត្រូវរដ្ឋាភិបាលកូរ៉េខាងជើងយល់ឃើញថាជាការបង្កហេតុ ឬក៏យ៉ាងណានោះទេ។
ប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងត្បូងបានប៉ាន់ស្មានថា លោក Trump អាចធ្វើដំណើរទៅកាន់តំបន់ DMZ ដែលជាកន្លែងស្ថិតនៅព្រំដែនរវាងប្រទេសកូរ៉េខាងត្បូង និងកូរ៉េខាងជើង និងជាកន្លែងដែលផ្ដល់នូវទីតាំងដ៏ប្រសើរមួយសម្រាប់មើលចូលទៅក្នុងប្រទេសកូរ៉េខាងជើង ដែលជាប្រទេសដ៏ឯកោមួយ។
លោក Christopher Hill អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកូរ៉េខាងត្បូង និងជាឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក បាននិយាយថា៖ «កន្លងមក ប្រធានាធិបតីអាមេរិកគ្រប់រូបបានធ្វើទស្សនកិច្ចទៅកាន់តំបន់ DMZ នេះ ដូច្នេះប្រធានាធិបតី Trump ក៏គួរតែធ្វើទស្សនកិច្ចទៅកាន់តំបន់នោះដែរ»។
ប៉ុន្តែ លោក Christopher Hill ដែលនាពេលបច្ចុប្បន្ននេះជានាយកមហាវិទ្យាល័យ Korbel សម្រាប់ការសិក្សាកិច្ចការអន្តរជាតិនៅឯសាកលវិទ្យាល័យ Denver ក្នុងសហរដ្ឋអាមេរិក បានប្រាប់ VOA ថា «ពេលវេលាក៏ជាអ្វីមួយដែលត្រូវពិចារណាផងដែរ»។
លោក Ned Price អតីតប្រធានជាន់ខ្ពស់នៃក្រុមប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក និងជាអតីតជំនួយការរបស់ប្រធានាធិបតី Barack Obama ឯកភាពចំពោះបញ្ហានេះ ដោយលោកបានបន្ថែមថា កូរ៉េខាងជើងអាចនឹងចាត់ទុកដំណើរទស្សនកិច្ចណាមួយរបស់មេដឹកនាំសហរដ្ឋអាមេរិកទៅកាន់តំបន់ DMZ នោះ ថាជាការបង្កហេតុ។
លោក Ned Price បានប្រាប់ VOA ថា អ្វីដែលលោក Donald Trump និយាយ និងធ្វើនៅពេលដែលលោកនៅតំបន់ DMZ នោះ គឺជាអ្វីដែលកំណត់អំពីប្រតិកម្មដែលរដ្ឋាភិបាលកូរ៉េខាងជើងនឹងធ្វើឡើង។ ភាសាគំរាមកំហែងណាមួយរបស់លោក Trump ដូចជាអ្វីដែលយើងបានឃើញនៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍កន្លងមកនេះ អាចនឹងធ្វើឲ្យខូចប្រយោជន៍ដល់គោលបំណងក្នុងការធ្វើឲ្យភាពតានតឹងមានភាពធូរស្រាលតាមរយៈការទូត។
នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចំនួន ៥ នៅទ្វីបអាស៊ីលើកនេះ លោក Trump នឹងស្វះស្វែងបង្កើនការដាក់សម្ពាធលើការអភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងថែមទាំងធ្វើការជំរុញឲ្យមានផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចចំពោះសហរដ្ឋអាមេរិកនៅក្នុងតំបន់នោះផងដែរ។
លោក Trump បានគៀងគរការគាំទ្រជាអន្តរជាតិនៅឯអង្គការសហប្រជាជាតិដើម្បីដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងកូរ៉េខាងជើង ក្នុងគោលបំណងដើម្បីរារាំងរដ្ឋាភិបាលក្រុងព្យុងយ៉ាងកុំឲ្យបង្វែរថវិកាទៅជួយដល់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន។ ប៉ុន្តែមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានបន្តធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរ និងគ្រាប់ផ្លោងមីស៊ីល ដែលការសាកល្បងទាំងនេះជាចំណុចផ្ដោតរបស់ការពិភាក្សារបស់លោក Trump ជាមួយនឹងនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae In និងប្រធានាធិបតីចិនលោក Xi Jinping។
