ការិយាល័យអគ្គរដ្ឋអាជ្ញារដ្ឋ New York បាននិយាយនៅថ្ងៃអង្គារថាខ្លួនកំពុងធ្វើការស៊ើបអង្កេតព្រហ្មទណ្ឌទៅលើជំនួញរបស់អតីតប្រធានាធិបតី Donald Trump ដោយពង្រីកចេញពីការស៊ើបអង្កេតរដ្ឋប្បវេណី។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
លោក Fabien Levy អ្នកនាំពាក្យរបស់អ្នកស្រី Letitia James អគ្គរដ្ឋអាជ្ញាបាននិយាយនៅ ក្នុងសេចក្តីថ្លែងការណ៍ថា៖ «យើងបានជូនដំណឹងដល់បណ្តុំក្រុមហ៊ុនរបស់លោកTrump (Trump Organization) ថាការស៊ើបអង្កេតរបស់យើងចំពោះក្រុមហ៊ុនលែងជាករណីរដ្ឋប្បវេណីសុទ្ធសាធហើយ។ ឥឡូវនេះយើងកំពុងស៊ើបអង្កេតយ៉ាងសកម្មលើអង្គការលោកTrumpនៅក្នុងសមត្ថកិច្ចព្រហ្មទណ្ឌរួមជាមួយរដ្ឋអាជ្ញាសង្កាត់ Manhattan»។
អ្នកស៊ើបអង្កេតរបស់អ្នកស្រីអគ្គរដ្ឋអាជ្ញាកំពុងធ្វើការជាមួយការិយាល័យរដ្ឋអាជ្ញាសង្កាត់Manhattanដែលបានធ្វើការស៊ើបអង្កេតព្រហ្មទណ្ឌលើលោកTrumpនិងក្រុមហ៊ុនរបស់លោកគឺTrump Organization អស់រយៈពេលពីរឆ្នាំមកហើយ។
ទាំងអ្នកស្រី James អគ្គរដ្ឋអាជ្ញារដ្ឋNew York និងលោក Cyrus Vance Jr. រដ្ឋអាជ្ញាសង្កាត់Manhattan ជាសមាជិកគណបក្សប្រជាធិបតេយ្យ។ ការិយាល័យរបស់អ្នកស្រី James មិនបានផ្តល់ការពន្យល់អ្វីអំពីកត្តាដែលការិយាល័យនេះសម្រេចផ្លាស់ប្តូរឱ្យទៅជាការស៊ើបអង្កេតបែបព្រហ្មទណ្ឌ និងហេតុអ្វីបានសម្រចប្រកាសអំពីការផ្លាស់ប្តូរនេះជាសាធារណៈនោះទេ៕