យោធាកូរ៉េខាងត្បូងបានព្រមានកូរ៉េខាងជើងឱ្យលុបចោលផែនការបង្ហោះផ្កាយរណបឈ្លបយកការណ៍របស់ខ្លួនដោយលើកឡើងថា រដ្ឋាភិបាលកូរ៉េខាងត្បូងអាចផ្អាកកិច្ចព្រមព្រៀងអន្តរកូរ៉េ ដែលមានបំណងបន្ធូរបន្ថយភាពតានតឹង និងដាក់ឡើងវិញនូវឧបករណ៍តាមដាននៅប៉ុស្តិ៍ជួរមុខជាការឆ្លើយតប។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
កូរ៉េខាងជើងបានបរាជ័យក្នុងការប៉ុនប៉ងពីរលើករួចមកហើយ ក្នុងការបង្ហោះផ្កាយរណបស៊ើបការណ៍យោធាមួយគ្រឿងទៅក្នុងគន្លងតារាវិថី កាលពីពេលកន្លងទៅក្នុងឆ្នាំនេះ ប៉ុន្តែមិនបានធ្វើជាលើកទី៣ទៅតាមការសន្យារបស់ខ្លួនកាលពីខែតុលាកន្លងទៅនេះទេ។ មន្ត្រីកូរ៉េខាងត្បូងនិយាយថា ការពន្យារពេលនេះ ទំនងជាកូរ៉េខាងជើងកំពុងទទួលបានជំនួយបច្ចេកវិទ្យារបស់រុស្ស៊ី ហើយការបាញ់បង្ហោះអាចកើតមានក្នុងពេលឆាប់ៗខាងមុខនេះ។
មន្ត្រីយោធាជាន់ខ្ពស់កូរ៉េខាងត្បូង លោក Kang Hopil បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលផ្សាយតាមទូរទស្សន៍ថា៖ «យោធារបស់យើងនឹងដាក់ចេញវិធានការចាំបាច់មួយចំនួន ដើម្បីការពារជីវិតនិងសុវត្ថិភាពពលរដ្ឋកូរ៉េ ប្រសិនបើកូរ៉េខាងជើងនៅតែមានគម្រោងបាញ់បង្ហោះផ្កាយរណបចារកម្មរបស់ខ្លួន ក្នុងពេលដែលមានការព្រមានពីយើងរួចហើយនោះ»។
រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងលោក Shin Wonsik បានផ្តល់បទសម្ភាសន៍មួយជាមួយប្រព័ន្ធផ្សព្វផ្សាយសាធារណៈ KBS របស់កូរ៉េកាលពីថ្ងៃអាទិត្យកន្លងទៅនេះថា ការបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍របស់កូរ៉េខាងជើង អាចកើតមានឡើងនៅក្នុងខែវិច្ឆិកានេះ ហើយលោកថា អាជ្ញាធរកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក កំពុងតាមដានត្រួតពិនិត្យលើសកម្មភាពរបស់កូរ៉េខាងជើងជុំវិញរឿងនេះ។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានដាក់បម្រាមដល់កូរ៉េខាងជើង មិនឱ្យបាញ់បង្ហោះផ្កាយរណបណាមួយឡើយ ព្រោះខ្លួនចាត់ទុកថា នេះជាការធ្វើតេស្តបន្លំភ្នែកលើបច្ចេកវិទ្យាមីស៊ីលរបស់ខ្លួនតែប៉ុណ្ណោះ៕