មេដឹកនាំពិភពលោកនានាកំពុងតែប្រតិកម្មទៅលើលទ្ធផលនៃការបោះឆ្នោតពាក់កណ្តាលអាណត្តិប្រធានាធិបតីអាមេរិក ខណៈដែលដៃគូនិងគូប្រជែងរបស់អាមេរិកព្យាយាមស្វែងយល់ថាតើអាទិភាពថ្មីរបស់គណបក្សប្រជាធិបតេយ្យនៅក្នុងរដ្ឋសភាអាមេរិកអាចមានន័យយ៉ាងណាសម្រាប់អនាគតរបៀបវារៈគោលនយោបាយការបរទេសរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។
ខណៈដែលលទ្ធផលនៃការបោះឆ្នោតបង្ហាញកាន់តែច្បាស់ថា គណបក្សប្រជាធិបតេយ្យទទួលបានជ័យជម្នះគ្រប់គ្រងរដ្ឋសភាអាមេរិកកាលពីយប់ថ្ងៃអង្គារនោះ ការអបអរសាទររបស់គណបក្សប្រជាធិបតេយ្យបានចាប់ផ្តើមឡើង ខណៈដែលលោកស្រី Nancy Pelosi មេដឹកនាំសំឡេងភាគតិច ប្រកាសថា «នេះជាថ្ងៃថ្មីមួយនៅក្នុងសហរដ្ឋអាមេរិក»។ តើវាគឺជាថ្ងៃថ្មីសម្រាប់គោលនយោបាយការបរទេសអាមេរិកឬយ៉ាងណា? លោកសាស្ត្រាចារ្យ Peter Trubowitz នាយកមជ្ឈមណ្ឌលស្រាវជ្រាវអាមេរិកនៃសាលាសេដ្ឋកិច្ចនិងវិទ្យាសាស្ត្រនយោបាយក្នុងទីក្រុង ឡុងដ៏ បានថ្លែងថា «មិនដូច្នេះទេ»។ លោកបានមានប្រសាសន៍ថា៖
«អំណាចសំខាន់ដែលលោក ដូណាល់ ត្រាំ មានក្នុងពេលឥឡូវនេះគឺស្ថិតនៅលើគោលនយោបាយការបរទេស ដែលលោកមានឆន្ទានុសិទ្ធិនិងយុទ្ធសាស្ត្រច្រើនជាងគោលនយោបាយក្នុងស្រុក។ ដូច្នេះខ្ញុំទន្ទឹងរង់ចាំមើលលោក ត្រាំ រឹតបន្តឹងកាន់តែខ្លាំងទៅលើពាណិជ្ជកម្មជាមួយចិន អ៊ីរ៉ង់ និងបញ្ហាព្រំប្រទល់ជាមួយនឹងម៉ិកស៊ិក»។
លោក Trubowitz ថ្លែងថា សមាជិកខាងគណបក្សប្រជាធិបតេយ្យប្រហែលជានឹងផ្តល់ការគាំទ្រដល់ជំហររបស់លោក ត្រាំ ចំពោះប្រទេសចិន។ រដ្ឋាភិបាលក្រុង វ៉ាស៊ីនតោន បានកំណត់យកពន្ធគយចំនួន២៥០ពាន់លានដុល្លារលើទំនិញនាំចូលពីចិន ដោយចោទប្រកាន់រដ្ឋាភិបាលក្រុង ប៉េកាំង ថា ធ្វើពាណិជ្ជកម្មមិនយុត្តិធម៌។ ក្រុមមន្ត្រីចិនមិនបានផ្តល់អត្ថាធិប្បាយចំពោះលទ្ធផលនៃការបោះឆ្នោតនេះទេ។ អឺរ៉ុបក៏ភ័យខ្លាចថា អាមេរិកយកពន្ធគយលើទំនិញនាំចេញសំខាន់ៗរបស់ខ្លួនដូចជារថយន្ត ផងដែរ។ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Heiko Maas ថ្លែងកាលពីថ្ងៃ ពុធ ថា លទ្ធផលនៃការបោះឆ្នោតនេះមិនទំនងជាជួយសម្រួលដល់ភាពតានតឹងនេះឡើយ។ លោក Maas បានថ្លែងទៅកាន់អ្នកកាសែតថា៖
