កូរ៉េខាងជើងបានប្រាប់ឲ្យដឹងថា ខ្លួនបានផ្អាកការសាកល្បងអាវុធនុយក្លែអ៊ែរហើយមានផែនការបិទទីកន្លែងសាកល្បងអាវុធនុយក្លែអ៊ែររបស់ខ្លួន។
ទីភ្នាក់ងារព័ត៌មានកណ្តាលផ្លូវការកូរ៉េរបស់កូរ៉េខាងជើងប្រាប់ឲ្យដឹងនៅថ្ងៃសៅរ៍នេះថា «កូរ៉េខាងជើងនឹងមិនប្រើអាវុធនុយក្លែអ៊ែរឬផ្ទេរអាវុធនុយក្លែអ៊ែរឬបច្ចេក វិទ្យានុយក្លែអ៊ែរនៅក្នុងកាលៈទេសៈណាក៏ដោយ ប្រសិនបើមិនមានការគំរាមកំហែងនិងបង្កហេតុនុយក្លែអ៊ែរប្រឆាំងនឹងកូរ៉េខាងជើងទេ»។
យោធារបស់កូរ៉េខាងជើងក៏នឹងបញ្ឈប់ការសាកល្បងកាំជ្រួចមីស៊ីលវង់ប្រតិបត្តិ ការវែងហើយបាននិយាយទៀតថា ការផ្អាកនេះនឹងចូលជាធរមាននៅថ្ងៃសៅរ៍នេះ។
កូរ៉េខាងជើងបានប្រាប់ឲ្យដឹងថា រដ្ឋាភិបាលកំពុងចាត់វិធានការដើម្បីផ្លាស់ប្តូរការផ្តោតការយកចិត្តទុកដាក់របស់ខ្លួនហើយនឹងធ្វើឲ្យប្រសើរឡើងនូវសេដ្ឋកិច្ច។
ព្រឹត្តការណ៍នេះកើតមានឡើងមិនដល់មួយសប្តាហ៍ផងមុនពេលមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន មានគម្រោងជួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in នៅឯសន្និសីទកំពូលដើម្បីព្យាយាមបញ្ចប់ភាពមិនចាញ់មិនឈ្នះអាវុធនុយក្លែអ៊ែរនៅលើឧបទ្វីបកូរ៉េ។
សហរដ្ឋអាមេរិកនិងកូរ៉េខាងជើងកំពុងមានផែនការធ្វើសន្និសីទកំពូលដាច់ដោយឡែកពីគ្នា ទោះជាយ៉ាងណាក៏ដោយ មិនទាន់បានកំណត់កាលបរិច្ឆេទនៅឡើយទេ។
បន្ទាប់ពីការប្រកាសនេះ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំបានចេញសារតាមប្រព័ន្ធ Twitter ថា ការប្រកាសរបស់កូរ៉េខាងជើងជាព័ត៌មានល្អបំផុតសម្រាប់កូរ៉េខាងជើងនិងពិភពលោក។ លោកប្រធានាធិបតីត្រាំនិយាយទៀតថា លោករំពឹងនឹងចូលរួមសន្និសីទកំពូល៕