ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េខាងជើងបាញ់មីស៊ីលឆ្លងទ្វីប បន្ទាប់ពីថ្កោលទោសការបង្ហាញកម្លាំងដែលដឹកនាំដោយអាមេរិក


មនុស្សដើរកាត់កញ្ចក់អេក្រង់ទូរទស្សន៍ដែលបង្ហាញពីការបាញ់កាំជ្រួច​មីស៊ីល​ឆ្លងទ្វីប​របស់​កូរ៉េខាងជើង នៅទីក្រុងសេអ៊ូល កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។
មនុស្សដើរកាត់កញ្ចក់អេក្រង់ទូរទស្សន៍ដែលបង្ហាញពីការបាញ់កាំជ្រួច​មីស៊ីល​ឆ្លងទ្វីប​របស់​កូរ៉េខាងជើង នៅទីក្រុងសេអ៊ូល កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។

នៅ​ថ្ងៃចន្ទ​នេះ ប្រទេស​កូរ៉េ​ខាង​ជើង​បាន​បាញ់មីស៊ីល​ឆ្លង​ទ្វីប (ICBM) មួយ​គ្រាប់​ដែល​មាន​សមត្ថភាព​អាច​ហោះ​ដល់​ទីតាំងនៅ​ក្នុង​សហរដ្ឋ​អាមេរិក។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន ​Reuters ​ដែល​យោង​លើ​ការបញ្ជាក់​របស់​មន្ត្រី​ជប៉ុន​ម្នាក់។

នេះ​គឺ​ជា​ការបាញ់​មីស៊ីល​លើក​ទី​ពីរ​នៅ​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ នៅ​ពេល​ដែល​កូរ៉េ​ខាង​ជើង​ថ្កោលទោស​ការបង្ហាញ​កម្លាំង​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​ថា​ជា​វិធានការ​«សង្គ្រាម»។

​មីស៊ីល​ឆ្លង​ទ្វីប​នេះ​អាច​ហោះ​បាន​ចម្ងាយ​ជាង​១៥.០០០​គីឡូម៉ែត្រ​ដែល​មាន​ន័យ​ថា​វា​អាច​ហោះ​ដល់​ទីតាំង​ណា​មួយ​ក៏​បាន​នៅ​ក្នុង​ប្រទេស​ជប៉ុន​និង​សហរដ្ឋ​អាមេរិក។ នេះ​បើ​តាម​ការបញ្ជាក់​របស់​អនុ​រដ្ឋមន្ត្រី​ការពារជាតិជប៉ុន​លោក Shingo Miyake។

ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​កូរ៉េ​ខាង​ត្បូង​បាន​បញ្ជាក់​ថា មីស៊ីល​នោះ​គឺ​ជាមីស៊ីល​ឆ្លង​ទ្វីប​ដែល​ប្រើ​ឥន្ធនៈ​រឹង។ ក្រុមប្រឹក្សា​នេះ​បាន​ហៅ​ការបាញ់​នេះ​ថា​ជា​ទង្វើ​បង្ក​អស្ថិរភាព​ដែល​មិន​អើពើ​ចំពោះ​ការព្រមាន​របស់​អន្តរជាតិ​និង​សេចក្ដី​សម្រេច​ជាច្រើន​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។

ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក Yoon Suk Yeol បាន​បញ្ជា​ឱ្យ​មាន​ការធ្វើ​វិសិដ្ឋកម្ម​នូវ​ប្រតិបត្តិការ​ដ៏​មាន​ប្រសិទ្ធភាព​នៃ «វិធីបង្កា​នុយក្លេអ៊ែរ» ​របស់​កូរ៉េ​ខាង​ត្បូង​និង​សហរដ្ឋ​អាមេរិក។ នេះ​បើ​យោង​តាម​សេចក្ដី​ថ្លែងការណ៍​របស់​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​កូរ៉េ​ខាង​ត្បូង។

សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ជា​ថ្មី​អំពី​ការតាំងចិត្ត​របស់​ខ្លួន​នៅ​ក្នុង​ការ​ការពារ​ជប៉ុន​និង​កូរ៉េ​ខាង​ត្បូង បន្ទាប់ពី​មាន​ការបាញ់មីស៊ីល​ឆ្លង​ទ្វីប​របស់​កូរ៉េ​ខាង​ជើង​នេះ។ នេះ​បើ​តាម​ការបញ្ជាក់​របស់​សេតវិមាន​កាលពី​យប់​ថ្ងៃ​អាទិត្យ។

ទីប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិក​លោក Jake Sullivan បាន​និយាយ​ជាមួយ​ប្រធាន​ការិយាល័យ​សន្តិសុខ​ជាតិ​កូរ៉េ​ខាង​ត្បូង​លោក Cho Taeyong និង​អគ្គនាយក​លេខាធិការដ្ឋាន​សន្តិសុខ​ជាតិ​ជប៉ុន​លោក Akiba Takeo និង​បាន​ថ្កោលទោស​ការសាកល្បង​របស់​កូរ៉េ​ខាង​ជើង​នេះ​ថា​ជា «ការរំលោភ​យ៉ាង​ជាក់ស្ដែង​លើ​សេចក្ដី​សម្រេច​ជា​ច្រើន​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ»។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សេតវិមាន៕

XS
SM
MD
LG