រដ្ឋាភិបាលកូរ៉េខាងជើងបានបញ្ជាក់ថា មេដឹកនាំរបស់ខ្លួនលោក Kim Jong Un បានត្រឡប់មកកាន់ប្រទេសកូរ៉េខាងជើងវិញហើយ បន្ទាប់ពីបានធ្វើទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី ដែលនៅទីនោះលោកបានពង្រឹង «ភាតរភាពសមមិត្តនិងទំនាក់ទំនងមិត្តភាព» ជាមួយនឹងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
របាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងកាលពីថ្ងៃអង្គារមិនបានផ្ដល់សេចក្ដីលម្អិតច្រើនអំពីទស្សនកិច្ចរយៈពេល ៦ ថ្ងៃរបស់លោក Kim ទៅកាន់ប្រទេសរុស្ស៊ីនោះទេ។
ទស្សនកិច្ចនេះគឺជាទស្សនកិច្ចទៅបរទេសដ៏យូរជាងគេបំផុតរបស់លោក Kim ក្នុងនាមជាមេដឹកនាំកូរ៉េខាងជើង។
លោក Kim បានទៅទស្សនាកន្លែងយោធាជាច្រើននៅក្នុងប្រទេសរុស្ស៊ី និងបាននិយាយកាលពីសប្ដាហ៍មុនថា ប្រទេសរបស់លោកផ្ដល់ការគាំទ្រពេញទំហឹងនិងគ្មានលក្ខខណ្ឌចំពោះលោក Putin។
ការលើកឡើងនិងកម្មវិធីទស្សនកិច្ចរបស់លោក Kim នេះបានបង្កឱ្យមានក្ដីបារម្ភអំពីលទ្ធភាពនៃកិច្ចព្រមព្រៀងសព្វាវុធ ដែលនៅក្នុងកិច្ចព្រមព្រៀងនោះ កូរ៉េខាងជើងអាចផ្ដល់គ្រាប់រំសេវសម្រាប់សង្គ្រាមរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែនដើម្បីជាថ្នូរក្នុងការទទួលបាននូវបច្ចេកវិទ្យារបស់រុស្ស៊ីសម្រាប់ការធ្វើទំនើបកម្មឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន៕