ប្រទេសកូរ៉េខាងជើងបានរៀបចំក្បួនព្យុហយាត្រាយោធាមួយនៅក្នុងទីក្រុងព្យុងយ៉ាងនៅថ្ងៃព្រហស្បតិ៍នេះ គឺធ្វើឡើងមួយថ្ងៃមុនការចាប់ផ្ដើមនូវពិធីបើកការប្រកួតកីឡាអូឡាំពិករដូវរងានៅថ្ងៃសុក្រខាងមុខនេះនៅក្នុងទីក្រុង PyeongChang ប្រទេសកូរ៉េខាងត្បូង។
ប្រភពព័ត៌មានពីរដ្ឋាភិបាលកូរ៉េខាងត្បូងបានឲ្យដឹងថា មនុស្សរាប់ម៉ឺននាក់បានចូលរួមនៅក្នុងក្បួនព្យុហយាត្រា និងការជួបជុំនៅឯទីលាន Kim Il Sung នេះ ដើម្បីប្រារព្ធខួបលើកទី ៧០ នៃការបង្កើតយោធាកូរ៉េខាងជើង។
ជាធម្មតា កូរ៉េខាងជើងកំណត់យកថ្ងៃទី ២៥ ខែមេសា ជាថ្ងៃមួយដែលបិតាស្ថាបនិកប្រទេសលោក Kim Il Sung ដែលជាជីតារបស់លោក Kim Jong Un មេដឹកនាំកូរ៉េខាងជើងបច្ចុប្បន្ន បានបង្កើតយោធាបដិវត្តន៍ដំបូងបង្អស់។ ប៉ុន្តែរដ្ឋាភិបាលកូរ៉េខាងជើងបានប្រកាសកាលពីខែមុនថា ខ្លួនប្ដូរថ្ងៃប្រារព្ធទិវានេះទៅថ្ងៃទី ៨ ខែកុម្ភៈវិញ ដែលជាការប្រឹងប្រែងក៏ច្បាស់ក្រឡែតមួយក្នុងការធ្វើឲ្យអន្តរជាតិចាប់អារម្មណ៍ មុនពេលខ្លួនចូលរួមប្រកួតកីឡាអូឡាំពិកដែលនឹងចាប់ផ្ដើមនៅថ្ងៃសុក្រស្អែកនេះនៅក្នុងប្រទេសកូរ៉េខាងត្បូង។
លោក Kim Jong Un បានបញ្ជូនគណៈប្រតិភូដ៏ធំមួយទៅកាន់ប្រទេសកូរ៉េខាងត្បូង ដើម្បីចូលរួមនៅក្នុងកីឡាអូឡាំពិក ដែលក្នុងនោះមានទាំងប្អូនស្រីរបស់លោកផងដែរ។ ប្អូនស្រីរបស់លោកKim Jong Un គឺជាសមាជិកជាន់ខ្ពស់នៃគណបក្សកម្មករកូរ៉េដែលជាគណបក្សកាន់អំណាចសព្វថ្ងៃ។ អត្តពលិកកូរ៉េខាងជើង ២២ នាក់ នឹងដើរក្បួនរួមគ្នាជាមួយនឹងសមភាគីកូរ៉េខាងត្បូងរបស់ពួកគេនៅក្រោមទង់កីឡារួមគ្នាមួយ៕