ឧត្ដមសេនីយ៍ចូលនិវត្តន៍លោក Jack Keane ដែលជាអតីតនាយអគ្គសេនាធិការរងយោធាដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងរដ្ឋបាលរបស់លោក Trump បានប្រាប់ VOA ភាសាកូរ៉េថា ប្រសិនបើរដ្ឋាភិបាលក្រុងព្យុងយ៉ាងមានបំណងបាញ់គ្រាប់ផ្លោងមីស៊ីលឆ្លងទ្វីបដាក់សហរដ្ឋអាមេរិក និងដែនដីនានារបស់អាមេរិកនៅតំបន់ប៉ាស៊ីហ្វិក ដែលមានទាំងដែនដី Guam ផងដែរ នោះវាមានលក្ខណៈសមហេតុសមផលសម្រាប់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនក្នុងការធ្វើការវាយប្រហារការពារខ្លួនជាមុនប្រឆាំងនឹងប្រទេសកូរ៉េខាងជើង។
លោក Jack Keane បាននិយាយថា លោកប្រធានាធិបតី Trump នឹងពិចារណាអំពី «សកម្មភាពបង្កសង្គ្រាម» របស់កូរ៉េខាងជើង។ លោក Jack Keane បានបន្ថែមថា៖ «យើងអាចនិយាយបានថា សង្គ្រាមនៅលើឧបទ្វីបកូរ៉េគឺមិនអាចទៅរួចនោះទេ ប៉ុន្តែប្រសិនបើលោក Kim Jong Un បង្កវាឡើងឲ្យឈានដល់ចំណុចនោះ នោះវាប្រាកដជានឹងកើតឡើង»។
សេតវិមានបានបញ្ជាក់កាលពីថ្ងៃទី ១៦ ខែតុលាកន្លងទៅនេះថា លោក Trump នឹងធ្វើដំណើរទៅកាន់ប្រទេសជប៉ុន កូរ៉េខាងត្បូង ចិន វៀតណាម និងហ្វីលីពីន ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ១៤ ខែវិច្ឆិកា ខាងមុខនេះ។ លោក Trump នឹងពិភាក្សាជាមួយនឹងមេដឹកនាំនៃបណ្ដាប្រទេសទាំងនេះនៅពេលលោកធ្វើទស្សនកិច្ចនៅក្នុងប្រទេសនីមួយៗ។ លោក Trump ក៏នឹងជួបជាមួយនឹងអធិរាជជប៉ុន Akihito នៅថ្ងៃទី ៦ ខែវិច្ឆិកា និងលេងកីឡាវាយកូនហ្គោលមួយលើកជាមួយនឹងនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ផងដែរ។
នៅក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង លោក Trump នឹងថ្លែងទៅកាន់រដ្ឋសភាជាតិប្រទេសនេះ។
នៅក្នុងប្រទេសជប៉ុននាថ្ងៃទី ៥ ខែវិច្ឆិកា ខាងមុខនេះ លោក Trump នឹងជួបជាមួយនឹងទាហានអាមេរិកាំង និងជប៉ុន ហើយលោកក៏នឹងពិភាក្សាជាមួយនឹងលោកនាយករដ្ឋមន្ត្រី Shinzo Abe ផងដែរ។ ជាងនេះទៅទៀត លោក Shinzo Abe នឹងរៀបចំពិធីទទួលលោក Trump ឲ្យជួបជាមួយនឹងក្រុមគ្រួសារនៃពលរដ្ឋជប៉ុន ដែលត្រូវបានរដ្ឋាភិបាលកូរ៉េខាងជើងចាប់ពង្រត់ផងដែរ។
បន្ទាប់ពីធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូង លោក Trump នឹងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីជួបប្រជុំជាមួយនឹងប្រធានាធិបតីចិនលោក Xi Jinping ដែលជាអ្នកដែលលោក Trump ជារឿយៗសរសើរថាបានប្រឹងប្រែងរារាំងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ក៏ដូចជាព្រឹត្តិការណ៍ពាណិជ្ជកម្ម និងវប្បធម៌នានារបស់ប្រទេសកូរ៉េខាងជើង។
នៅថ្ងៃទី ១០ ខែវិច្ឆិកា លោក Trump នឹងធ្វើទស្សនកិច្ចទៅកាន់ទីក្រុង Danang ប្រទេសវៀតណាម ដើម្បីជួបជាមួយនឹងមេដឹកនាំក្នុងតំបន់នានា និងថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់អាស៊ីប៉ាស៊ីហ្វិកដែលហៅកាត់ថា APEC៕
ប្រែសម្រួលដោយ ភី សុភាដា