លោក Haroon Ullah ដែលបានបម្រើការជានាយកផ្នែកយុទ្ធសាស្ត្ររបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់បណ្ដាញផ្សាយព័ត៌មានសកល (USAGM) ពីខែតុលា ឆ្នាំ២០១៧ដល់ខែមេសា ឆ្នាំ២០១៩ បានសារភាពទទួលកំហុសកាលពីខែមិថុនាថា បានលួចបន្លំប្រាក់របស់រដ្ឋាភិបាលសហរដ្ឋអាមេរិកចំនួនរាប់ម៉ឺនដុល្លារ តាមរយៈការបន្លំវិក្កយបត្រក្លែងក្លាយនិងការបន្លំស្នើសុំប្រាក់ពីរដ្ឋាភិបាលចំពោះការចំណាយលើការធ្វើដំណើរផ្ទាល់ខ្លួនដើម្បីផ្សព្វផ្សាយអំពីសៀវភៅរបស់ខ្លួន។
យោងតាមគោលការណ៍ណែនាំស្ដីពីការកាត់ទោសក្រោមច្បាប់សហព័ន្ធ លោក Ullah ត្រូវប្រឈមនឹងការជាប់ពន្ធនាគាររយៈពេលពី១០ខែដល់១៦ខែចំពោះការលួចបន្លំទ្រព្យសម្បត្តិរបស់រដ្ឋាភិបាល។
នៅមុនការកាត់ទោស រដ្ឋអាជ្ញានិងមេធាវីការពារក្ដីឲ្យលោក Ullah បានព្រមព្រៀងគ្នាចំពោះការកាត់ក្ដីឲ្យលោកជាប់ពន្ធនាគារតែរយៈពេល៦០ថ្ងៃប៉ុណ្ណោះដោយត្រូវនៅក្នុងពន្ធនាគារជារៀងរាល់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យរយៈពេល៣០សប្ដាហ៍ និងត្រូវបង់ប្រាក់សំណងជាង៣ម៉ឺន៤ពាន់ដុល្លារជាមុន ដែលទឹកប្រាក់នេះប្រហាក់ប្រហែលនឹងចំនួនទឹកប្រាក់ដែលលោក Ullah បានលួចបន្លំពីរដ្ឋាភិបាលអាមេរិកក្នុងរយៈពេល៩ខែកន្លងមកនេះ។
លោក Ullah បានបង់ប្រាក់សំណងរួចរាល់ហើយកាលពីថ្ងៃសុក្រសប្ដាហ៍មុន។ ប៉ុន្តែចៅក្រមសហព័ន្ធ លោក Thomas S. Ellis បានមានប្រសាសន៍ថា គួរតែដាក់ទោសលោកឲ្យធ្ងន់ជាងនេះដើម្បីជាការព្រមានដល់មន្ត្រីរដ្ឋាភិបាលដទៃទៀត កុំឲ្យប្រព្រឹត្តខុសឆ្គងដូច្នេះទៀត។
លោកចៅក្រម Ellis បានថ្លែងប្រាប់លោក Ullah នៅក្នុងតុលាការសហព័ន្ធក្នុងទីក្រុង Alexandria រដ្ឋ Virginia ថា៖ «ខ្ញុំគិតថា ប្រសិនបើលោកលួចបន្លំប្រាក់ក្នុងចំនួនយ៉ាងច្រើននេះពីរដ្ឋាភិបាល លោកគួរតែទទួលផលវិបាកដែលសក្ដិសមនឹងការប្រព្រឹត្តខុសឆ្គងនេះ។ ការកាត់ទោសនេះគួរតែជាការព្រមានដល់មន្ត្រីដទៃទៀតកុំឲ្យប្រព្រឹត្តខុសឆ្គងយ៉ាងដូច្នេះ»។
លោក Ullah ទំនងជានឹងចាប់ផ្ដើមជាប់ពន្ធនាគារនៅដើមខែមករាខាងមុខនេះ បន្ទាប់ពីការិយាល័យពន្ធនាគារចាត់ឲ្យលោកជាប់នៅពន្ធនាគារណាមួយ។ នេះបើតាមការបញ្ជាក់របស់លោក Mark Schamel ដែលជាមេធាវីម្នាក់របស់លោក Ullah។
