ប្រទេសន័រវែសបានបន្តការតាំងចិត្តផ្តល់ហិរញ្ញវត្ថុរបស់ខ្លួនដល់អង្គការអូតង់បន្ទាប់ពីលោក James Mattis រដ្ឋមន្រ្តីការពារប្រទេសសហរដ្ឋអាមេរិកបានជួបកាលពីថ្ងៃសៅរ៍ជាមួយពួកមន្រ្តីន័រវែសនៅក្នុងរាជធានីអូស្លូ។
លោក Frank Bakke-Jensen រដ្ឋមន្រ្តីការពារប្រទេសន័រវែសបាននិយាយថា «ន័រវែសបានសន្យាបង្កើនប្រាក់ឲ្យដល់គោលដៅ២ភាគរយនៅក្នុងអង្គការអូតង់» ហើយលោកបាននិយាយបន្ថែមទៀតដោយមិនបានចំៗថា «យើងនឹងបន្តបង្កើនការចំណាយនៅក្នុងឆ្នាំខាងមុខ»។ នៅពេលបច្ចុប្បន្ននេះ ប្រទេសដែលសម្បូរប្រេងកាតនេះ បានចំណាយប្រហែល១.៦ភាគរយនៃផលិតផលសរុបក្នុងស្រុក GDP លើវិស័យការពារប្រទេស។
អង្គការអូតង់បានព្រមព្រៀងកាលពីឆ្នាំ២០១៤ថា ប្រទេសជាសមាជិកនីមួយៗនឹងបង្កើនការចំណាយខាងយោធារហូតដល់២ភាគរយនៃផលិតផលសរុបក្នុងស្រុក GDPរបស់ខ្លួននៅឆ្នាំ២០២៤។ ក៏ប៉ុន្តែ ពួកអ្នកការទូតនិយាយថា មានប្រទេស២ភាគ៣តែប៉ុណ្ណោះនៃប្រទេសចំនួន២៩ក្នុងអង្គការអូតង់—ដោយមិនរាប់បញ្ចូលសហរដ្ឋអាមេរិក —មានផែនការប្រាកដប្រជាដើម្បីបង្កើនប្រាក់ទៅដល់កម្រិត២ភាគរយនៅឆ្នាំ២០២៤។
សហរដ្ឋអាមេរិកបានចំណាយ ៣.៥៧ភាគរយនៃផលិតផលសរុបក្នុងស្រុក GDPរបស់ខ្លួនលើវិស័យការពារប្រទេសនៅឆ្នាំ២០១៧។ ការតាំងចិត្តសាជាថ្មីរបស់ប្រទេសន័រវែសកើតមានឡើងបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានទាមទារម្តងទៀតនៅឯសន្និសីទកំពូលដែលមានរយៈពេល២ថ្ងៃរបស់អង្គការអូតង់នៅសប្តាហ៍នេះនៅក្នុងទីក្រុងប្រ៊ុចសែលថា សមាជិកទាំងអស់របស់អង្គការនោះត្រូវតែបង្កើនការចំណាយលើវិស័យការពារប្រទេសរបស់ខ្លួន។
ប្រធានាធិបតី ត្រាំ បានអះអាងថា លោកបានទទួលការធានាពីពួកមេដឹកនាំរបស់អង្គការអូតង់ក្នុងអំឡុងនៃការពិភាក្សាដ៏តានតឹងនោះ៕