គណៈកម្មការរង្វាន់ណូបែលដែលមានមូលដ្ឋានក្នុងទីក្រុងស្តុកខុល ប្រទេសស៊ុយអែត បានប្រគល់រង្វាន់ណូបែលខាងផ្នែកគីមីវិទ្យាក្នុងឆ្នាំនេះឱ្យទៅអ្នកវិទ្យាសាស្រ្តបីនាក់ដែលធ្វើការស្រាវជ្រាវទាក់ទងនឹងការព្យាបាល DNA ដែលគេអាចនឹងប្រើប្រាស់សម្រាប់ការព្យាបាលជំងឺមហារីកបាន។
ជ័យលាភីទាំងបីនាក់មានឈ្មោះ Tomas Lindahl មកពីវិទ្យាស្ថាន Sir Francis Crick និងមន្ទីរពិសោធន៍ Clare Hall ក្នុងចក្រភពអង់គ្លេស លោក Paul Modrich មកពីសាកលវិទ្យាល័យDUKE និងលោក Aziz Sancar នៃសាកលវិទ្យាល័យ North Carolina។ សាលាទាំងពីរចុងក្រោយមានមូលដ្ឋាននៅរដ្ឋ North Carolina។ លោក Lindahl ជាជនជាតិស៊ុយអែត លោក Modrich ជាជនជាតិអាមេរិកាំង និងលោក Sancar ជាជនជាតិតួកគី។
កាលពីថ្ងៃអង្គារ គណៈកម្មការនេះបានប្រគល់រង្វាន់ណូបែលឆ្នាំ២០១៥ ខាងផ្នែករូបវិទ្យាឱ្យទៅលោក Takaaki Kajita និងលោក Arthur MacDonald ដោយសារលោកទាំងពីរបានរកឃើញមូលីគុល Neutrino តូចបំផុតដែលបង្ហាញថាជាសារធាតុតូចបំផុតច្រើនជាងគេលំដាប់ទីពីរនៅលើចក្រវាឡនេះ ហើយវាអាចប្តូររូបរាងនិងម៉ាសមាឌបាន៕
កាលពីថ្ងៃចន្ទសប្តាហ៍នេះដែរ គណៈកម្មការរង្វាន់ណូបែលក៏បានប្រកាសឈ្មោះជ័យលាភីខាងសុខាភិបាលដោយផ្តល់ទៅឱ្យអ្នកវិទ្យាសាស្រ្តមកពីអៀកឡង់ ជប៉ុន និងចិន៕