គេបានឃើញកុមារី Ju Ae ដែលត្រូវជឿថាមានអាយុ១០ឆ្នាំ នៅក្នុងពេលពីរយប់បន្តបន្ទាប់គ្នានៅក្នុងការប្រារព្ធខួបលើកទី៧៥នៃការបង្កើតកងទ័ពប្រជាជនកូរ៉េ (KPA)។
បណ្តាញព័ត៌មានរដ្ឋកូរ៉េខាងជើងបានបង្ហាញឱ្យឃើញនាង Ju Ae ជាមួយលោក Kim និងម្តាយនាងគឺលោកស្រី Ri Sol Ju ឈរនៅលើវេទិកាប្រកបដោយភ្លើងភ្លឺចិញ្ចាចនៅទីលាន Kim Il Sung កាលពីយប់ថ្ងៃទី៨ ខែកុម្ភៈនៅពេលព្យុហយាត្រាយោធាមួយដែលមានការបង្ហាញក្បួនមីស៊ីលផ្លោងអន្តរទ្វីប ICBMs ធុន Hwasong-17 ចំនួន១១គ្រឿង។
នៅយប់មុនថ្ងៃនោះ នាង Ju Ae អង្គុយនៅចន្លោះឪពុកម្តាយនាងនៅក្នុងពិធីជប់លៀងដ៏សម្បូរហូរហៀមួយមានការចូលរួមដោយពួកឧត្តមសេនីយ៍យោធាជាន់ខ្ពស់។
ពួកអ្នកជំនាញមានជំនឿថាលោក Kim យកកូនស្រីលោកទៅកាន់ពិធីទាំងនេះដើម្បីឱ្យពិភពលោកដឹងថាសមិទ្ធិយោធារបស់លោកនឹងត្រូវផ្ទេរទៅឱ្យមនុស្សជំនាន់បន្តបន្ទាប់ដើម្បីធ្វើឱ្យប្រាកដប្រជាអំពីការរស់រានរបបគ្រប់គ្រងលោកច្រើនឆ្នាំបន្តទៅទៀត។
សែស្រឡាយ Paektu
លោក Du Hyeogn Cha អ្នកស្រាវជ្រាវនៅវិទ្យាស្ថានAsanខាងការសិក្សាអំពីគោលនយោបាយក្នុងក្រុងសេអ៊ូល បាននិយាយថា«លោក Kim បង្ហាញនិរន្តភាពនៃសែស្រឡាយភ្នំ Paektu»។
លោកបាននិយាយទៀតថា៖«លោក Kim គូសបញ្ជាក់ភាពជាមេដឹកនាំបីជំនាន់ដែលបានបន្តពីលោក Kim Il Sung ទៅលោក Kim Jong Il ហើយបន្ទាប់មកទៅខ្លួនលោកផ្ទាល់ ហើយនឹងមានបន្តទៅមនុស្សជំនាន់ទីបួនហើយនឹងមានជានិរន្តតទៅទៀត»។
សន្តតិវង្ស Kim បានភ្ជាប់ខ្លួនជាមួយភ្នំ Paektu ដែលជាកន្លែងប្រភពបែបអធិធម្មជាតិនៃប្រជារាស្ត្រកូរ៉េទាំងអស់ ពីព្រោះជាកន្លែងដែលគេនិយាយថាអ្នកបង្កើតតាមជំនឿសាសនានៃ Dangun ដែលជាកូនជាមនុស្សនៃអាទិទេពមួយអង្គនិងខ្លាឃ្មុំមួយក្បាល បានកើតនៅទីនោះកាលពីឆ្នាំ២៣៣៣មុនគ្រឹស្តសករាជ។ ភ្នំជាទីគោរពនេះឋិតនៅតាមព្រំដែនរវាងប្រទេសកូរ៉េខាងជើងនិងប្រទេសចិន។