ក្រោយពីជាប់ពន្ធនាគាររយៈពេលបីខែហើយ លោក Ullah ក៏ត្រូវស្ថិតនៅក្រោមការតាមដានរយៈពេលបីឆ្នាំ និងត្រូវធ្វើការងារជួយដល់សហគមន៍រយៈពេល៣០ថ្ងៃបន្ថែមទៀត។ ក្នុងអំឡុងពេលនោះ លោក Ullah នឹងត្រូវតម្រូវឲ្យនិយាយជាមួយនឹងមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលអំពីលទ្ធផលនៃការប្រព្រឹត្តបទឧក្រិដ្ឋ ដោយការបន្លំឯកសារខុសច្បាប់ផងដែរ។
ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់បណ្ដាញផ្សាយព័ត៌មានសកល (USAGM) ដែលធ្លាប់ត្រូវបានគេស្គាល់ថា BBG គឺជាទីភ្នាក់ងារឯករាជ្យមួយរបស់រដ្ឋាភិបាលអាមេរិក ដែលគ្រប់គ្រងវិទ្យុសំឡេងសហរដ្ឋអាមេរិក វិទ្យុអឺរ៉ុបសេរី វិទ្យុសេរី ការិយាល័យផ្សាយព័ត៌មានគុយបា វិទ្យុអាស៊ីសេរី និងបណ្ដាញផ្សាយព័ត៌មានមជ្ឈិមបូព៌ាផងដែរ។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់បណ្ដាញផ្សាយព័ត៌មានសកល (USAGM) បានឲ្យដឹងថា ការកាត់ទោសនេះ «ផ្ញើជាសារដ៏ខ្លាំងក្លាមួយថា គ្មានការលើកលែងជាដាច់ខាតចំពោះការលួចបន្លំ ឬការប្រព្រឹត្តខុសឆ្គងណាមួយ»។
សេចក្ដីថ្លែងការណ៍នោះបានឲ្យដឹងទៀតថា៖ «ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់បណ្ដាញផ្សាយព័ត៌មានសកល (USAGM) បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបញ្ហានេះ ហើយនិងមានការប្ដេជ្ញាចំពោះការអនុវត្តប្រកបដោយតម្លាភាពនៅក្នុងដំណើរការនិងប្រព័ន្ធទាំងអស់របស់ទីភ្នាក់ងារនេះ»។
សេចក្ដីថ្លែងការណ៍នោះបានបន្ថែមទៀតថា ប្រព័ន្ធសវនកម្មផ្ទៃក្នុងរបស់ទីភ្នាក់ងារនេះបានរកឃើញភាពមិនប្រក្រតីមួយចំនួន និងបានបញ្ឈប់សកម្មភាពលួចបន្លំរបស់លោក Ullah ដោយបានជួយកាត់បន្ថយការខាតបង់ហិរញ្ញវត្ថុរបស់រដ្ឋាភិបាល។
រដ្ឋអាជ្ញាបានបញ្ជាក់ថា លោក Ullah មានបំណងនឹងលួចបន្លំប្រាក់ជិត៥ម៉ឺនដុល្លារប៉ុន្តែលោកមិនអាចសម្រេចផែនការនេះបាន ក្រោយពីលោកត្រូវបានគេរកឃើញថាបានលួចបន្លំ។
សេចក្ដីថ្លែងការណ៍របស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់បណ្ដាញផ្សាយព័ត៌មានសកល USAGM បានឲ្យដឹងបន្ថែមថា៖ «នៅពេលដែលដឹងអំពីព័ត៌មានមិនប្រក្រតីណាមួយ ទីភ្នាក់ងារនេះនឹងបញ្ជូនបញ្ហានោះទៅកាន់ការិយាល័យអធិការកិច្ចរបស់ក្រសួងការបរទេស។ ចំណាត់ការនេះគឺស្របទៅតាមគោលការណ៍ណែនាំនិងគោលនយោបាយរបស់ USAGM»។
