ក្នុងអំឡុងពេលថ្លែងសុន្ទរកថាស្តីពីស្ថានភាពប្រទេសជាតិប្រចាំឆ្នាំកាលពីថ្ងៃទី៣០ ខែមករា កន្លងទៅនេះ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានថ្លែងថា៖ «គ្មានរបបណាដែលគាបសង្កត់ពលរដ្ឋរបស់ខ្លួនទាំងស្រុងនិងឃោរឃៅជាងរបបផ្តាច់ការដ៏គ្មានមេត្តាដូចរបបកូរ៉េខាងជើងទេ។ យើងគ្រាន់តែមើលបែបផែនខិលខូចនៃរបបកូរ៉េខាងជើង យើងនឹងអាចស្វែងយល់ពីសភាពនៃការគំរាមកំហែងអាវុធនុយក្លេអ៊ែររបស់ប្រទេសនេះចំពោះអាមេរិកនិងសម្ព័ន្ធមិត្តរបស់យើង។
សុន្ទរកថារបស់លោក ត្រាំ បានទទួលស្គាល់ពីការរំលោភបំពានសិទ្ធិមនុស្សក្នុងប្រទេសកូរ៉េខាងជើង ដោយលើកយកករណីលោក Ji Seong-ho ជាឧទាហរណ៍។លោក Ji និយាយថា «នឹងមានន័យណាស់ចំពោះប្រជាពលរដ្ឋកូរ៉េខាងជើង។ ការណ៍នេះអាចនឹងក្លាយជាការគំរាមកំហែងធំមួយចំពោះរបបកូរ៉េខាងជើង»។
លោក Ji បានលើកឈើច្រត់ទាំងគូរបស់លោកគ្រវីឡើង នៅពេលដែលលោកត្រាំ បានថ្លែងអំពីលោក និងនិយាយថា លោកមាន «ការរំជួលចិត្តយ៉ាងខ្លាំង» និង «មានកិត្តិយសណាស់» ដែលត្រូវបានលោក ត្រាំ និយាយអំពីលោកនៅក្នុងសុន្ទរកថាស្តីពីស្ថានភាពប្រទេសជាតិប្រចាំឆ្នាំលើកដំបូងរបស់លោក និងត្រូវបានក្រុមតំណាងរាស្រ្តអាមេរិកទះដៃសាទរ។
លោក Ji បានប្រាប់ VOA ផ្សាយជាភាសាកូរ៉េថា៖ «ខ្ញុំរំភើបរហូតស្រក់ទឹកភ្នែក។ ខ្ញុំមិនដែលមានអារម្មណ៍ថាទទួលបានកិត្តិយសបែបនេះទេក្នុងជីវិតរបស់ខ្ញុំ»។
លោក ត្រាំ បានយករឿងរ៉ាវរបស់លោក ជី ដើម្បីពណ៌នាអំពី «សភាពខូចខិល» របស់កូរ៉េខាងជើងនៅពេលដែលលោកបាននិយាយថា មេដឹកនាំទោល គីម ជុងអ៊ុន បន្ត«ចចេស» ផលិតអាវុធនុយក្លេអ៊ែរនិងកាំជ្រួចមីស៊ីល ដែល«នៅពេលឆាប់ៗនេះអាចនឹងគំរាមដល់សហរដ្ឋអាមេរិក»។ ជាជាងថ្កោលទោសកូរ៉េខាងជើង ដូចដែលលោកបានថ្លែងនិងសរសេរលើបណ្តាញTwitter កាលពីពេលមុនៗ លោក ត្រាំ បានលើកឡើងអំពីការរត់គេចខ្លួនពីភាពអស់សង្ឃឹមនិងភាពអត់ឃ្លានរបស់លោក Ji។
ដូចពលរដ្ឋកូរ៉េខាងជើងផ្សេងទៀតដែរ លោក Ji រងគ្រោះដោយសារគ្រោះទុរភិក្សក្នុងប្រទេសកូរ៉េខាងជើងចន្លោះឆ្នាំ១៩៩៥និងឆ្នាំ១៩៩៨។ ដោយសារតែគ្រោះធម្មជាតិជាច្រើននិងការដួលរលំគោលនយោបាយសេដ្ឋកិច្ចរបស់ខ្លួន បន្ទាប់ពីការដួលរលំសហភាពសូវៀតដែលបានបាត់បង់ការគាំទ្រសំខាន់ៗ ហើយប្រជាជនជាង៣លាននាក់បានស្លាប់ អ្នករស់នៅក្នុងទីក្រុងជាច្រើនមិនមានលទ្ធភាពអាចផ្គត់ផ្គង់ជីវភាពបាន។
