ជនផ្តាច់ខ្លួនចំនួន ១១នាក់ពីកូរ៉េខាងជើង ដែលត្រូវបានឃុំខ្លួននៅវៀតណាម កំពុងស្នើសុំរដ្ឋាភិបាលកូរ៉េខាងត្បូងឲ្យផ្តល់សិទ្ធិជ្រកកោនដល់ពួកគេនៅក្រុងសេអ៊ូល ដើម្បីឲ្យពួកគេអាចគេចផុតពីការបញ្ជូនត្រឡប់ទៅកាន់ប្រទេសកូរ៉េខាងជើងវិញ នេះបើយោងតាមក្រុមសកម្មជនកូរ៉េខាងត្បូងមួយ។
លោក Peter Jung ប្រធានក្រុមសកម្មជន «យុត្តិធម៌សម្រាប់កូរ៉េខាងជើង» (Justice for North Korea) ដែលជាក្រុមគាំពារសិទ្ធិមួយមានមូលដ្ឋាននៅក្រុងសេអ៊ូល បានប្រាប់ VOA ភាសាកូរ៉េ ថា ជនផ្តាច់ខ្លួនម្នាក់ក្នុងចំណោមនោះ ដែលមានទូរសព្ទដៃ បានទាក់ទងស្ថានទូតកូរ៉េខាងត្បូង នៅប្រទេសវៀតណាម ដើម្បីសុំជំនួយ។
លោក Jung បាននិយាយថា «ស្ថានទូតកូរ៉េខាងត្បូងបានប្រាប់ពួកគេថា ស្ថានទូតនឹងចាត់វិធានការសមស្របដើម្បីជួយពួកគេ។ ប៉ុន្តែពួកគេមិនទាន់បានឮដំណឹងអ្វីទៀតទេពីស្ថានទូតតាំងពីដើមខែធ្នូមក»។
ស្រ្តីចំនួន ៨នាក់ ដែលមានអាយុរវាង ២០ទៅ៥០ឆ្នាំ និងបុរសបីនាក់ទៀតដែលមានអាយុ២០ផ្លាយ បានឆ្លងព្រំដែនពីចិនចូលទៅវៀតណាមកាលពីថ្ងៃទី២៣ ខែវិច្ឆិកា។ ឆ្នាំល្បាតព្រំដែនវៀតណាមបានឃុំខ្លួនពួកគេពីរថ្ងៃបន្ទាប់មកនៅក្រុង Lang Son។
យោងតាមលោក Jung ជនផ្តាច់ខ្លួនទាំងនោះកំពុងប្រឈមនឹងការបញ្ជូនត្រឡប់ទៅកូរ៉េខាងជើងវិញ ហើយបន្ទាប់ពីស្រ្តីមួយចំនួនបានសន្លប់ រដ្ឋាភិបាលវៀតណាមក៏សម្រេចចិត្តមិនបញ្ជូនពួកគេទាំងបង្ខំទៅប្រទេសចិនវិញ។ បច្ចុប្បន្ន វៀតណាមកំពុងឃុំខ្លួនជនផ្តាច់ខ្លួនពីកូរ៉េខាងជើងទាំងអស់នេះ។
នៅក្នុងវីដេអូឃ្លីបមួយ ដែលលោក Jung បានផ្តល់ឲ្យ VOA ស្រ្តីម្នាក់ក្នុងចំណោមនោះបានអង្វរករដ្ឋាភិបាលកូរ៉េខាងត្បូងថា «សូមជួយយកពួកយើងផង»។
នៅក្នុងវីដេអូឃ្លីបដោយឡែកមួយទៀតដែលលោក Jung បានផ្តល់ឲ្យ ស្រ្តីម្នាក់ទៀតដែលកំពុងតែមើលថែមនុស្សដទៃទៀតដែលមើលទៅកំពុងមានសុខភាពថមថយ បាននិយាយថា៖ «យើងកំពុងតែរត់ភៀសខ្លួនជាមួយនឹងអ្នកមានជំងឺដូចម្នាក់នេះ។ សូមជួយពួកយើងផង»។
ក្រសួងការបរទេសកូរ៉េខាងត្បូងបានប្រាប់ VOA ថា ខ្លួនបានដឹងពីក្រុមជនស្វែងរកសិទ្ធិជ្រកកោនទាំងនោះ។
អ្នកនាំពាក្យកូរ៉េខាងត្បូងបាននិយាយថា៖ «យើងកំពុងតែធ្វើការ និងពិភាក្សាជាមួយប្រទេសពាក់ព័ន្ធ (វៀតណាម)»។
