ជនចំណាកស្រុកជាងកន្លះលាននាក់ រហូតមកដល់ពេលនេះ បានធ្វើដំណើរឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេប្រកបដោយគ្រោះថ្នាក់នៅឆ្នាំនេះ ដើម្បីស្វែងរកជីវភាពថ្មីនៅក្នុងតំបន់អឺរ៉ុប នេះបើតាមរបាយការណ៍របស់ទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារ។
អង្គការសហប្រជាជាតិ បានប្រាប់ឲ្យដឹងថា ពួកអ្នកស្វះស្វែងសុំសិទ្ធិជ្រកកោនជិត៥១៥.០០០នាក់ បានរត់គេចចេញពីសង្គ្រាមនិងភាពក្រីក្រក្នុងតំបន់មជ្ឈឹមបូព៌ានិងតំបន់អាហ្វ្រិកចាប់តាំងពីខែមករា ដោយមានចំនួន៣៨៣.០០០នាក់បានទៅដល់ឆ្នេរសមុទ្រប្រទេសក្រិក ហើយនិង១២៩.០០០នាក់ទៀត បានទៅដល់ប្រទេសអ៊ីតាលី។ ទីភ្នាក់ងារជនភៀសខ្លួន បានប្រាប់ឲ្យដឹងថា មនុស្សជិត៣.០០០នាក់ បានលង់ទឹកឬបាត់ខ្លួនពេលដែលបានធ្វើដំណើរតាមទូកនិងក្បូនដែលពោរពេញទៅដោយមនុស្ស។
ជនចំណាកស្រុកជាងពាក់កណ្តាលនៃជនចំណាកស្រុកទាំងនោះ ដែលបានធ្វើដំណើរទៅកាន់តំបន់អឺរ៉ុប បានមកពីប្រទេសស៊ីរី គឺជាប្រភេទជនភៀសខ្លួនដែលកំពុងគេចខ្លួនពីការប្រយុទ្ធគ្នាជាង៤ឆ្នាំរវាងកងទ័ពស៊ីរីនិងពួកបះបោរដែលកំពុងព្យាយាមទម្លាក់រដ្ឋាភិបាលរបស់ប្រធានាធិបតីបាសា អាល់ អាសាដ។
ជនចំណាកស្រុកដ៏ច្រើននេះ បានធ្វើឲ្យមានការបែកបាក់តំបន់អឺរ៉ុប ដោយមានប្រទេសអាល្លឺម៉ងដែលមានសេដ្ឋកិច្ចខ្លាំងជាងគេហើយនិងប្រទេសស្ទើរតែទាំងអស់នៅតំបន់អឺរ៉ុបខាងជើងបានស្វាគមន៍ពួកគេ ខណៈដែលប្រទេសនៅតំបន់អឺរ៉ុបកណ្តាលខ្លះបានព្យាយាមរារាំងផ្លូវពួកគេមិនឲ្យធ្វើដំណើរឆ្លងកាត់ទឹកដីរបស់ខ្លួន។
ឥឡូវនេះ រដ្ឋាភិបាលអាល្លឺម៉ង់បានចាត់វិធានការបន្តឹងការត្រួតត្រារបស់ខ្លួនដល់ពួកអ្នកស្វះស្វែងសុំសិទ្ធិជ្រកកោនដែលបានទៅដល់ទឹកដីរបស់ខ្លួន ដោយបានប្រកាសថា ខ្លួននឹងសុំឲ្យសភាកាត់បន្ថយការផ្តល់ប្រាក់ទៅឲ្យជនចំណាកស្រុក ក៏ប៉ុន្តែគួរចែកទីកន្លែងស្នាក់នៅនិងម្ហូបអាហារ ជាជាងការផ្តល់ប្រាក់កាស៕