ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាងជើង​សាកល្បង​មីស៊ីល​ផ្លោង​លើក​ទីពីរ​ក្នុង​ពេល​តែ​ប៉ុន្មាន​ថ្ងៃ


ប្រជាជនកូរ៉េខាងត្បូង​​មើល​​កម្មវិធីទូរទស្សន៍​ដែល​ចាក់​ផ្សាយ​​អំពី​ការ​បាញ់​មីស៊ីលផ្លោង​របស់​កូរ៉េខាងជើង​ នៅ​ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។
ប្រជាជនកូរ៉េខាងត្បូង​​មើល​​កម្មវិធីទូរទស្សន៍​ដែល​ចាក់​ផ្សាយ​​អំពី​ការ​បាញ់​មីស៊ីលផ្លោង​របស់​កូរ៉េខាងជើង​ នៅ​ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។

កូរ៉េ​ខាងជើង​បាន​សាកល្បង​មីស៊ីល​ផ្លោង​ចំនួន​ពីរ​គ្រាប់​កាលពី​ថ្ងៃពុធ​ដែល​ជា​ការ​បាញ់​សាកល្បង​លើក​ទីពីរ​ក្នុង​ពេល​មិនដល់​មួយ​សប្តាហ៍​ផង។ នេះ​ទំនង​ជា​ការ​ប៉ុនប៉ង​បង្កើន​សម្ពាធ​ការទូត​លើ​សហរដ្ឋ​អាមេរិក។​

យោធា​កូរ៉េ​ខាងត្បូង​ដែល​ឃ្លាំមើល​ការ​បាញ់​សាកល្បងនេះ​និយាយ​ថា​ មីស៊ីល​របស់​កូរ៉េ​ខាងជើង​បាន​ធ្វើ​ដំណើរ​ចម្ងាយ​ប្រហែល​៨០០​គីឡូម៉ែត្រ​កម្ពស់​៦០​គីឡូម៉ែត្រ​មុន​ពេល​ធ្លាក់​ចូល​សមុទ្រ​ខាងកើត​របស់​កូរ៉េ​ខាងជើង។​

ក្រសួង​ការពារជាតិ​ជប៉ុន​បាន​និយាយ​ថា មីស៊ីល​ទាំង​នោះ​មិន​បាន​ចូល​ក្នុង​ទឹកដី​ជប៉ុន​ទេ​ ហើយ​ធ្លាក់​នៅ​ខាង​ក្រៅ​តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ​របស់​ជប៉ុន។

នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ យោធា​អាមេរិក​បាន​និយាយ​ថា​ ខ្លួន​បាន​ដឹង​អំពី​ការ​បាញ់​សាកល្បង​នេះ​ ហើយ​បាន​វាយ​តម្លៃ​ថា​ វាមិន​បង្ក​ការ​គំរាម​កំហែង​ភ្លាមៗ​ដល់​បុគ្គលិក​ទឹកដី​ឬ​សម្ព័ន្ធ​មិត្ត​របស់​អាមេរិក​ទេ។​ សេចក្តី​ថ្លែង​ការណ៍​ដែល​ចេញ​ដោយ​បញ្ជាការដ្ឋាន​ឥណ្ឌូ-ប៉ាស៊ីហ្វិក​បាន​និយាយ​ថាទោះយ៉ាង​ណា​ការ​សាកល្បង​នេះ​«ឆ្លុះ​បញ្ចាំង​ពី​អស្ថិរភាព»​ នៃ​កម្មវិធី​អាវុធ​ខុស​ច្បាប់​របស់​កូរ៉េ​ខាងជើង។

ការ​បាញ់សាក​នេះ​កើត​ឡើង​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ពី​កូរ៉េខាង​ជើង​បាន​ប្រកាស​ថា​ ខ្លួន​បានបាញ់​សាក​មីស៊ីល​ផ្លោង​ចម្ងាយ​ឆ្ងាយ។ ​វា​ជាការ​សាកល្បង​មីស៊ីល​ជាលើក​ដំបូង​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ក្នុង​រយៈពេល​ប្រហែល​ ៦ ខែ។ ​

កាលពី​ចុងខែ​មុន ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​របស់​អង្គការ​សហ​ប្រជាជាតិ​បាន​និយាយ​ថា​ កូរ៉េ​ខាងជើង​ថ្មីៗ​នេះ​ហាក់ដូច​ជា​បាន​ចាប់​ផ្តើម​ជាថ្មី​នូវ​ដំណើរ​ការ​រ៉េអាក់ទ័រ​នុយក្លេអ៊ែរ​ផលិត​ព្លុយតូនីញ៉ូម​នៅ​ទីតាំង​នុយក្លេអ៊ែរ​ Yongbyon។​

ក្រុម​អ្នក​វិភាគ​និយាយ​ថា មីស៊ីល​នេះ​ឡើង​ដើម្បី​គេច​ពី​ប្រព័ន្ធ​ការពារ​របស់​ប្រទេស​ជិត​ខាង។

អ្នកវិភាគ​ខ្លះ​និយាយ​ថា​ វិធានការ​នេះ​បង្ហាញ​ថា​ កូរ៉េ​ខាងជើង​កំពុង​ព្យាយាម​បង្កើន​អានុភាព​ចរចា​ជាមួយ​អាមេរិក​ចំពេល​ដែល​កិច្ច​ចរចា​នុយក្លេអ៊ែរ​ជាប់​គាំង។​ កូរ៉េ​ខាងជើង​ជារឿយៗ​បាន​ចូលរួម​ក្នុង​វិស័យ​ការទូត​ បន្ទាប់ពី​បាន​បង្កើន​ភាព​តានតឹង​តាម​រយៈ​ការ​គំរាម​កំហែង​ដោយ​ពាក្យ​សម្តី​ឬ​ការ​សាកល្បង​អាវុធ។​

ការ​បាញ់​ចុងក្រោយ​របស់​កូរ៉េ​ខាងជើង​កើត​ឡើង​ស្របពេល​ដែល​លោក​ Sung Kim ​បេសក​ជន​ពិសេស​របស់​អាមេរិក​ប្រចាំ​កូរ៉េ​ខាងជើង​ធ្វើ​ដំណើរ​ទៅ​ទស្សន​កិច្ច​ទីក្រុង​តូក្យូ​ដោយ​លោក​ជួប​ជាមួយ​សមភាគី​មកពី​កូរ៉េ​ខាងត្បូង​និង​ជប៉ុន។

កាលពី​ថ្ងៃ​អង្គារ​ ប្រេសិត​អាមេរិក​បាន​លើក​សំណើ​រដ្ឋាភិបាល​ក្រុងវ៉ាស៊ីនតោន​ម្តង​ហើយ​ម្តងទៀត​ឱ្យ​ចាប់ផ្តើម​កិច្ច​ចរចា​ឡើងវិញ​ដោយ​គ្មាន​លក្ខខណ្ឌ​ ដោយ​និយាយ​ថា​ សហ​រដ្ឋ​អាមេរិក​បាន​ត្រៀម​ខ្លួន​រួច​ជាស្រេច​ដើម្បី​ធ្វើការ​ជាមួយ​កូរ៉េ​ខាងជើង​លើ​បញ្ហា​មនុស្ស​ធម៌​ ដោយ​មិន​ខ្វល់​ពី​វឌ្ឍនភាព​នៃ​ការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG