ជនជាប់ចោទ នួន ជា និងខៀវ សំផន បានប្រកាសប្តឹងសារទុក្ខប្រឆាំងទៅនឹងសាលក្រមរបស់អង្គជំនុំជម្រះសាលាដំបូងដោយសំអាងថា សាលក្រមនោះមានកំហុសអង្គច្បាប់«ជាច្រើន»។
កាលពីខែសីហាអង្គជំនុំជម្រះសាលាដំបូងរបស់សាលាក្តីខ្មែរក្រហមបានសម្រេចផ្តន្ទាទោសអតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមទាំងពីរឲ្យជាប់ពន្ធនាគារអស់មួយជីវិតក្នុងការកាត់ទោសជនជាប់ចោទទាំងពីរក្នុងសំណុំរឿង០០២វគ្គទី១។ការផ្តន្ទាទោសដោយតុលាការរកឃើញថាជនជាប់ចោទមានកំហុសទាក់ទងនឹងការបណ្តាលឲ្យប្រជាពលរដ្ឋកម្ពុជាស្លាប់យ៉ាងតិច១,៧លាននាក់។
នៅក្នុងសេចក្តីជូនដំណឹងទៅកាន់អង្គជំនុំជម្រះតុលាការកំពូលកាលពីថ្ងៃច័ន្ទទី២៩ខែកញ្ញា ក្រុមមេធាវីរបស់ នួន ជា អតីតប្រធានសភាខ្មែរក្រហមបានរកឃើញកំហុសក្នុងការកាត់ក្តីរបស់អង្គជំនុំជម្រះជាន់ទាបសរុបចំនួន២២៣ក្នុងនោះមានដូចជាកំហុសក្នុងការអនុវត្តច្បាប់អន្តរជាតិនិងវិធានផ្ទៃក្នុង មានការរំលោភសិទ្ធិនួន ជា ដោយពង្រីកការទទួលខុសត្រូវរបស់ជនជាប់ចោទលើឧក្រិដ្ឋកម្មនិងសិទ្ធិទទួលបានការជំនុំជម្រះដោយតុលាការឯករាជ្យនិងមិនលំអៀង។
សេចក្តីជូនដំណឹងដដែលនេះអះអាងថាចៅក្រមជាតិទទួលរងឥទ្ធិពលជ្រុលពេកតាមរយៈការប្រើប្រាស់បទពិសោធន៍ផ្ទាល់របស់ពួកគេក្នុងរបបមួយដែលកំហុសនៅក្នុងការប្រើប្រាស់ភស្តុតាងគ្របលើការវិនិច្ឆ័យក្តី។
ដោយឡែកក្រុមមេធាវីការពារក្តីរបស់ខៀវ សំផន អតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យរបស់ខ្មែរក្រហមបានលើកពីការរំលោភសិទ្ធិកូនក្តីរបស់ខ្លួនក្នុងការទទួលបានការជំនុំជម្រះបានត្រឹមត្រូវ កំហុសក្នុងការអនុវត្តវិធានច្បាប់ ជាងនេះទៅទៀតអង្គជំនុំជម្រះសាលាដំបូងបានកំណត់និយមន័យខុសអំពីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដែលខៀវ សំផន ទទួលរងការចោទប្រកាន់ អនុវត្តន៍ខុសលើគោលការណ៍វាយតម្លៃភស្តុតាង រួមទាំងកំហុសមួយចំនួនទៀតដូចជាការវាយតម្លៃលើការជម្លៀសនិងរចនាសម្ព័ននយោបាយជាដើម។
ក្រុមមេធាវីរបស់ខៀវ សំផន បានស្នើឲ្យអង្គជំនុំជម្រះតុលាការកំពូលទាត់ចោលការវិនិច្ឆ័យទោសលើកូនក្តីរបស់ខ្លួន ឲ្យប្រកាសថាបទចោទនានាគ្មានទោស និងបង្គាប់ឲ្យដោះលែងខៀវ សំផន ជាបន្ទាន់។
លោកគង់ សំអុន សហមេធាវីកម្ពុជារបស់ខៀវ សំផន បញ្ជាក់ថាក្រុមមេធាវីការពារក្តីបានរកឃើញកំហុសទាំងផ្នែកអង្គហេតុ ទាំងអង្គច្បាប់។
«ពោលគឺពាក់ព័ន្ធស្ទើរតែគ្រប់កថាខណ្ឌនៅក្នុងសាលក្រមរបស់សាលាដំបូង។និយាយឲ្យចំការបកស្រាយទៅលើអង្គហេតុនិងអង្គច្បាប់មានកំហុសឆ្គង។ដូច្នេះហើយបានជាយើងប្តឹងសារទុក្ខ»។
ដោយឡែកអ្នកនាំពាក្យសាលាក្តីខ្មែរក្រហមលោកនេត្រ ភក្ត្រា បានឲ្យដឹងថាក្រុមមេធាវីរបស់ជនជាប់ចោទមានរយៈពេលបីខែទៀតសម្រាប់ដាក់សារណាទៅកាន់អង្គជំនុំជម្រះតុលាការកំពូល។
«ក្រោយពីបានជូនដំណឹងទៅតុលាការកំពូលថាខ្លួននឹងដាក់បណ្តឹងសារទុក្ខគឺមេធាវីនៃជនជាប់ចោទទាំងពីរទាំងលោកនួន ជា ទាំងលោកខៀវ សំផន មានរយៈពេលបីខែដើម្បីដាក់សារណាពេញលេញទៅកាន់អង្គជំនុំជម្រះតុលាការកំពូលលើចំណុចដែលខ្លួនប្តឹងជំទាស់»។
សូមបញ្ជាក់ថាការិយាល័យសហព្រះរាជអាជ្ញាក៏សម្រេចប្តឹងឧទ្ធរណ៍ទៅកាន់អង្គជំនុំជម្រះតុលាការកំពូលទាក់ទងនឹងសាលក្រមរបស់អង្គជំនុំជម្រះសាលាដំបូងនេះដែរដោយសារក្នុងសេចក្តីសម្រេចនោះមិនបានបញ្ចូលលើទោសទណ្ឌដែលទាក់ទឹននឹងសហឧក្រិដ្ឋកម្មប្រភេទទី៣នៃបទសហឧក្រិដ្ឋកម្មរួម៕