រដ្ឋមន្ត្រីក្រសួងព័ត៌មានរបស់របបយោធាមីយ៉ាន់ម៉ាលោក Maung Maung Ohn បាននិយាយនៅថ្ងៃអង្គារនះថា ការកាត់ទោសអ្នកស្រី Aung San Suu Kyi ដាក់ពន្ធនាគារ គឺជាការបង្ហាញថា «គ្មាននរណាម្នាក់ស្ថិតនៅពីលើច្បាប់នោះទេ» និងថា ការណ៍ដែលមេដឹកនាំរបបយោធាបានសម្រាលទោសឱ្យអ្នកស្រីពីការជាប់ពន្ធនាគារ ៤ ឆ្នាំ មកនៅ ២ ឆ្នាំ គឺផ្អែកលើ «ហេតុផលមនុស្សធម៌»។
លោក Maung Maung Ohn ក៏បានបញ្ជាក់នៅក្នុងសន្និសីទព័ត៌មានតាមអនឡាញផងដែរថា ប្រព័ន្ធតុលាការរបស់ប្រទេសមីយ៉ាន់ម៉ា មិនមានភាពលម្អៀងនោះឡើយ ហើយថា ការកាត់ទោសអ្នកស្រី Suu Kyi នេះ គឺធ្វើឡើងស្របទៅតាមគោលការណ៍ច្បាប់។
អ្នកស្រី Suu Kyi ដែលមានវ័យ ៧៦ ឆ្នាំ ត្រូវបានតុលាការក្នុងប្រទេសមីយ៉ាន់ម៉ាផ្តន្ទាទោសកាលពីថ្ងៃចន្ទម្សិលមិញឱ្យជាប់ពន្ធនាគារ ៤ ឆ្នាំ ពីបទញុះញង់និងបទបំពានលើបម្រាមជំងឺកូវីដ១៩ ប៉ុន្តែមេដឹកនាំរបបយោធាបានសម្រាលការផ្តន្ទាទោសនោះឱ្យនៅសល់ត្រឹមតែ ២ ឆ្នាំប៉ុណ្ណោះ។
កាលពីថ្ងៃចន្ទ សហរដ្ឋអាមេរិកនិងអង្គការសិទ្ធិមនុស្ស Amnesty International បានថ្កោលទោសការផ្តន្ទាទោសនេះ។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បាននិយាយថា៖ «ការផ្ដន្ទាទោសដោយអយុត្តិធម៌លើអ្នកស្រី Aung San Suu Kyi និងការគាបសង្កត់លើមន្ត្រីជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យផ្សេងទៀត គឺជាការមើលងាយបន្ថែមទៀតដល់លទ្ធិប្រជាធិបតេយ្យនិងយុត្តិធម៌» នៅក្នុងប្រទេសមីយ៉ាន់ម៉ា។
អ្នកស្រី Ming Yu Hah អនុប្រធានផ្នែកយុទ្ធនាការប្រចាំតំបន់របស់អង្គការ Amnesty International បានបញ្ជាក់ថា៖ «ការផ្តន្ទាទោសធ្ងន់ធ្ងរលើអ្នកស្រី Aung San Suu Kyi ក្រោមបទចោទប្រកាន់ក្លែងក្លាយទាំងនេះគឺជាឧទាហរណ៍ថ្មីចុងក្រោយបង្អស់នៃការតាំងចិត្តរបស់ក្រុមយោធានៅក្នុងការលុបបំបាត់ក្រុមប្រឆាំងទាំងអស់និងបំបិទសេរីភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា»៕