ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េខាងជើងបញ្ចប់គោលនយោបាយបង្រួបបង្រួមឡើងវិញជាមួយកូរ៉េខាងត្បូង


មេដឹកនាំ​កូរ៉េខាង​ជើងលោក Kim Jong Un ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​របស់​សភាកំពូល​របស់​​កូរ៉េខាងជើង​ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤។ (AFP PHOTO/KCNA VIA KNS)
មេដឹកនាំ​កូរ៉េខាង​ជើងលោក Kim Jong Un ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​របស់​សភាកំពូល​របស់​​កូរ៉េខាងជើង​ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤។ (AFP PHOTO/KCNA VIA KNS)

ប្រទេស​កូរ៉េ​ខាង​ជើង​ប្រកាស​បញ្ចប់​គោល​នយោបាយ​របស់​ខ្លួន​ទាក់ទិន​នឹង​ការ​ស្វះស្វែង​រក​ការ​បង្រួបបង្រួម​ឡើង​វិញ​ជាមួយ​នឹង​ប្រទេស​កូរ៉េ​ខាង​ត្បូង។

មេដឹកនាំ​កូរ៉េ​ខាងជើង​លោក Kim Jong Un បាន​ស្នើ​ឲ្យ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដោយ​បញ្ចូលឃ្លា​ដែល​ចែង​ថា​ប្រទេស​កូរ៉េ​ខាង​ត្បូង​គឺជា «សត្រូវ​ចម្បង​និង​ជា​រៀង​រហូត» របស់​កូរ៉េ​ខាង​ជើង។ លោក​បាន​អំពាវនាវ​ដូច្នេះ​នៅ​ក្នុង​អំឡុង​ពេល​លោក​ថ្លែង​សុន្ទរកថា​កាលពី​ថ្ងៃ​ចន្ទ​នៅ​ពី​មុខ​សភា​កូរ៉េ​ខាងជើង។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​មជ្ឈិម​កូរ៉េ (KCNA) របស់​កូរ៉េ​ខាងជើង។

លោក Kim Jong Un បាន​និយាយ​ថា រដ្ឋធម្មនុញ្ញ​ក៏​គួរតែ​បញ្ចូល​ផែនការ​សម្រាប់ «ការ​ត្រួតត្រា ការ​បង្ក្រាប និង​ការ​ទាមទារ​យក​មក​វិញ» នូវ​កូរ៉េ​ខាងត្បូង​ផងដែរ ​ប្រសិនបើ​មាន​សង្គ្រាម​កើតឡើង​ជា​ថ្មី​រវាង​ប្រទេស​ទាំង​ពីរ ដែល​ជា​គូ​សត្រូវ​ដ៏​ជូរចត់​នេះ។

លោក Kim Jong Un បាន​បន្ថែម​ថា កូរ៉េ​ខាងជើង​គ្មាន​បំណង​ចាប់ផ្ដើម​សង្គ្រាម​នោះ​ទេ ហើយ​ក៏​គ្មាន​បំណង​បញ្ចៀស​សង្គ្រាម​ដែរ។

សភា​កូរ៉េ​ខាង​ជើង​បាន​ប្រកាស​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ខ្លួន​បាន​លុបចោល​ទីភ្នាក់ងារ​ពីរ​របស់​រដ្ឋាភិបាល​ដែល​ទទួល​ខុសត្រូវ​សម្រាប់​គម្រោង​ផ្ដួចផ្ដើម​បង្រួបបង្រួម​ឡើងវិញ​និង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ទីភ្នាក់ងារ​មួយ​ទៀត​ដែល​ជំរុញ​ផ្សព្វផ្សាយ​ឱ្យ​ពលរដ្ឋ​កូរ៉េ​ខាង​ត្បូង​ទៅ​លេង​កម្សាន្ត​នៅ​រមណីយដ្ឋាន​ភ្នំ Kumgang របស់​កូរ៉េ​ខាង​ជើង។

លោក Kim Jong Unបាន​បញ្ជា​ឱ្យបំផ្លាញ​ចោល​និមិត្តសញ្ញា​ទាំងអស់​នៃ​ការ​បង្រួបបង្រួម​ឡើង​វិញ​រវាង​កូរ៉េ​ខាងជើង​និង​កូរ៉េ​ខាងត្បូង ដែល​ក្នុង​នោះ​រួម​មាន​ទាំង «បូជនីយដ្ឋាន​តំណាង​ធម្មនុញ្ញ ៣ សម្រាប់​ការ​បង្រួបបង្រួម​ជាតិ​ឡើង​វិញ» នៅ​ក្នុង​រដ្ឋធានី​ព្យុងយ៉ាង​ដែល​កសាង​ឡើង​ដោយ​លោក Kim Jong Il ដែល​ជា​ឪពុក​របស់​លោក​ផងដែរ ដោយ​លោក​បាន​ហៅ​បូជនីយដ្ឋាន​នោះ​ថា​ជា «របស់​ទើស​ភ្នែក»។

ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក Yoon Suk Yeol បាន​ព្រលះ​ដាក់​ការ​លើកឡើង​របស់​លោក Kim Jong Un នៅ​ថ្ងៃ​អង្គារ​នេះ​ក្នុង​អំឡុង​ការ​ប្រជុំ​គណៈរដ្ឋមន្ត្រី​របស់​លោក​ថា​ជា​ការ​លើកឡើង​ដែល «ប្រឆាំង​នឹង​ជាតិ​និង​ប្រវត្តិសាស្ត្រ» និង​បាន​សន្យា​ថា​កូរ៉េ​ខាងជើង​នឹង​រង​ទណ្ឌកម្ម «ធ្ងន់ធ្ងរ​ជាង​នេះ​ច្រើន​ដង» ប្រសិនបើ​ប្រទេស​នេះ​វាយ​ប្រហារ​លើ​កូរ៉េ​ខាងត្បូង។​

ភាពតានតឹង​រវាង​កូរ៉េ​ខាងជើង​ និង​កូរ៉េ​ខាងត្បូង​កាន់តែ​អាក្រក់​ទៅៗ​ក្នុង​ប៉ុន្មាន​ឆ្នាំថ្មីៗ​នេះ​ ខណៈដែល​កូរ៉េ​ខាងជើង​បាន​បង្កើន​កម្មវិធី​សាកល្បង​មីស៊ីល​ផ្លោង​របស់​ខ្លួន​ ហើយ​បាន​ប្តេជ្ញា​ពង្រីក​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន។

ឧបទ្វីប​កូរ៉េ​ត្រូវ​បាន​បំបែក​រវាង​កូរ៉េ​ខាងជើង​ដែល​គ្រប់គ្រង​ដោយ​របប​កុម្មុយនិស្ត​ និង​ភាគខាងត្បូង​ដែល​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក​បន្ទាប់ពី​ការកាន់កាប់​អាណានិគម​ជាច្រើន​ទសវត្សរ៍​របស់​ជប៉ុន​បាន​បញ្ចប់​នៅ​ឆ្នាំ​ ១៩៤៥ ​ដោយ​ការចុះចាញ់​នៅក្នុង​សង្គ្រាម​លោក​លើក​ទីពីរ។

សង្គ្រាម​បាន​ផ្ទុះឡើង​រវាង​កូរ៉េ​ខាងជើង ​និង​ខាងត្បូង​ក្នុង​ឆ្នាំ ​១៩៥០ ​និង​បាន​បញ្ចប់​នៅ​ឆ្នាំ​១៩៥៣​ តាម​រយៈ​បទឈប់បាញ់​គ្នា​មួយ៕

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG