សន្តិភាពក្នុងរយៈពេលយូរអង្វែង សន្តិសុខនិងភាពសំបូររុងរឿងសម្រាប់តំបន់អាស៊ីអាគ្នេយ៍ គឺជាគោលដៅដែលលោកប្រធានាធិបតីស.រ.អា. បារ៉ាក់ អូបាម៉ានិងក្រុមមេដឹកនាំនៃប្រទេសទាំង១០ជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាសមាគម ASEAN កំពុងស្វះស្វែងឱ្យមានពិតប្រាកដនៅក្នុងថ្ងៃទីពីរនៃកិច្ចចរចានៅក្នុងរដ្ឋកាលីហ្វ័រញ៉ា។
កាលពីថ្ងៃច័ន្ទ លោកអូបាម៉ានិងក្រុមមេដឹកនាំ ASEAN បានផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍការបង្កើតថ្មីៗនិងភាពសហគ្រិននៅក្នុងតំបន់អាស៊ីអាគ្នេយ៍នៅក្នុងថ្ងៃទីមួយនៃសន្និសីទកំពូល។
កិច្ចចរចាគ្នានេះប្រព្រឹត្តទៅនៅក្នុងកន្លែងសម្រាកកាយ Sunnylands ជាប្រវត្តិសាសស្ត្រ ដែលជាកន្លែងក្រៅផ្លូវការមួយដែលសេតវិមាននិយាយថាផ្តល់បរិយាកាសមិនតឹងតែងនិងឱកាសសម្រាប់ឱ្យក្រុមមេដឹកនាំទាំងនេះនិយាយដោយ«ត្រង់ៗ»ជាងមុន។
នៅពេលបើកសន្និសីទកំពូលនេះ លោកអូបាម៉ាបានមានប្រសាសន៍ថាសមាគម ASEAN មាន «សារៈសំខាន់ណាស់» ដល់សន្តិភាពនិងភាពសំបូររុងរឿងក្នុងអាស៊ីអាគេ្នយ៍និងជាវេទិកាសំខាន់មួយដែលនៅទីនោះ «បទបញ្ញត្តិនិងបទដ្ឋានអន្តរជាតិ ដែលមានរួមបញ្ចូលទាំងសេរីភាពនាវាចរណ៍ផងដែរ ត្រូវបានប្រព្រឹត្តតាម ហើយដែលនៅទីនោះជម្លោះត្រូវបានដោះស្រាយតាមសន្តិវិធីនិងតាមផ្លូវច្បាប់»។
លោកអូបាម៉ាកំពុងស្វះស្វែងអភិវឌ្ឍមុខនាទីមេដឹកនាំមួយជាមួយសមាគម ASEAN ដែលសេតវិមានយល់ឃើញថាជាគន្លឹះនៃការធ្វើឱ្យមានតុល្យភាពជាថ្មីរបស់ស.រ.អា.ទៅកាន់ភូមិភាគអាស៊ីប៉ាស៊ីហ្វិក។
សេតវិមានបាននិយាយថា ការងាកខាងយុទ្ធសាស្ត្រទៅកាន់តំបន់នោះមានសារៈសំខាន់ដល់សន្តិសុខនិងភាពសំបូររុងរឿងខាងសេដ្ឋកិច្ចរបស់ប្រទេសអាមេរិកនិងជាការទប់ទល់ជាចាំបាច់ដល់ឥទ្ធិពលរបស់ប្រទេសចិន។
ប្រទេសជាតិជាសមាជិកនៃសមាគម ASEAN មានរួមបញ្ចូលប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបូរី ថៃ ព្រុយណេ វៀតណាម ឡាវ ភូមា និងកម្ពុជា។តំបន់ដែលមានថាមភាពនិងភាពចម្រុះមានការលូតលាស់ខ្លាំងនិងមានភាពតានតឹងដែរនោះ អាចជាសក្តានុពលមានផលប៉ះពាល់ដល់សេដ្ឋកិច្ចនិងសន្តិសុខសាកល៕