ប្រធានទីបញ្ជាការសហរដ្ឋអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក បានបញ្ជាក់នៅថ្ងៃពុធនេះថា ការដាក់បញ្ចូលគ្នានូវគ្រាប់ផ្លោងមីស៊ីល ជាមួយនឹងក្បាលគ្រាប់នុយក្លេអ៊ែរ នៅក្នុងកណ្ដាប់ដៃរបស់មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un គឺជា «រូបមន្តមួយសម្រាប់ក្ដីមហន្តរាយ»។
ដោយថ្លែងនៅក្នុងកម្មវិធីមួយនៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន លោកមេបញ្ជាការកងទ័ពជើងទឹក Harry Harris បាននិយាយថា ការសាកល្បងបាញ់មីស៊ីលណាមួយក៏ដោយ ដែលប្រទេសកូរ៉េខាងជើងបានធ្វើឡើង អាចធ្វើឲ្យប្រទេសនេះឈានកាន់តែជិតទៅរកសមត្ថភាពដែលអាចបាញ់គ្រាប់មីស៊ីលដែលបំពាក់ដោយក្បាលគ្រាប់នុយក្លេអ៊ែរបាន។
លោក Harry Harris បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំអាចសន្និដ្ឋានបានថា ការអះអាងរបស់លោក Kim Jong Un គឺជាការពិត ដោយសារតែខ្ញុំដឹងអំពីគោលបំណងពិតរបស់គាត់។ ដូច្នេះហើយ ខ្ញុំជឿលើការអះអាងរបស់គាត់... ហើយករណីនេះគួរតែធ្វើឲ្យយើងទាំងអស់គ្នាដោះស្រាយបញ្ហានេះក្នុងពេលឥឡូវនេះ ឲ្យបានឆាប់ជាទីបំផុត»។
លោកស្រី Nikki Haley អគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ បានប្រាប់បណ្ដាប្រទេសនានា កាលពីថ្ងៃអង្គារម្សិលមិញថា ពួកគេត្រូវតែចូលរួមនៅក្នុងកិច្ចប្រឹងប្រែងរារាំងកូរ៉េខាងជើងមិនឲ្យមានអាវុធនុយក្លេអ៊ែរ ដោយបានព្រមានថា ពួកគេអាចប្រឈមនឹងការដាក់ទណ្ឌកម្ម ប្រសិនបើពួកគេជួយកូរ៉េខាងជើងឲ្យសម្រេចបានកម្មវិធីអាវុធនុយក្លេអ៊ែរនោះ។
លោកស្រី Haley បានថ្លែងដូច្នេះ នៅមុនកិច្ចប្រជុំឯកជនរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្ដីអំពី ការបាញ់គ្រាប់ផ្លោងមីស៊ីលដោយខុសច្បាប់របស់ប្រទេសកូរ៉េខាងជើង នាពេលថ្មីៗនេះ។ កិច្ចប្រជុំរបស់អង្គការសហប្រជាជាតិនេះ ត្រូវបានអំពាវនាវឲ្យធ្វើឡើងដោយសហរដ្ឋអាមេរិក ប្រទេសជប៉ុន និងកូរ៉េខាងត្បូង៕