កាលពីឆ្នាំ១៩៩៦ នៅពេលលោក Ji នៅជាយុវជន រាងកាយរបស់លោកហើមបន្ទាប់ពីលោកហូបស្មៅនិងដី។ លោក Ji បានប្រាប់ VOA កាលពីឆ្នាំ២០១៧ ថា «បំណងប្រាថ្នារបស់ខ្ញុំគឺចង់បរិភោគគ្រាប់ពោតពីរឬបីគ្រាប់ប៉ុណ្ណោះ មិនប្រាថ្នាដល់បាយសមួយចានទេ។ ហើយបំណងប្រាថ្នាធំបំផុតរបស់ខ្ញុំនៅពេលដែលខ្ញុំចាកចេញពីប្រទេសកូរ៉េខាងជើងគឺចម្អិនសត្វមាន់ទាំងមូលមួយក្បាល ហើយបរិភោគឲ្យអស់គ្មានសល់»។
លោក Ji និយាយថា មានពេលមួយនោះ «ខ្ញុំកំពុងជួយឪពុកម្តាយរបស់ខ្ញុំផ្គត់ផ្គង់ជីវភាព ដោយលួចធ្យូងពីរថភ្លើងដើម្បីយកទៅលក់នៅផ្សារ ខ្ញុំស្រាប់តែវិលមុខ ហើយធ្លាក់ពីលើរថភ្លើងដែលកំពុងតែចរាចរណ៍ទៅមុខ ហើយរថភ្លើងនោះក៏កិនខ្ញុំ»។ ពេលនោះហើយដែលដៃឆ្វេងនិងជើងឆ្វេងរបស់លោកត្រូវបានកាត់ចោលដោយមិនប្រើថ្នាំស្ពឹកនៅក្នុងប្រទេសកូរ៉េខាងជើង។
លោក Ji បានឆ្លងចូលប្រទេសចិនដោយប្រើឈើច្រត់ ដើម្បីរកចំណីអាហារ។ ប៉ុន្តែនៅពេលដែលលោកកំពុងធ្វើដំណើរត្រឡប់មកវិញ លោកត្រូវបានឆ្មាំកូរ៉េខាងជើងចាប់ខ្លួន។ លោកបានប្រាប់ VOA កាលពីឆ្នាំមុនថា៖ «ពួកគេប្រាប់ខ្ញុំថា ដោយសារខ្ញុំពិការ ខ្ញុំបាននាំភាពអាម៉ាស់ចូលប្រទេសកូរ៉េខាងជើង ហើយមនុស្សដែលមានជើងតែម្ខាងគួរតែស្នាក់នៅក្នុងផ្ទះ។ ពេលនោះហើយដែលខ្ញុំអស់ជំនឿលើរដ្ឋាភិបាលកូរ៉េខាងជើង»។
លោក Ji បានរត់ចេញពីប្រទេសកូរ៉េខាងជើងកាលពីឆ្នាំ២០០៦ ដោយឆ្លងតាមទន្លេ Tumen ទៅកាន់ប្រទេសចិន ហើយធ្វើដំណើរទៅកាន់ប្រទេសឡាវនិងមីយ៉ាន់ម៉ា មុននឹងចូលទៅកាន់ប្រទេសថៃ។ លោកត្រូវបានគេបញ្ជូនពីប្រទេសថៃទៅកាន់កូរ៉េខាងត្បូង ទីដែលលោកទទួលបានដៃនិងជើងសិប្បនិម្មិត។
លោក Ji នៅតែថែរក្សាឈើច្រត់ចាស់របស់លោក ដែលលោកបានលើកគ្រវីនៅចំពោះមុខតំណាងរាស្រ្ត។ លោកជីបាននិយាយថា៖ «ឈើច្រត់មួយគូនេះតំណាងឲ្យការរកឃើញសេរីភាពរបស់ខ្ញុំ និងបង្ហាញថាខ្ញុំកំពុងរស់នៅក្នុងជីវិតថ្មីមួយ។ វាគឺជាសារដែលខ្ញុំចង់ផ្ញើទៅកាន់ គីម ជុងអ៊ុន និងរបបរបស់ គីម ជុងអ៊ុន»។
បច្ចុប្បន្ន លោក Ji ជាអ្នកគ្រប់គ្រងអង្គការសកម្មភាពនិងការបង្រួបបង្រួមសម្រាប់សិទ្ធិមនុស្ស (NAUH) ក្នុងទីក្រុង សេអ៊ូល ដែលជាអង្គការមួយជួយប្រជាជនដែលចាកចេញពីកូរ៉េខាងជើងដោយធ្វើការសម្របសម្រួលការធ្វើដំណើររបស់ពួកគេចូលមកប្រទេសកូរ៉េខាងត្បូងនិងរៀបចំឲ្យមានការបង្រួបបង្រួម។
យោងតាមក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង ប្រជាពលរដ្ឋកូរ៉េខាងជើងដែលចុះចូលមកប្រទេសកូរ៉េខាងត្បូងមានចំនួន៣១.៣៣៩ នាក់ បើគិតចាប់តាំងពីឆ្នាំ១៩៩៨ដល់ឆ្នាំ២០១៧៕
ប្រែសម្រួលដោយ ទុំ ម្លិះ