មុនពេលចូលបម្រើការនៅទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់បណ្ដាញផ្សាយព័ត៌មានសកល USAGM ក្នុងតំណែងជាមន្ត្រីប្រតិបត្តិជាន់ខ្ពស់កាលពីចុងឆ្នាំ២០១៧ លោក Ullah មានសញ្ញាបត្រថ្នាក់បណ្ឌិត ជាអ្នកនិពន្ធសៀវភៅ ជាអ្នកជំនាញដែលត្រូវបានគេទទួលស្គាល់ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាជ្រុលនិយម និងបានបម្រើការជាទីប្រឹក្សាទទួលបន្ទុករៀបចំផែនការគោលនយោបាយរបស់អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry។
ការកាត់ទោសតាមផ្លូវច្បាប់ទៅលើលោក Ullah នេះ កើតចេញពីការធ្វើដំណើរជាច្រើនលើកច្រើនសាររបស់លោករយៈពេល១៨ខែដោយប្រើប្រាស់ថវិការបស់ទីភ្នាក់ងារ USAGM។
យោងតាមឯកសាររបស់តុលាការ លោក Ullah បានសារភាពថា លោកបានប្រគល់ឯកសារបន្លំមួយចំនួន ដូចជាវិក្កយបត្រស្នាក់នៅសណ្ឋាគារ វិក្កយបត្រជិះរថយន្តតាក់ស៊ី និងប្រើវិក្កយបត្រជាន់គ្នាដើម្បីទារប្រាក់ពីអ្នកឧបត្ថម្ភខាងក្រៅផងនិងពី USAGM ផង ចំពោះការចំណាយលើការធ្វើដំណើរតែមួយ និងបានប្រើវិក្កយបត្រស្នើសុំប្រាក់សំណងពីទីភ្នាក់ងារនេះចំពោះការចំណាយលើការធ្វើដំណើរផ្ទាល់ខ្លួនផ្សេងៗទៀត។
កំណត់ត្រាកាត់ទោសរបស់រដ្ឋអាជ្ញាបានបង្ហាញថា៖ «លោកUllah ប្រើរូបឡូហ្គោនិងក្រាហ្វិកពីអ៊ីនធឺណិត និងកម្មវិធីផលិតវិក្កយបត្រ ឬកម្មវិធី Microsoft Excel ដើម្បីបង្កើតវិក្កយបត្រសណ្ឋាគារក្លែងក្លាយ»។
ស្របពេលដែលលោកបានលួចបន្លំប្រាក់ពី USAGM លោក Ullah ក៏បានប្រើវិធីសាស្ត្រស្រដៀងគ្នានេះដើម្បីបន្លំក្រុមហ៊ុនធានារ៉ាប់រង Liberty Mutual ផងដែរ តាមរយៈការដាក់ឯកសារបន្លំយ៉ាងហោចណាស់ចំនួន១២ច្បាប់។ នេះបើយោងតាមកំណត់ហេតុរដ្ឋអាជ្ញាដដែលនោះ។
ដោយមានក្រុមគ្រួសាររបស់លោកអង្គុយនៅជួរទីពីរនៅក្នុងតុលាការ លោក Ullah បានបង្ហាញនូវការសោកស្ដាយចំពោះការប្រព្រឹត្តបទឧក្រិដ្ឋរបស់លោក រហូតដល់ពេលខ្លះវង្វេងវង្វាន់ស្មារតី នៅពេលដែលលោកព្យាយាមពន្យល់អំពីសកម្មភាពរបស់លោកទៅកាន់ម្ដាយរបស់លោក។
លោកបាននិយាយថា៖ «ខ្ញុំអស់ផ្លូវហើយ។ ខ្ញុំបាត់បង់សីលធម៌អស់ហើយ»។
នៅក្នុងបទសម្ភាសន៍មួយ លោក Schamel ដែលជាមេធាវីម្នាក់របស់លោក Ullah បាននិយាយថា «គោលដៅជីវិតរបស់លោក Ullah គឺស្វែងរកវិធីដើម្បីឲ្យសហរដ្ឋអាមេរិកមានសុវត្ថិភាពជាងមុននិងបញ្ឈប់ការពង្វក់ប្រជាពលរដ្ឋជ្រុលនិយមនៅក្នុងសហរដ្ឋអាមេរិក»៕
ប្រែសម្រួលដោយអ្នកស្រី ហុង ចិន្ដា