របបគ្រប់គ្រងនៃប្រទេសកូរ៉េខាងជើងបាននិយាយអះអាងថាជីតាលោក Kim Jong Un និងស្ថាបនិកប្រទេសគឺលោក Kim Il Sung និងឪពុកលោកគឺលោក Kim Jong Il បានកើតលើភ្នំនេះ ជាផ្នែកមួយនៃការនិយាយឃោសនាត្រូវធ្វើឡើងដើម្បីធ្វើឱ្យគ្រួសារ Kim មានទាក់ទិននឹងទេវកថា ទោះជាលោក Kim Il Sung បានកើតនៅក្រុងព្យុងយ៉ាងហើយកូនលោកគឺលោក Kim Jong Il បានកើតនៅក្រុង Khabarovsk ប្រទេសរុស្ស៊ីក៏ដោយ។
លោក Michael Madden ជាអ្នកជំនាញម្នាក់អំពីថ្នាក់ដឹកនាំប្រទេសកូរ៉េខាងជើងនៅមជ្ឈមណ្ឌល Stimson។ លោកបាននិយាយថា៖«នេះជាសារមួយថាគ្រួសារ Kim នឹងកាន់អំណាចតទៅទៀតហើយនឹងបន្តតំណែងទៅកាន់មនុស្សជំនាន់ទីបួន»។ លោកបានបន្តថាការបង្ហាញខ្លួននាង Ju Ae ជាសញ្ញាបង្ហាញថានាង«ជាមនុស្សម្នាក់នៃពួកមេដឹកនាំប្រទេសជំនាន់ទីបួន»។
លោក Madden បានថ្លែងថាលោក Kim កំពុងប្រឹងប្រែងភ្ជាប់អាវុធដែលលោកបានអភិវឌ្ឍទៅនឹងពួកមេដឹកនាំជំនាន់ទីបួន ដោយបន្តកេរ្តិ៍ដំណែលនៃមីស៊ីល ICBMs ថ្មីៗដែលលោកបានបាញ់កាលពីឆ្នាំទៅ។
លោក Jong-Dae Shin ដែលជាសាស្ត្រាចារ្យនៃសាកលវិទ្យាល័យសិក្សាអំពីកូរ៉េខាងជើងនាក្រុងសេអ៊ូលបាននិយាយថា ប្រសិនបើការណ៍នេះមិនមែនជាសញ្ញាបង្ហាញថាលោក Kim មានអ្នកបន្តតំណែងទេនោះ គឺកូរ៉េខាងជើងប្រឹងប្រែងទាក់ទាញការយកចិត្តទុកដាក់ពីពិភពលោកដោយបង្ហាញរូបភាពនៃក្មេងស្រីនេះនិងមីស៊ីល។
លោក Shin បានថ្លែងថា«ផលធំបំផុត»ដែលកូរ៉េខាងជើងបានធ្វើដោយបង្ហាញនាង Ju Ae នៅពិធីយោធាគឺ«ទាក់ទាញការយកចិត្តទុកដាក់នៅក្រៅប្រទេសនិងក្នុងប្រទេស»។
អ្នកបន្តតំណែងតពូជ
លោក Kim បានបង្ហាញខ្លួននាង Ju Ae ដល់សាធារណជនកាលពីថ្ងៃទី១៨ខែវិច្ឆិកា គឺជាក្មេងស្រីតូចម្នាក់ឈរនៅមុខមីស៊ីល ICBM ធុន Hwasong-17 ធំមួយគ្រឿងនៅកន្លែងបង្ហោះ។ កូរ៉េខាងជើងបាននិយាយថាកងកម្លាំងយុទ្ធសាស្ត្ររបស់ខ្លួនបានធ្វើតេស្តបាញ់មីស៊ីល ICBM ប្រភេទថ្មីមួយដោយជោគជ័យនៅក្រោមការមើលការខុសត្រូវរបស់លោក Kim។
នាងបានលេចមុខទៀតនៅថ្ងៃចូលឆ្នាំថ្មីដោយបានទៅមើលរោងចក្រផលិតមីស៊ីលផ្លោងមួយដោយកាន់ដៃឪពុកនាង។
នៅពេលនេះ នាង Ju Ae បានបង្ហាញខ្លួនជាសាធារណៈប្រាំដងហើយ នាំឱ្យមានការនិយាយស្មានៗថាលោក Kim រៀបចំឱ្យនាងធ្វើជាអ្នកបន្តតំណែងពីលោក។
