ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​​ខាង​​ជើង​​ថា ​ប្រធានាធិបតី​​រុស្ស៊ី​​លោក Putin នឹង​​ទៅ​ដល់​​កូរ៉េ​​ខាង​​ជើង​​នៅ​​ថ្ងៃ​​អង្គារ​​នេះ


រូបឯកសារ៖ ប្រធានាធិបតី​រុស្ស៊ីលោក Vladimir Putin និងមេដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong Un ក្នុង​អំឡុង​ទស្សនកិច្ច​នៅ​តំបន់ Amur ប្រទេស​រុស្ស៊ី កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។
រូបឯកសារ៖ ប្រធានាធិបតី​រុស្ស៊ីលោក Vladimir Putin និងមេដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong Un ក្នុង​អំឡុង​ទស្សនកិច្ច​នៅ​តំបន់ Amur ប្រទេស​រុស្ស៊ី កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។

បណ្តាញ​សារព័ត៌មាន​រដ្ឋ​កូរ៉េ​ខាង​ជើង​ថា​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putinនឹង​ទៅ​ដល់​ប្រទេស​នេះ​នៅ​ថ្ងៃ​អង្គារ​នេះ​ដើម្បី​បំពេញ​ទស្សនកិច្ច​រយៈពេល​២ថ្ងៃ។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មានAP។

លោក Putin ត្រូវ​គេ​រំពឹង​នឹង​ជួប​មេដឹកនាំ​កូរ៉េ​ខាង​ជើង លោក​ Kim Jong Unដើម្បី​ចរចា​ដែល​ផ្តោតលើ​ការ​ពង្រីក​កិច្ចសហប្រតិបត្តិការ​យោធា ​នៅ​ពេល​ដែល​មេដឹកនាំ​ទាំង​ពីរធ្វើ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​នូវ​សម្ព័ន្ធភាព​របស់​ប្រទេស​ទាំង​ពីរ ​នៅ​ក្នុង​ការប្រឈម​នៃ​ភាពឯកោ ​ពង្រីក​ការប្រឈម​ជាមួយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន។

ទីភ្នាក់ងារ​សារព័ត៌មាន​មជ្ឈិម​កូរ៉េ​ផ្លូវការ​របស់​កូរ៉េ​ខាង​ជើង​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ចន្ទ​ថា លោក Putin ​នឹង​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ទៅកាន់​ប្រទេស​កូរ៉េ​ខាង​ជើង​នៅ​ថ្ងៃ​អង្គារ​ និង​ថ្ងៃ​ពុធ​ ទៅ​តាម​ការអញ្ជើញ​របស់​លោក Kim។ បណ្តាញ​សារព័ត៌មាន​រដ្ឋ​កូរ៉េ​ខាង​ជើង​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែមភ្លាមៗ​ទេ។ រុស្ស៊ី​បាន​បញ្ជាក់​ពី​ការប្រកាសដំណើរ​ទស្សនកិច្ច​នេះ​ក្នុង​ពេល​ជាមួយគ្នា។

វា​នឹង​ក្លាយ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី ១ ​របស់​លោក Putin​ ទៅកាន់​ប្រទេស​កូរ៉េ​ខាង​ជើង​នៅ​ក្នុង​រយៈពេល​ ២៤ ​ឆ្នាំ។ ដំណើរ​ទស្សនកិច្ច​នេះ​កើត​មាន​ឡើង ​នៅពេល​មាន​ការ​ព្រួយ​កង្វល់​ជា​អន្តរជាតិ​កើនឡើង​អំពី​កិច្ចព្រមព្រៀង​អាវុធ​ ដែល​ក្នុង​នោះ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ផ្តល់​ឱ្យ​នូវ​គ្រាប់​រំសេវ​ដែល​រដ្ឋាភិបាល​ក្រុង​មូស្គូ​ត្រូវការ​យ៉ាង​ខ្លាំង​ដើម្បី​បញ្ឆេះ​សង្គ្រាម​របស់​លោក Putinនៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​នៅ​ក្នុង​ការដោះដូរ​ជំនួយ​សេដ្ឋកិច្ច​និង​ការផ្ទេរ​បច្ចេកវិទ្យា​ ដែល​នឹង​បង្កើន​ការគំរាម​កំហែង​ដែល​នឹង​ធ្វើ​ឡើង​ដោយ​កម្មវិធី​អាវុធ​នុយក្លែអ៊ែរ​និង​មីស៊ីល​របស់​លោក Kim។

កិច្ចសហ​ប្រតិបត្តិការ​យោធា សេដ្ឋកិច្ច​និង​វិស័យ​ផ្សេងៗទៀត​រវាង​កូរ៉េ​ខាង​ជើង​និង​រុស្ស៊ី​បាន​កើន​យ៉ាង​ខ្លាំង​ ចាប់តាំងពី​លោក Kim ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ចុង​តំបន់​ភាគ​ខាង​កើត​របស់​រុស្ស៊ី​នៅ​ក្នុង​ខែ​កញ្ញា​ឆ្នាំ​មុន ដើម្បី​ជួប​ជាមួយ​លោក Putinដែល​ជា​ជំនួប​លើក​ទី ១ ​របស់​លោក​ទាំងពីរ​ចាប់តាំង​ពី​ឆ្នាំ ២០១៩ ​មក។

ក្រុមមន្ត្រី​សហរដ្ឋ​អាមេរិក​និង​កូរ៉េ​ខាង​ត្បូង​បាន​ចោទប្រកាន់​កូរ៉េ​ខាង​ជើង​ពី​ការផ្តល់​ឱ្យ​រុស្ស៊ី​នូវ​កាំភ្លើង​ធំ កាំជ្រួច​មីស៊ីល​និង​ឧបករណ៍​យោធា​ផ្សេងៗទៀត​ដើម្បី​ជួយ​អូស​បន្លាយ​ការប្រយុទ្ធ​របស់​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ដែល​អាច​ជា​ការដោះដូរ​បច្ចេកវិទ្យា​យោធា​និង​ជំនួយ​ដ៏​សំខាន់។

ទាំង​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​និង​រដ្ឋាភិបាល​ក្រុង​មូស្គូ​បាន​បដិសេធ​ការចោទប្រកាន់​អំពី​ការផ្ទេរ​អាវុធ​របស់​ប្រទេស​កូរ៉េ​ខាង​ជើង ​ដែល​នឹង​កា្លយ​ជា​ការរំលោភ​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG