ជំនួបកំពូលរបស់អង្គការសន្ធិសញ្ញាមហាសមុទ្រអាត្លង់ទិកខាងជើង ឬអូតង់បានចាប់ផ្តើមដោយមានការប្រឈមមុខគ្នាកាលពីថ្ងៃពុធជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលបានរិះគន់ប្រទេសអាល្លឺម៉ង់។ ប្រធានាធិបតីត្រាំបានចោទប្រកាន់អាល្លឺម៉ង់ដែលជាសមាជិករបស់សម្ព័ន្ធមិត្តខាងការពារប្រទេសដ៏ធំបង្អស់ និងមានប្រាក់ច្រើនជាងគេបង្អស់ថាត្រូវបានរុស្ស៊ីចាប់ធ្វើជាចំណាប់ខ្មាំង។
ក្នុងអំឡុងនៃជំនួបពិសារអាហារពេលព្រឹកជាមួយលោក Jens Stoltenberg អគ្គលេខាធិការរបស់អង្គការអូតង់ លោកត្រាំបានរិះគន់អាល្លឺម៉ង់ចំពោះការអនុញ្ញាតឲ្យក្រុមហ៊ុនថាមពលរុស្ស៊ីឈ្មោះ Gazprom ស្ថាបនាបំពង់បង្ហូរឧស្ម័ន Stream 2 កាត់តាមផ្ទៃទឹករបស់ខ្លួន។
ប្រធានាធិបតីត្រាំបានពោលអះអាងថា «អាល្លឺម៉ង់បានបង់ប្រាក់រាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗទៅឲ្យរុស្ស៊ី។ តើយើងរួបរួមគ្នាយ៉ាងដូចម្តេចនៅពេលដែលប្រទេសមួយកំពុងទទួលថាមពលមកពីប្រទេសមួយទៀតដែលយើងចង់ប្រឆាំងនោះ?»។ ប្រធានាធិបតីត្រាំបានចោទសួរពីគោលការណ៍ការពាររួមរបស់អង្គការអូតង់។
តាមមេដឹកនាំសហរដ្ឋអាមេរិកគឺថា អាល្លឺម៉ង់បានលុបបំបាត់រោងចក្រប្រើធ្យូងថ្ម លុបបំបាត់រោងចក្រប្រើថាមពលនុយក្លេអ៊ែរ អាល្លឺម៉ង់កំពុងទទួលបានយកប្រេង និងឧស្ម័នយ៉ាងច្រើនពីប្រទេសរុស្ស៊ី។ ខ្ញុំគិតថា ការណ៍នេះជាអ្វីដែលអង្គការអូតង់ត្រូវពិនិត្យមើល។
លោកស្រីអធិការបតីអាល្លឺម៉ង់ Angela Merkel បាននិយាយថា លោកស្រីបានដឹងយ៉ាងច្បាស់កាលពីលោកស្រីនៅជាកុមារនៅក្នុងប្រទេសអាល្លឺម៉ង់ខាងកើតដូចជាការរស់នៅក្រោមការត្រួតត្រារបស់សូវៀត។ ក៏ប៉ុន្តែ លោកស្រីបានពន្យល់ថា កិច្ចព្រមព្រៀងថាមពលជាមួយរុស្ស៊ី មិនធ្វើឲ្យរដ្ឋាភិបាលអាល្លឺម៉ង់នៅសតវត្សរ៍ទី២១នេះត្រូវចាប់ជំរិតដោយរដ្ឋាភិបាលក្រុងមូស្គូទេ៕