លោក Seong-Chang Cheong ជានាយកដេប៉ាតឺម៉ង់ខាងការសិក្សាយុទ្ធសាស្ត្រនៃការបង្រួបបង្រួមជាតិនៃវិទ្យាស្ថាន Sejong។ លោកបាននិយាយថាការនិយាយយោងដោយបណ្តាញសារព័ត៌មានរដ្ឋដល់នាង Ju Ae ថាជាកូនស្រី«ជាទីស្រឡាញ់»និង«ជាទីគោរព»របស់លោក Kim បញ្ជាក់ថាលោក Kim បានសម្រេចឱ្យកូនស្រីលោករូបនេះជាអ្នកបន្តតំណែងពីលោក។
លោក Cheong បានថ្លែងថា«ពាក្យពេចន៍ទាំងនេះត្រូវបានប្រើដើម្បីពណ៌នាមេដឹកនាំកំពូលបច្ចុប្បន្នគឺលោក Kim Jong Un ហើយការប្រើពាក្យបែបនេះដើម្បីនិយាយយោងដល់នាង Ju Ae មានន័យថានាងត្រូវបានសម្រេចរួចហើយឱ្យធ្វើជាមេដឹកនាំប្រទេសកូរ៉េខាងជើងនៅពេលបន្ទាប់ ក្រោយឪពុកនាង»។
កុមារីតូចនិងមីស៊ីលធំៗ
លោក Won Gon Park សាស្ត្រាចារ្យខាងការសិក្សាអំពីកូរ៉េខាងជើងនៅសាកលវិទ្យាល័យ Ewha Womans University នៅក្រុងសេអ៊ូល មិនយល់ថានាង Ju Ae ត្រូវបានជ្រើសរើសជាមេដឹកនាំទេ។
លោក Park បានថ្លែងថា«របបគ្រប់គ្រងកូរ៉េខាងជើងមិនបានចាត់វិធានការដោយធ្វើឱ្យមានអ្នកបន្តតំណែងម្នាក់ដោយអាថ៌កំបាំងនិងមានការគោរពដូចជាអាទិទេពទេ ដែលជាធម្មតាមានមុនការបង្ហាញខ្លួនមេដឹកនាំម្នាក់។ កូរ៉េខាងជើងបង្ហាញនាង Kim Ji Ae ដើម្បីជានិមិត្តរូបនៃរូបភាពត្រចះត្រចង់មួយនៃជំនាន់មនុស្សបន្តបន្ទាប់។
លោក Madden បាននិយាយថាទោះជានាង Ju Ae ត្រូវបានបណ្តុះបណ្តាលឱ្យទៅជាមេដឹកនាំលើកក្រោយឬមិនក៏ដោយ ក៏មានលទ្ធភាពថាលោក Kim ហ្វឹកហ្វឺននាងឱ្យស្អប់ស.រ.អ.និងកូរ៉េខាងត្បូងដែលរបបគ្រប់គ្រងកូរ៉េខាងជើងចាត់ទុកថាជាសត្រូវរបស់ពួកគេ។
លោកបានពោលថា៖«វាជាការសំខាន់ដែលមានក្មេងម្នាក់ចូលរួមក្នុងការបង្ហាញទាំងនេះ ដោយនាងមិនចាំបាច់ដឹងអំពីការទាក់ទិននៃមីស៊ីល ICBM មួយគ្រឿងទេនិងអំពីថាតើមីស៊ីលទាំងនេះអាចធ្វើអ្វីបាននោះទេ។ នាងមិនបានដឹងទេថាមីស៊ីលទាំងនេះអាចសម្លាប់មនុស្សរាប់លាននាក់បាន»៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