ប្រទេសកូរ៉េខាងជើងបានបើកការបាញ់មីស៊ីលផ្លោងបន្តទៀតនៅថ្ងៃអង្គារនេះ។ នេះជាការបាញ់ថ្មីបំផុតក្នុងការសាកល្បងអាវុធរបស់កូរ៉េខាងជើង និងជាការថ្កោលទោសសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងដែលបានចាប់ផ្តើមនៅដើមសប្តាហ៍នេះ។
កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងចម្ងាយជិតចំនួន២គ្រាប់ចូលទៅក្នុងសមុទ្រហួសពីឆ្នេរសមុទ្រខាងកើតរបស់ខ្លួន។ យោធាកូរ៉េខាងត្បូង បានថ្កោលទោសការបាញ់នោះថាជាការគំរាមកំហែងសន្តិសុខតំបន់។
ការបាញ់មីស៊ីលនេះ កើតឡើងមួយថ្ងៃក្រោយពីកូរ៉េខាងជើងបាននិយាយថាខ្លួនបានបាញ់មីស៊ីលថេរយុទ្ធសាស្ត្រចំនួន២ចេញពីនាវាមុជទឹកមួយគ្រឿង។ នេះជាលើកទី១ហើយដែលកូរ៉េខាងជើងបានអះអាងបែបនេះ។
ក្នុងពេលមួយឆ្នាំកន្លងមក កូរ៉េខាងជើងបានបាញ់មីស៊ីលជាច្រើនគ្រាប់ដែលគេមិននឹកស្មានដល់។
សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តកូរ៉េខាងត្បូងបានឆ្លើយតបដោយការបង្កើនសមយុទ្ធយោធារួមគ្នា។ កាលពីថ្ងៃចន្ទម្សិលមិញ ភាគីទាំងពីរបានចាប់ផ្តើមសមយុទ្ធទ្រង់ទ្រាយធំរយ:ពេល១១ថ្ងៃ រួមទាំងសមយុទ្ធធំជាងគេបង្អស់ខ្លះៗក្នុងពេល៥ឆ្នាំមកនេះ។
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោកNed Priceបាននិយាយកាលពីថ្ងៃចន្ទថា ការពង្រីកការបាញ់សាកល្បងអាវុធរបស់កូរ៉េខាងជើងនេះបានជួយញ៉ាំងឲ្យមានសមយុទ្ធយោធារួមកាន់តែធំឡើងរវាងអាមេរិកនិងកូរ៉េខាងត្បូង។
លោកបានថ្លែងក្នុងសម្ដីដើមថា«យើងនឹងមិនបណ្ដោយឲ្យកូរ៉េខាងជើងចាត់វិធានការណាមួយដើម្បីរារាំងយើងឬក៏បង្អាក់យើង មិនឲ្យធ្វើសកម្មភាពដែលយើងយល់ថាចាំបាច់ដើម្បីការពារស្ថិរភាពនៅឧបទ្វីបកូរ៉េនោះឡើយ»។
សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងនិយាយថាសមយុទ្ធយោធាទាំងនោះគឺដើម្បីការពារខ្លួន តែកូរ៉េខាងជើងចាត់ទុកសមយុទ្ធទាំងនោះថាជាការត្រៀមឈ្លានពានហើយជារឿយៗប្រើប្រាស់សមយុទ្ធទាំងនោះ ជាឱកាសមួយដើម្បីបាញ់សាកល្បងអាវុធសំខាន់ៗរបស់ខ្លួន។
កាលពីសប្តាហ៍មុន មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Unបានប្ដេជ្ញា«ចាត់វិធាន ការវាយបកដ៏មានឥទ្ធិពល» ដើម្បីឆ្លើយតបទៅនឹងសកម្មភាពរបស់អាមេរិកនិងកូរ៉េខាងត្បូង ដែលលោក Kim និយាយថា «កំពុងឈានចូលដល់បន្ទាត់ក្រហម»៕