ឆ្នាំនេះ រាជបណ្ឌិតសភាវិទ្យាសាស្ត្រស៊ុយអែតបានផ្តល់ពានរង្វាន់ណូបែលសេដ្ឋកិច្ចដល់លោក William Nordhaus នៃសាកលវិទ្យាល័យ Yale និងលោក Paul Romer នៃសាកលវិទ្យាល័យ New York។
រាជបណ្ឌិតសភានេះបានឲ្យដឹងថា លោក Nordhaus និងលោក Romer «បានបង្កើតវិធីសាស្ត្រនានាដើម្បីឆ្លើយតបនឹងសំណួរចាំបាច់មួយចំនួនដែលយើងមាន ពាក់ព័ន្ធនឹងការធ្វើឲ្យកំណើនសេដ្ឋកិច្ចមាននិរន្តរភាពយូរអង្វែង»។
លោក Nordhaus ត្រូវបានប្រគល់ពានរង្វាន់ណូបែលឲ្យ «សម្រាប់ការធ្វើសមាហរណកម្មការប្រែប្រួលអាកាសធាតុទៅក្នុងការវិភាគមីក្រូសេដ្ឋកិច្ចរយៈពេលវែង»។ នៅទសវត្សរ៍១៩៩០ លោកបានបង្កើតគំរូមួយដែលពណ៌នាអំពីថាតើសេដ្ឋកិច្ចនិងអាកាសធាតុផ្តល់ផលប៉ះពាល់ដូចម្តេចខ្លះទៅលើសកលលោក។ នេះបើយោងតាមរាជបណ្ឌិតសភានេះ។
លោក Romer ត្រូវបានទទួលស្គាល់ «ចំពោះការធ្វើសមាហរណកម្មគំនិតច្នៃប្រឌិតបច្ចេកវិទ្យាទៅលើការវិភាគមីក្រូសេដ្ឋកិច្ចរយៈពេលវែង»។ រាជបណ្ឌិតសភានេះក៏បានឲ្យដឹងថា ការស្រាវជ្រាវរបស់លោក Romer គឺជាគំរូទីមួយដែលពណ៌នាអំពីថាតើស្ថានភាពទីផ្សារនិងការសម្រេចចិត្តលើសេដ្ឋកិច្ចផ្តល់ផលប៉ះពាល់ដល់ការបង្កើតបច្ចេកវិទ្យាថ្មីៗយ៉ាងដូចម្តេច។
លោក Nordhaus ដែលរៀនចប់ថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យ MIT ក្នុងឆ្នាំ១៩៦៧ និងលោក Romer ដែលរៀនចប់ថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យ Chicago ក្នុងឆ្នាំ ១៩៨៣ នឹងត្រូវចែកគ្នាលើពានរង្វាន់ដែលមានតម្លៃជាទឹកប្រាក់១លាន១ម៉ឺនដុល្លារ៕