សត្វស្លាបនៅតំបន់វាលស្មៅនៅទ្វីបអាមេរិកខាងជើងកំពុងស្ថិតក្នុងមហន្តរាយក្នុងពេល ៥០ ឆ្នាំក្រោយមកបន្ទាប់ពីមានការអនុម័តច្បាប់ស្តីពីប្រភេទសត្វជិតផុតពូជ (Endangered Species Act) ដោយសារការបាត់បង់ជម្រកសត្វ ការសឹករេចរឹលដី និងការប្រែប្រួលអាកាសធាតុបានគំរាមប៉ះពាល់ដល់អ្វីដែលនៅសេសសល់ពីតំបន់មួយដែលធ្លាប់ជាប្រព័ន្ធអេកូឡូស៊ីដ៏ធំ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
ចំនួនសត្វស្លាបនៅតំបន់វាលស្មៅទាំងនេះបានធ្លាក់ចុះជាងពាក់កណ្តាលតាំងពីឆ្នាំ ១៩៧០ មក គឺច្រើនជាងប្រភេទសត្វស្លាបផ្សេងទៀត ដោយប្រភេទសត្វស្លាបខ្លះបានថយចុះចំនួន ៧៥% ឬច្រើនជាងនេះ។ អ្នកវិទ្យាសាស្ត្រ ទីភ្នាក់ងាររដ្ឋាភិបាល កសិករ និងអ្នកចិញ្ចឹមសត្វកំពុងធ្វើការជាមួយគ្នាដើម្បីកុំឱ្យមានការបាត់បង់ទាំងនេះ។
អ្នកស្រាវជ្រាវប្រើប្រព័ន្ធគំរូទំនើបតាមកុំព្យូទ័រដើម្បីកំណត់ការគំរាមកំហែងដ៏ធំបំផុតនេះ។
ពួកគេបានដំឡើងប៉មចាប់សញ្ញាទូរមាត្រដើម្បីតាមដានសត្វស្លាបទាំងនេះ។ ម្ចាស់ដីធ្លីនានាបានអនុវត្តវិធីមួយចំនួនសម្រាប់ជួយដល់ជីវភាពរបស់ពួកគេនិងសត្វស្លាប។
នៅពេលលោក Reed Cammack ឮសំឡេងដំបូងនៃសត្វស្លាប meadowlark នៅរដូវផ្ការីក លោកដឹងថាគ្រួសាររបស់លោកបានឆ្លងផុតរដូវរងាធ្លាក់ទឹកកកមួយលើកទៀតនៅប៉ែកខាងលិចនៃតំបន់វាលស្មៅក្នុងរដ្ឋ South Dakota សហរដ្ឋអាមេរិក។
លោកបាននិយាយថា គ្មានអ្វីប្រសើរជាងការងើបពីដំណេកនៅពេលថ្ងៃរះនៅពេលដែលសត្វស្លាបបន្លឺសំឡេងឡើងធ្វើឱ្យតំបន់នោះកាន់តែស្រស់បំព្រងនោះឡើយ។
លោក Cammack អាយុ ៤២ ឆ្នាំ ដែលជាអ្នកចិញ្ចឹមសត្វគោលើផ្ទៃដី ៤.០៤៧ ហិកតានៃតំបន់វាលស្មៅធម្មជាតិដែលភាគច្រើននៅរក្សាសភាពដើម បាននិយាយថា៖ «នេះជាផ្នែកមួយនៃពពួកសត្វនិងរុក្ខជាតិនៃតំបន់ Great Plains របស់សហរដ្ឋអាមេរិក ហើយសំឡេងសត្វស្លាបទាំងនេះពីរោះ»។
ប៉ុន្តែ ចំនួនសត្វស្លាបដែលវិលមកវិញបានធ្លាក់ចុះច្រើន បើទោះបីជាមានជម្រករស់នៅដ៏ល្អក៏ដោយ។
ជីតារបស់លោក Cammack ឈ្មោះ Floyd អាយុ ៩២ ឆ្នាំបាននិយាយថា៖ «មានសត្វស្លាបតែបន្តិចបន្តួចប៉ុណ្ណោះ។ ខ្ញុំមិនឃើញមានច្រើនទេ ហើយខ្ញុំក៏មិនដឹងជាក់លាក់ថាដោយសារហេតុអ្វីដែរ»។
គ្រួសាររបស់លោក Floyd បានអនុញ្ញាតឱ្យក្រុមអភិរក្សសត្វស្លាបដំឡើងប៉មបច្ចេកវិទ្យាខ្ពស់ដើម្បីតាមដាននិងស្ទង់មើលសត្វទាំងនោះ។
អ្នកវិទ្យាសាស្ត្របានចែករំលែកទិន្នន័យនៃការស្ទង់មើលនិងការតាមដានសត្វស្លាបទាំងនេះ និងប្រើប្រព័ន្ធគំរូទំនើបតាមកុំព្យូទ័រដើម្បីកំណត់អំពីការគំរាមកំហែងធំៗចំពោះសត្វស្លាបទាំងនេះ។
ពួកគេបានបង្កើនកិច្ចប្រឹងប្រែងដើម្បីដាក់ស្លាកឱ្យសត្វស្លាបនិងដំឡើងប៉មចាប់សញ្ញាទូរមាត្រដើម្បីតាមដានបក្សាបក្សីទាំងនោះ។ ជាងនេះទៀត ពួកគេបានធ្វើការជាមួយកសិករនិងអ្នកចិញ្ចឹមសត្វដើម្បីអនុវត្តវិធីល្អបំផុតដែលធានាដល់ការបន្តទៅមុខនៃជីវភាពរស់នៅរបស់ពួកគេនិងសត្វស្លាបក្នុងស្រុក ដែលពឹងពាក់លើប្រព័ន្ធអេកូឡូស៊ីដែលគ្មានការខូចខាត។
អ្នកស្រី Amanda Rodewald ដែលជានាយិកាជាន់ខ្ពស់នៃមជ្ឈមណ្ឌលសិក្សាអំពីហ្វូងសត្វស្លាបនៅមន្ទីរពិសោធន៍បសុវិទ្យានៃសាកលវិទ្យាល័យ Cornell បាននិយាយថា៖ «សត្វស្លាបគឺជាសញ្ញាណដំបូងនៃគ្រោះថ្នាក់ដែលអាចកើតឡើង។ សត្វស្លាបគឺជាសញ្ញាណព្រមានមុនគេអំពីការប្រែប្រួលបរិស្ថានដែលអាចមានផលប៉ះពាល់ដល់យើង»។
លោក Cammack បាននិយាយថា ម្ចាស់ដីធ្លីនានាបានដឹងច្បាស់អំពីមុខនាទីដ៏ធំរបស់ពួកគេ។
លោកថ្លែងដូច្នេះថា៖ «វាជាផ្នែកមួយនៃការទទួលខុសត្រូវរបស់យើង...ក្នុងការថែរក្សាឱ្យបានល្អនូវអ្វីដែលយើងមាន។ វាជាការចាំបាច់ដែលយើងត្រូវធ្វើអ្វីមួយនៅពេលនេះដើម្បីឱ្យមានអ្វីដែលអាចនៅសល់សម្រាប់ឱ្យចៅៗរបស់យើងបានឃើញ »៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ
ភូមិ Potter រដ្ឋ Nebraska សហរដ្ឋអាមេរិក —