VOA ព្យាយាមទាក់ទងទៅក្រសួងការបរទេសវៀតណាមដើម្បីសុំការបំភ្លឺ ប៉ុន្តែមិនទទួលបានការឆ្លើយតបនោះទេ។
ប្រសិនបើជនផ្តាច់ខ្លួនទាំង ១១នាក់នោះត្រូវបានបញ្ជូនទៅប្រទេសចិន ពួកគេទំនងជានឹងត្រូវបញ្ជូនទៅប្រទេសកូរ៉េខាងជើងវិញជាមិនខាន ហើយនៅទីនោះ ពួកគេនឹងប្រឈមនឹងការដាក់ទោសទណ្ឌធ្ងន់ធ្ងរដូចជា ការបង្ខំធ្វើពលកម្ម ការធ្វើទារុណកម្ម និងសូម្បីតែការប្រហារជីវិតក៏ថាបាន។ ប្រទេសចិនធ្លាប់បញ្ជូនជនផ្តាច់ខ្លួនកូរ៉េខាងជើងត្រឡប់ទៅវិញ។
ជនកូរ៉េខាងជើងដែលស្វែងរកសិទ្ធិជ្រកកោននៅកូរ៉េខាងត្បូងតែងតែឆ្លងព្រំដែនភាគខាងជើងនៃប្រទេសកូរ៉េខាងជើងទៅកាន់ប្រទេសចិន។ ពីប្រទេសចិន ពួកគេធ្វើដំណើរទៅកាន់ប្រទេសទីបីដើម្បីចូលទៅកាន់ប្រទេសកូរ៉េខាងត្បូង ពីព្រោះចិនបានពង្រីកការបង្រ្កាបលើក្រុមជនផ្តាច់ខ្លួនកូរ៉េខាងជើងកាលពីដើមឆ្នាំនេះ។
កាលពីខែមេសា វៀតណាមបានបញ្ជូនជនផ្តាច់ខ្លួនកូរ៉េខាងជើងបីនាក់ ដែលឆ្លងកាត់ពីព្រំដែនចិនចូលវៀតណាម ត្រឡប់ទៅចិនវិញ។
លោក Greg Scarlatoiu នាយកប្រតិបត្តិគណៈកម្មាធិការដើម្បីសិទ្ធិមនុស្សនៅកូរ៉េខាងជើង និយាយថា ចិនមិនគួរបញ្ជូនជនផ្តាច់ខ្លួនកូរ៉េខាងជើងទៅប្រទេសកំណើតរបស់ពួកគេវិញទេ។
លោកបាននិយាយថា៖ «ប្រសិនបើអ្នកមើលរបាយការណ៍របស់គណៈកម្មាការស៊ើបអង្កេតសិទ្ធិមនុស្សនៅកូរ៉េខាងជើងរបស់អ.ស.ប ជនផ្តាច់ខ្លួនពីកូរ៉េខាងជើងអាចត្រូវបានធ្វើទារុណកម្ម និងសម្លាប់» ដោយរដ្ឋាភិបាលរបស់ពួកគេ។
ចិនបានចូលរូមក្នុងអនុសញ្ញាជនភៀសខ្លួនឆ្នាំ ១៩៥១ របស់អ.ស.ប និងសន្ធិសញ្ញាឆ្នាំ ១៩៦៧ នៅឆ្នាំ១៩៨២ ដែលកំណត់និយមន័យសិទ្ធិជនភៀសខ្លួន នឹងការទទួលត្រូវរបស់បណ្តាប្រទេសនានាដែលផ្តល់សិទ្ធិជ្រកកោន។
យ៉ាងណាក្តី ចិនមិនបានគោរពតាមនិយមន័យជនភៀសខ្លួនកំណត់ដោយអង្គការសហប្រជាជាតិទេ និងមិនបានទទួលស្គាល់ជនផ្តាច់ខ្លួនកូរ៉េខាងជើងជាជនភៀសខ្លួននោះទេ ប៉ុន្តែជាជនចំណាកស្រុករកការងារធ្វើខុសច្បាប់ទៅវិញ។
ជនភៀសខ្លួនកូរ៉េខាងជើងនៅប្រទេសចិនត្រូវគេកាក់ស្មានថាមានប្រមាណពី ៣ទៅ ៥ម៉ឺននាក់។
ជនផ្តាច់ខ្លួនកូរ៉េខាងជើងប្រមាណ ៧៧១នាក់បានចូលប្រទេសកូរ៉េខាងត្បូងគិតត្រឹមខែកញ្ញា ឆ្នាំនេះ។ ហើយមានជនផ្តាច់ខ្លួនកូរ៉េខាងជើង ៣ម៉ឺន៣នាក់ទៀតកំពុងរស់នៅក្នុងប្រទេសកូរ៉េខាងត្បូង៕
ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា