កិច្ចចរចារយៈពេល៣ថ្ងៃរវាងរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងនិងស៊ុយអែតបានបញ្ចប់កាលពីថ្ងៃសៅរ៍។ កិច្ចប្រជុំនេះអាចនាំឱ្យមានជំនួបរវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន។
កាលពីថ្ងៃសុក្រ ឯកអគ្គរដ្ឋទូតស៊ុយអែតលោក Olof Skoog បាននិយាយថា ប្រទេសរបស់លោកកំពុងព្យាយាមជួយបន្ថយភាពតានតឹងនៅលើឧបទ្វីបកូរ៉េដោយធ្វើជាម្ចាស់ផ្ទះការចរចានេះ។ ស៊ុយអ៊ែតគឺប្រទេសមួយនៃបណ្តាប្រទេសលោកខាងលិចដែលមានស្ថានទូតនៅក្រុងព្យុងយាង។
ស្ថានទូតនោះផ្តល់ជូនសេវាការទូត មិនគ្រាន់តែសម្រាប់ពលរដ្ឋស៊ុយអែតទេ ប៉ុន្តែសម្រាប់ពលរដ្ឋអាមេរិក កាណាដា និងអូស្ត្រាលីផងដែរ។
លោក Skoog បានប្រាប់ក្រុមអ្នកកាសែតថា «ស្ថានការណ៍សន្តិសុខនៅលើឧបទ្វីបនេះគឺជាបញ្ហាមួយក្នុងចំណោមបញ្ហាសំខាន់បំផុតនៅក្នុងរបៀបវារៈពិភពលោកនាពេលឥឡូវនេះ ហើយប្រសិនបើប្រទេសស៊ុយអ៊ែតអាចដើរតួជាផ្នែកមួយក្នុងការកាត់បន្ថយភាពតានតឹងនៅទីនោះ នោះគឺជាអ្វីដែលយើងកំពុងព្យាយាមធ្វើ»។
រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងលោក Ri Yong Ho និងនាយករដ្ឋមន្ត្រីស៊ុយអែតលោក Stefan Lofven បានជួបគ្នានៅរដ្ឋធានីស្តុកខុល កាលពីថ្ងៃសុក្រ ប៉ុន្តែលោក Skoog និងអ្នកនាំពាក្យលោក Lofven មិនបានបង្ហាញអំពីអ្វីមន្រ្តីទាំងពីរបានពិភាក្សានោះទេ។ ទោះយ៉ាងណាក៏ដោយ លោក Skoog បានបន្ថែមថា កិច្ចពិភាក្សានៅរដ្ឋធានីស្តុកខុល នោះសង្ឃឹមថា នឹងជួយបង្កើតបរិយាកាសល្អសម្រាប់កិច្ចប្រជុំបែបនេះ៕