នៅក្នុងឆ្នាំ ២០២០ នេះ តុលាការកំពូលនឹងបើកសវនាការលើសំណុំរឿង ៣ ក្នុងចំណោមសំណុំរឿងទាំងនោះ ដោយសវនាការជជែកដេញដោលគ្រោងនឹងធ្វើឡើងនៅខែមិនាខាងមុខនេះ។
លោក Todd Belt ដែលបង្រៀនផ្នែកនយោបាយប្រធានាធិបតីនៅសាកលវិទ្យាល័យ George Washington និយាយថា៖ «នេះគឺការព្យាយាមស្វែងរកថាតើលោក Trump មានលុយនៅទីណាខ្លះ និងមានចំនួនប៉ុន្មាន ក៏ដូចជាស្វែងយល់ផងដែរអំពីការក្ស័យធនរបស់លោក របៀបធ្វើអាជីវកម្មរបស់លោក និងភាពស្មោះត្រង់របស់លោកជាមួយនឹងពលរដ្ឋអាមេរិកាំង»។
គណបក្សប្រជាធិបតេយ្យបានទាមទារជាយូរមកហើយឲ្យមានការបង្ហាញឯកសារប្រកាសពន្ធលើប្រាក់ចំណូលរបស់លោក Trump ដើម្បីពិនិត្យមើលថាតើលោកមានទំនាស់ផលប្រយោជន៍ពាក់ព័ន្ធនឹងរឿងដែលលោកទាក់ទងនឹងបរទេស តើលោកមានបានបន្លំអំពីពន្ធលើប្រាក់ចំណូលរបស់លោក និងតើលោកមានបានទទួលប្រយោជន៍ពីផែនការកែសម្រួលការប្រកាសពន្ធលើប្រាក់ចំណូលឆ្នាំ ២០១៧ របស់លោកដែរឬក៏អត់។
ប្រធានរដ្ឋសភាអ្នកស្រី Nancy Pelosi បាននិយាយថា៖ «សូមបង្ហាញឯកសារពន្ធលើប្រាក់ចំណូលមក»។
ស្របពេលនេះដែរ សំណុំរឿងមួយចំនួនបានចោទប្រកាន់ថា សណ្ឋាគារ Trump International Hotel នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនបានរំលោភលើខនៃច្បាប់ដែលចែងអំពីការប្រយុទ្ធប្រឆាំងនឹងអំពើស៊ីសំណូកសូកប៉ាន់ ឬក៏ខដែលមានចែងអំពីប្រាក់បៀវត្សរ៍។
លោក Robert Weismann នៃអង្គការតស៊ូមតិ Public Citizen បាននិយាយថា៖ «ប្រទេសអារ៉ាប៊ីសាអូឌីតបានរៀបចំពិធីអធិកអធមដ៏ធំមួយនៅសណ្ឋាគារ Trump International Hotel ដូច្នេះលោកប្រធានាធិបតីដឹងថា ពួកគេបានរៀបចំពិធីនេះ។ ករណីនេះបង្កឲ្យមានការព្រួយបារម្ភដូចទៅនឹងការព្រួយបារម្ភរបស់អ្នកបង្កើត និងអ្នកតាក់តែងរដ្ឋធម្មនុញ្ញដំបូងដូច្នេះដែរ។ ការព្រួយបារម្ភនោះគឺ តើរដ្ឋាភិបាលបរទេសមានបានផ្គាប់ផ្គុនលន់តួតាមលោកប្រធានាធិបតី ដោយការផ្ដល់អំណោយឲ្យលោកដែរឬទេ?»