«យើងត្រូវតែស្វែងរកចម្លើយពីអាមេរិកចំពោះពាក្យស្លោកដែលថា «គិតពីផលប្រយោជន៍អាមេរិកមុន» ដែលចំពោះខ្ញុំ គឺត្រឹមតែធ្វើឲ្យអឺរ៉ុបរួបរួមគ្នាប៉ុណ្ណោះ»។
មេដឹកនាំអឺរ៉ុបដទៃទៀតបានកោតសរសើរអំពីតួលេខស្ត្រីដែលត្រូវបានបោះឆ្នោតជ្រើសរើសឲ្យចូលកាន់តំណែងនៅសភា។ អ្នកនាំពាក្យម្នាក់របស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានថ្លែងថា ទំនាក់ទំនងជាមួយនឹងអាមេរិកនឹងមិនផ្លាស់ប្ដូរនោះទេ ខណៈដែលទំនាក់ទំនងនេះមានភាពលំបាកធ្ងន់ធ្ងររួចទៅហើយ។
នៅមជ្ឈិមបូព៌ា ប្រទេសអ៊ីស្រាអែលបានជំរុញលោកប្រធានាធិបតី ដូណាល់ ត្រាំ ថា កុំឲ្យការចាញ់ឆ្នោតនេះប៉ះពាល់ដល់ផែនការសន្តិភាពសម្រាប់តំបន់នេះឲ្យសោះ។ ក្នុងនោះគេឃើញថា សហរដ្ឋអាមេរិកបានប្តូរទីតាំងស្ថានទូតរបស់ខ្លួនដ៏ចម្រូងចម្រាសពីទីក្រុង Tel Aviv ទៅកាន់ទីក្រុង Jerusalem។
ពួកប៉ាឡេស្ទីនក៏បានទាមទារយកទីក្រុង Jerusalem ជារដ្ឋធានីនៃរដ្ឋនេះនាពេលអនាគតផងដែរ។ លោក Nabil Shaathដែលជាទីប្រឹក្សាប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas បានជំរុញឲ្យមានការផ្លាស់ប្ដូរចំណាត់ការនេះនៅក្នុងរដ្ឋធានី វ៉ាស៊ីនតោន។ លោក Shaath បានថ្លែងថា៖
«សមាជិកគណបក្សប្រជាធិបតេយ្យនៅក្នុងសហរដ្ឋអាមេរិកកំពុងតែខិតកាន់តែជិតទៅកាន់ជំហរមួយដែលប្រហែលជាអាចដឹកនាំដំណើរការសន្តិភាពបាន»។
មេដឹកនាំពិភពលោកកំពុងតែចង់ដឹងថា តើអ្វីនឹងកើតឡើងបន្ទាប់ទៀតនៅក្នុងសហរដ្ឋអាមេរិក។ នេះបើយោងតាមអ្នកវិភាគ លោក Trubowitz។ លោក Trubowitz បានមានប្រសាសន៍ថា៖
«ថាតើនឹងត្រូវរង់ចាំដល់លោក ដូណាល់ ត្រាំ ចប់អាណត្តិរបស់លោករយៈពេលពីរឆ្នាំទៀត ឬយ៉ាងណា? នោះគេនឹងអាចឃើញមានការគណនាយុទ្ធសាស្ត្រនយោបាយមួយចំនួនទៅលើរដ្ឋាភិបាលក្រុង តេហេរ៉ង់ រដ្ឋាភិបាលក្រុង ប៉េកាំង ហើយប្រហែលជានៅក្នុងរដ្ឋធានីមួយចំនួននៅអឺរ៉ុបផងដែរ»។
យុទ្ធសាស្ត្រនយោបាយនេះនឹងពិបាកគណនា ដោយសារតែនយោបាយអាមេរិក ត្រូវបានគេមើលឃើញថា កាន់តែប្រែប្រួលយ៉ាងឆាប់រហ័ស៕
ប្រែសម្រួលដោយអ្នកនាង ហុង ចិន្តា