ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ប្រធានាធិបតី​អាមេរិក​ព្រលះ​ប្រទេស​អាល្លឺម៉ង់​ថា​ជា​ «ចំណាប់​ខ្មាំង» ​របស់​រុស្ស៊ី


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ ថ្លែង​ទៅ​កាន់​អគ្គលេខាធិការ​អង្គការ​អូតង់ លោក Jens Stoltenberg នៅ​ក្នុង​កិច្ច​ប្រជុំ​ទ្វេភាគី នៅ​ទីក្រុង​ប្រ៊ុចសែល កាល​ពី​ថ្ងៃទី​១១ កក្កដា ២០១៨។
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ ថ្លែង​ទៅ​កាន់​អគ្គលេខាធិការ​អង្គការ​អូតង់ លោក Jens Stoltenberg នៅ​ក្នុង​កិច្ច​ប្រជុំ​ទ្វេភាគី នៅ​ទីក្រុង​ប្រ៊ុចសែល កាល​ពី​ថ្ងៃទី​១១ កក្កដា ២០១៨។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ដូណាល់ ត្រាំ​ បាន​ព្រលះ​ខ្លាំងៗ​ជា​សាធារណៈ​ដាក់​ប្រទេស​អាល្លឺម៉ង់ នៅ​ពេល​ចាប់​ផ្ដើម​កិច្ច​ប្រជុំ​កំពូល​ប្រចាំ​ឆ្នាំ​របស់​អង្គការ​អូតង់​នៅ​ក្នុង​ទីក្រុង​ប្រ៊ុចសែល ប្រទេស​ប៊ែលហ្ស៊ិក ដោយ​ចោទ​ប្រកាន់​ប្រទេស​អាល្លឺម៉ង់​ថា​ជា «ចំណាប់ខ្មាំង» របស់​ប្រទេស​រុស្ស៊ី។

លោក ត្រាំ​ បាន​ព្រលះ​ដូច្នេះ ដោយ​សារ​តែ​អាល្លឺម៉ង់​បាន​គាំទ្រ​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​បំពង់​បង្ហូរ​ឧស្ម័ន​សមុទ្រ​បាល់តិក​ជាមួយ​នឹង​រុស្ស៊ី។

នៅ​ក្នុង​អំឡុង​ពេល​ជំនួប​អាហារ​ពេល​ព្រឹក​ដ៏​តឹងតែង​មួយ​ជាមួយ​នឹង​អគ្គលេខាធិការ​អង្គការ​អូតង់​លោក Jens Stoltenberg នៅ​ថ្ងៃ​ពុធ​នេះ លោក ត្រាំ​ បាន​និយាយ​ថា ប្រទេស​អាល្លឺម៉ង់​បាន​ចំណាយ​ថវិកា​រាប់​ពាន់​លាន​ដុល្លារ​ទៅ​ឲ្យ​ប្រទេស​រុស្ស៊ី។

លោក ត្រាំ​ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា វា «ពិត​ជា​មិន​សមរម្យ» ទេ ដែល​សហរដ្ឋ​អាមេរិក​ចំណាយ​ថវិកា​ច្រើន​ជាង​បណ្ដា​ប្រទេស​សមាជិក​អង្គការ​អូតង់​ដទៃ​ទៀត ដើម្បី​ការពារ​ទ្វីប​អឺរ៉ុប។

លោក ត្រាំ​ បាន​ទាមទារ​ឲ្យ​សមាជិក​អង្គការ​អូតង់​រួម​ចំណែក​ថវិកា​បន្ថែម​ទៀត​ទៅ​ឲ្យ​សម្ព័ន្ធ​ភាព​ផ្នែក​ការពារ ដែល​ជា​គ្រឹះ​ដ៏​សំខាន់​មួយ​នៃ​កិច្ច​សហប្រតិបត្តិការ​យោធា​របស់​បស្ចិម​ប្រទេស​ក្រោយ​សម័យ​សង្គ្រាម​លោក​លើក​ទី​ពីរ។

លោក Jens Stoltenberg បាន​តប​វិញ​ដោយ​សង្កត់​ធ្ងន់​ថា សមាជិក​អង្គការ​អូតង់​មាន​លទ្ធភាព​ធ្វើ​ការ​ជាមួយ​គ្នា ទោះ​បីជា​ពួកគេ​មាន​ទស្សនៈ​ខុស​គ្នា​ក៏​ដោយ។

គេ​រំពឹង​ថា លោក ត្រាំ​ នឹង​នៅ​បន្ត​តតាំង​ជាមួយ​នឹង​សមាជិក​អង្គការ​អូតង់​ដទៃ​ទៀត​អំពី​ការ​រួម​ចំណែក​ថវិកា​ផ្នែក​យោធា​របស់​ពួកគេ នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ប្រចាំ​ឆ្នាំ​នេះ ដែល​កិច្ច​ប្រជុំ​នេះ​បាន​ធ្វើ​ឡើង​ចំ​ពេល​ដែល​ទំនាក់ទំនង​រវាង​ប្រធានាធិបតី​អាមេរិក និង​សម្ព័ន្ធ​មិត្ត​ជិតស្និទ្ធ​បំផុត​ជា​យូរ​មក​ហើយ​របស់​សហរដ្ឋ​អាមេរិក មាន​ភាព​តានតឹង៕

XS
SM
MD
LG