នៅពេលដែលលោក Trump បានចូលកាន់តំណែង លោកបានធ្វើខុសពីទម្លាប់កន្លងមក និងបានបដិសេធមិនព្រមដកខ្លួនចេញពីអាជីវកម្មរបស់លោក។ លោកបានបដិសេធថា លោកមិនបានប្រើអំណាចជាប្រធានាធិបតីរបស់លោកដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ និងនៅតែបន្តប្រើទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់លោកដើម្បីគោលបំណងនយោបាយ។
នៅត្រីមាសទី ៣ នៃឆ្នាំ ២០១៩ អ្នករៃអង្គាសថវិកានៅកន្លែងអចលនទ្រព្យរបស់លោក Trump រៃអង្គាសប្រាក់បានចំនួន ១២៥ លានដុល្លារ សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំ ២០២០ របស់លោក Trump និងសម្រាប់គណៈកម្មាធិការជាតិរបស់គណបក្សសាធារណរដ្ឋ។
លោក Trump បញ្ជាក់ដូច្នេះថា៖ «ខ្ញុំមានសណ្ឋាគារជាច្រើននៅគ្រប់កន្លែងទាំងអស់ ហើយមនុស្សបានប្រើសណ្ឋាគារទាំងនោះ ដោយសារតែវាជាសណ្ឋាគារល្អបំផុត»។
កាលពីខែកញ្ញា ឆ្នាំមុន អ្នករិះគន់មួយចំនួនបានរិះគន់លោកអនុប្រធានាធិបតី Mike Pence យ៉ាងខ្លាំងថាបានស្នាក់នៅក្នុងរមណីយដ្ឋានរបស់លោក Trump នៅក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវការរបស់លោកទៅកាន់ប្រទេសអៀរឡង់។
ហើយកាលពីខែតុលា ឆ្នាំមុន បន្ទាប់ពីមានប្រតិកម្មប្រឆាំងខ្លាំងក្លាមក លោក Trump បានលះបង់ចោលគម្រោងរៀបចំកិច្ចប្រជុំ G7 ឆ្នាំ ២០២០ នៅឯរមណីយដ្ឋានកម្សាន្តរបស់លោកក្នុងទីក្រុង Miami រដ្ឋ Florida។
នៅខែដដែលនោះ ក្រុមហ៊ុនអចលនទ្រព្យ Trump Organization របស់លោក បានបញ្ជាក់ថា ខ្លួនពិចារណាលក់សិទ្ធិជួលរបស់សណ្ឋាគារ Trump Hotel នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដែលមួយផ្នែកគឺបណ្ដាលមកពីមានការព្រួយបារម្ភរឿងក្រមសីលធម៌។
ប៉ុន្តែ សណ្ឋាគារនេះមានទីតាំងស្ថិតក្នុងអគារមួយដែលកាន់កាប់ដោយទីភ្នាក់ងាររដ្ឋបាលសេវាកម្មទូទៅ របស់រដ្ឋាភិបាលសហព័ន្ធ។ ការលក់នេះប្រហែលជាបង្កើតឲ្យមានទំនាស់ផលប្រយោជន៍បន្ថែមទៀត។
លោក Rudy Mehbani នៃវិទ្យាស្ថានគោលនយោបាយសាធារណៈ Brennan Center និយាយថា៖ «ឥឡូវនេះ យើងឃើញថា មិនមានប្រព័ន្ធការពាររវាងសេតវិមាន និងទីភ្នាក់ងាររដ្ឋបាលសេវាទូទៅនោះទេ។ ដូច្នេះ គេអាចមានចម្ងល់អំពីសកម្មភាពដើម្បីប្រយោជន៍ផ្ទាល់ខ្លួនណាមួយដែលអាចកើតឡើង»។
កាលពីខែវិច្ឆិកា ឆ្នាំមុន លោក Trump បានចំណាយថវិកា ២ លានដុល្លារដើម្បីដោះស្រាយពាក្យបណ្ដឹងមួយ ដែលចោទប្រកាន់លោកថាបានប្រើប្រាស់មិនត្រឹមត្រូវនូវថវិកាដែលក្រុមសប្បុរសធម៌របស់លោករៃអង្គាសបាន ដើម្បីយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក៕
ប្រែសម្រួលដោយ ភី សុភាដា