ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាង​ជើង​សាក​ល្បង​មីស៊ីល​ស្វ័យ​នាំផ្លូវ​រយៈ​ចម្ងាយ​ឆ្ងាយ​ដែល​រចនា​ឡើង​ដើម្បី​គេច​ពី​ប្រព័ន្ធ​ការពារ


កូរ៉េ​ខាង​ជើង​សាក​ល្បង​មីស៊ីល​ស្វ័យ​នាំផ្លូវ​រយៈ​ចម្ងាយ​ឆ្ងាយ ដូច​ក្នុង​រូបថត​ដែល​ផ្តល់​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​កូរ៉េខាង​ជើង (KCNA) កាលពីថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ២០២១។
កូរ៉េ​ខាង​ជើង​សាក​ល្បង​មីស៊ីល​ស្វ័យ​នាំផ្លូវ​រយៈ​ចម្ងាយ​ឆ្ងាយ ដូច​ក្នុង​រូបថត​ដែល​ផ្តល់​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​កូរ៉េខាង​ជើង (KCNA) កាលពីថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ២០២១។

កូរ៉េ​ខាង​ជើង​បាន​ធ្វើ​ការ​សាកល្បងមីស៊ីល​លើក​ដំបូង​របស់​ខ្លួន​នៅ​ក្នុង​រយៈ​ពេល​ប្រហែល​៦ខែ។ ​ការ​សាក​ល្បង​មីស៊ីល​ស្វ័យ​នាំផ្លូវ​រយៈ​ចម្ងាយ​ឆ្ងាយ​នេះ​អាច​ផ្តល់​ឲ្យ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​នូវ​មធ្យោបាយ​មួយ​ទៀត​ ដែល​អាច​គេច​ពី​ប្រព័ន្ធ​ការពារ​មីស៊ីល​របស់​ប្រទេស​ជិត​ខាង។​ នេះបើ​យោង​តាម​អ្នក​វិភាគ។​

បណ្តាញ​ព័ត៌មាន​រដ្ឋ​កូរ៉េ​ខាង​ជើង​បាន​រាយ​ការណ៍នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ មីស៊ីល​ស្វ័យ​នាំផ្លូវ​រយៈ​ចម្ងាយ​ឆ្ងាយដែល​ទើប​ផលិត​ថ្មី​ហោះ​បាន​ចម្ងាយ​១ពាន់​៥​រយ​គីឡូម៉ែត្រ​ពី​លើ​ទឹកដី​កូរ៉េ​ខាង​ជើង ​មុន​ពេល​វាយចំ​គោល​ដៅ​ដោយ​ជោគជ័យ។ ​

សេចក្តី​រាយ​ការណ៍​នេះ​មិន​បាន​និយាយ​ថា​ ​តើ​មីស៊ីល​ចំនួន​ប៉ុន្មាន​ត្រូវ​បាន​សាក​ល្បង​នោះ​ទេ​ ក៏​ប៉ុន្តែ​បាន​និយាយ​ថា ​ការសាកល្បង​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​សៅរ៍​និង​ថ្ងៃ​អាទិត្យ។​

រូបភាព​ដែល​ចុះផ្សាយ​ក្នុង​បណ្តាញ​ព័ត៌មាន​រដ្ឋ​កូរ៉េ​ខាង​ជើង​បាន​បង្ហាញ​មីស៊ីល​មួយ​ដែល​ត្រូវ​បាន​បាញ់​ចេញ​ពី​ជើងទម្រ​ចល័ត​ដែល​មាន​កាណុង​៥ ​ដែល​ទំនង​ជា​ចត​នៅ​លើ​ផ្លូវ។​

ពួក​អ្នក​វិភាគ​ជា​ច្រើន​បាន​និយាយ​ថា​ ​ មីស៊ីល​នេះ​មាន​លក្ខណៈ​ប្រហែល​មីស៊ីល​ Tomahawk​ របស់​សហរដ្ឋ​អាមេរិក ​ដែល​អាច​ផ្ទុក​នុយក្លែអ៊ែរ​ ដោយ​មាន​វង់​ប្រតិបត្តិការ​ចម្ងាយ​១​ពាន់​៦​រយ​គីឡូម៉ែត្រ។​

ការ​សាកល្បង​មីស៊ីល​នេះ​ទំនង​ជា​បង្កហេតុ​តិច​ជាង​ការ​បាញ់​មីស៊ីល​ផ្លោង​អន្តរទ្វីប​ដែល​នឹង​ទាក់ទិន​បច្ចេកវិទ្យា​ដែល​អាច​បាញ់​ដល់​ដី​គោក​សហ​រដ្ឋ​អាមេរិក។​

ក៏ប៉ុន្តែ​ការ​បាញ់​នេះ​នឹង​ត្រូវ​ចាត់​ទុក​ជា​ការ​ស្ទង់​ជំហរ​របស់​លោក​ប្រធានាធិបតី​ Joe Biden ​ដែល​បាន​និយាយ​ថា ​លោក​បើក​ចំហ​ឲ្យ​មាន​ទាំង​គំនាប​ការទូត​ និង​សេដ្ឋកិច្ច​លើ​ប្រទេស​កូរ៉េ​ខាង​ជើង។

មន្ត្រី​អាមេរិក​ និង​កូរ៉េ​ខាងត្បូង​ជា​ធម្មតា​រក​ឃើញ​ និង​រាយ​ការណ៍​អំពី​ការ​សាកល្បង​មីស៊ីល​របស់​កូរ៉េ​ខាងជើង​ភ្លាមៗ ប៉ុន្តែ​លើក​នេះ​ពួកគេ​មិន​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ទេ ​រហូត​ដល់​ក្រោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េ​ខាងជើង​ធ្វើ​សេចក្តី​ប្រកាស។​ នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ យោធា​អាមេរិក​បាន​និយាយ​ថា ខ្លួន​បាន​ដឹង​អំពី​ការ​សាកល្បង​នេះ ហើយ​កំពុង​តាមដាន​ និង​ពិគ្រោះ​យោបល់​យ៉ាង​ដិតដល់​ជាមួយ​សម្ព័ន្ធ​មិត្ត​ និង​ដៃគូ​របស់​ខ្លួន។​

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មក​វីអូអេ​ ​ យោធា​កូរ៉េ​ខាងត្បូង​បាន​បញ្ជាក់អំពីការ​បាញ់​នេះ​ ដោយ​និយាយ​ថា​ ខ្លួន​កំពុង​ធ្វើ​ការ​វិភាគ​លម្អិត​ ដោយ​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ទីភ្នាក់ងារ​ស៊ើប​ការណ៍​កូរ៉េ​ខាងត្បូង ​និង​អាមេរិក។​

នេះ​ជា​ការ​បាញ់​មីស៊ីល​ដំបូង​បង្អស់​របស់​កូរ៉េ​ខាងជើង​ចាប់តាំង​ពី​ខែ​មីនា​មក​នៅ​ពេល​ប្រទេស​នេះ​ទំនងជា​សាក​ល្បង​បច្ចេក​វិទ្យា​មីស៊ីល​ហោះ។ ​ការ​សាកល្បង​នេះ​ត្រូវ​បាន​បញ្ជាក់​ដោយ​មន្ត្រីអាមេរិក បន្ទាប់ពី​មាន​សេចក្តី​រាយ​ការណ៍​ដំបូង​អំពី​ការ​សាកល្បង​នេះនៅ​ក្នុង​កាសែត ​The Washington Post៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG