កាលពីខែកុម្ភៈឆ្នាំមុន សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក៧នាក់បានសរសេរលិខិតមួយច្បាប់ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃប្រទេសកម្ពុជា សម្តែងនូវការព្រួយបារម្ភរបស់ពួកគាត់ អំពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។ មួយឆ្នាំក្រោយមក សមាជិកព្រឹទ្ធសភាម្នាក់ដែលផ្តួចផ្តើមការសរសេរលិខិតនោះ ថ្លែងថាលោកមិនជឿថា មានការរីកចំរើនដែលមានអត្ថន័យនៅក្នុងប្រទេសកម្ពុជាទេ។
ក្នុងលិខិតទៅកាន់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៃប្រទេសកម្ពុជា កាលពីថ្ងៃទី១១ កុម្ភៈ ឆ្នាំ២០១៦ សមាជិកព្រឹទ្ធសភាអាមេរិក៧នាក់មកពីគណបក្សប្រជាធិបតេយ្យ បានសម្តែងនូវការព្រួយបារម្ភអំពីបញ្ហាផ្សេងៗ រួមទាំងភាពមិនប្រក្រតីនៅក្នុងការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ២០១៣ ជម្លោះដីធ្លី ហើយនិងការជួញដូរមនុស្ស។
សមាជិកព្រឹទ្ធសភាអាមេរិកាំងទាំង៧រូបនេះរួមមាន លោក Christopher Murphy និងលោក Richard Blumenthal មកពីរដ្ឋ Connecticut លោកស្រី Amy Klobuchar និងលោក Al Franken មកពីរដ្ឋ Minnesota លោកស្រី Maria Cantwell មកពីរដ្ឋ Washington លោក Sheldon Whitehouse មកពីរដ្ឋ Rhode Islandនិងលោកស្រី Elizabeth Warren មកពីរដ្ឋ Massachusetts។
លិខិតនោះបានផ្ញើរជូនលោកនាយករដ្ឋមន្ត្រីប៉ុន្មានថ្ងៃ មុនលោកនិងមេដឹកនាំអាស៊ានឯទៀត ជួបជាមួយលោកអតីតប្រធានាធិបតីស.រ.អា បារ៉ាក់ អូបាម៉ា នៅក្នុងកិច្ចប្រជុំកំពូលរវាងស.រ.អា និងសមាគមអាស៊ាន នៅរមណីយដ្ឋាន Sunnylands នៅរដ្ឋ California ដើម្បីពិភាក្សាគ្នាអំពីការធ្វើពាណិជ្ជកម្មនិងកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើន នៅក្រោមគោលនយោបាយងាកទៅរកអាស៊ីរបស់រដ្ឋបាលលោកអូបាម៉ា ហៅថា Pivot to Asia ។
សមាជិកព្រឹទ្ធសភាទាំង៧នាក់ ថ្លែងថា ពួកគេសរសេរលិខិតនោះក្នុងនាមជាមិត្តរបស់កម្ពុជា ដែលចង់ឲ្យមានការទាក់ទងគ្នាយ៉ាងរឹងមាំរវាងប្រទេសទាំងពីរ ប៉ុន្តែមានការបារម្ភអំពីចលាចលក្នុងវិស័យសង្គម និងនយោបាយក្នុងប្រទេសកម្ពុជា។
មួយឆ្នាំក្រោយមក សមាជិកព្រឹទ្ធសភា Christopher Murphy នៃរដ្ឋ Connecticut ដែលបាននាំមុខគេក្នុងការសរសេរលិខិតនោះ បានថ្លែងប្រាប់ VOA ក្នុងសារអ៊ីម៉ែលមួយថា លោកមិនជឿថា មានការរីកចំរើនប្រកបដោយអត្ថន័យទេ។
លោកថ្លែងតាមសម្តីដើមថា «ខ្ញុំនៅតែមានការព្រួយបារម្ភអំពីលំនាំនៃអំពើហិង្សា ហើយនឹងចលាចលផ្នែកសង្គមនិងនយោបាយ ដែលមានកាន់តែច្រើនឡើងក្នុងប្រទេសកម្ពុជា។
ក្នុងលិខិតទៅកាន់លោក ហ៊ុន សែន សមាជិកព្រឹទ្ធសភាទាំង៧នាក់ បានសម្តែងនូវការបារម្ភរបស់ពួកគេអំពីការខ្វះការគោរពសិទ្ធិមនុស្សនៅកម្ពុជាដោយបានដកស្រង់ការវាយប្រហារដោយក្រុមអ្នកគាំទ្ររដ្ឋាភិបាល ទៅលើសមាជិកសភា២នាក់នៃគណបក្សប្រឆាំង នៅមុខសភាជាតិកាលពីខែតុលា ឆ្នាំ២០១៥។
ក្នុងសារអ៊ីម៉ែលមកកាន់ VOA កាលពីថ្ងែសុក្រមុន លោក Murphy បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការគោរពសិទ្ធិមនុស្ស។ លោកបានថ្លែងក្នុងសម្តីដើមថា «ប្រជាពលរដ្ឋកម្ពុជា គួរតែមានរដ្ឋាភិបាលមួយដែលយុត្តិធម៌ និងមានតម្លាភាពជាងនេះ ដែលជឿជាក់ទៅលើនិតិរដ្ឋ សិទ្ធិមនុស្ស និងសិទ្ធិកាន់កាប់ដីធ្លី»។
លោកនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ត្រូវបានគេរាយការណ៍ថាបានផ្ញើលិខិតនោះទៅកាន់សមាជិកព្រឹទ្ធសភាអាមេរិកវិញ ដោយមិនបានអាន។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្ត្រីកម្ពុជា បានថ្លែងប្រាប់ VOA តាមទូរស័ព្ទថា វាមិនមែនជាកាតព្វកិច្ចសម្រាប់រដ្ឋាភិបាលកម្ពុជាឆ្លើយឆ្លងជាមួយសភាស.រ.អាទេ។
«ស្ថាប័នរាជរដ្ឋាភិបាលអត់មានអាណត្តិក្នុងការឆ្លើយឆ្លងជាមួយសភាស.រ.អា ក៏ដូចគ្នាសភាស.រ.អា គ្មានអាណត្តិសរសេរសំបុត្រមកបង្គាប់បញ្ជា ឬស្នើអ្វីមករាជរដ្ឋាភិបាល។ នេះគឺជាការងារមួយដាច់ដោយឡែក គឺស្ថិតនៅក្នុងគោលការណ៍អន្តរជាតិផងដែរ។»
លោក សុខ ឦសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងប្រាប់ VOA កាលពីសប្តាហ៍មុននេះថា កម្ពុជាជារដ្ឋអធិបតេយ្យមួយ ដែលមិនមែនចេះតែអនុវត្តតាមការចង់បាន ឬទាមទាររបស់បរទេសណាមួយនោះទេ។
«ព្រះរាជាណាចក្រកម្ពុជា ជារដ្ឋឯករាជ្យ និងមានអធិបតេយ្យ។ អ្វីដែលមិនមែនស្ថិតក្នុងអធិបតេយ្យរបស់ជាតិទេ អាហ្នឹង មិនអាចអនុវត្តតាមបានទេ។ មិនមែនអ្នកក្រៅ ចេះតែសរសេរសំបុត្រមកតាពីសតាពាស [តាទីសតាទាស] បានទេ។»
ទោះជាយ៉ាងណាក៏ដោយ ការខ្វះការឆ្លើយតបនៅតែធ្វើឲ្យសមាជិកព្រឹទ្ធសភា Murphy មានការព្រួយបារម្ភ។
ក្នុងសារអ៊ីម៉ែលដដែលមកកាន់ VOA សមាជិកព្រឹទ្ធសភានៃរដ្ឋ Connecticut បានថ្លែងថា «ខ្ញុំមានការរំខានក្នុងចិត្តដែលយើងមិនបានទទួលការឆ្លើយតបពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន»។
លោក Chris Coons ជាសមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យ មកពីរដ្ឋ Delaware។ លោកថែមទាំងជាសមាជិកម្នាក់ក្នុងគណកម្មាធិការព្រឹទ្ធសភា ទទួលបន្ទុកកិច្ចការការបរទេស។ ទោះជាលោកមិនមែនជាសមាជិកព្រឹទ្ធសភាម្នាក់ដែលបានសរសេរលិខិតជូនលោក ហ៊ុន សែន ក៏ដោយ ក៏លោក Coons បានថ្លែងប្រាប់ VOA ថា នៅក្រោមរដ្ឋបាលលោក Trump ស.រ.អា ចាំបាច់ត្រូវតែបន្តយករឿងសិទ្ធិមនុស្ស សេរីភាពសារព័ត៌មាន និងការលើកតម្កើងលទ្ធិប្រជាធិបតេយ្យ មកធ្វើជាសេចក្តីថ្លៃថ្នូរចម្បងនៃគោលនយោបាយការបរទេសរបស់ស.រ.អា។
«ខ្ញុំបានលើកយកបញ្ហាទាំងនេះមកនិយាយនៅក្នុងសវនាការតែងតាំងលោករដ្ឋមន្ត្រីការបរទេស Tillerson ។ ខ្ញុំនឹងលើកយកបញ្ហាទាំងនេះ មកនិយាយក្នុងរាល់ការសន្ទនាជាមួយក្រសួងការបរទេសរបស់យើង ហើយខ្ញុំគិតថា លោកនឹងឮនៅក្នុងសវនាការរបស់គណកម្មាធិការព្រឹទ្ធសភាទទួលបន្ទុកកិច្ចការការបរទេសរបស់យើងនូវការប្តេជ្ញាចិត្តរបស់គណបក្សទាំងពីរ ដើម្បីបន្តការពិភាក្សាអំពីការព្រួយបារម្ភអំពីរឿងសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា និងនៅទូទាំងពិភពលោក»។
សមាជិកព្រឹទ្ធសភា John McCain ជាអតីតបេក្ខជនប្រធានាធិបតីស.រ.អា របស់គណបក្សសាធារណរដ្ឋ កាលពីឆ្នាំ២០០៨។ លោកថែមទាំងជាប្រធានគណកម្មាធិការព្រឹទ្ធសភាស.រ.អា ទទួលបន្ទុកកិច្ចការយោធាដ៏មានឥទ្ធិពលមួយរូប។ លោកបានថ្លែងប្រាប់ VOA ថា ទំនាក់ទំនងយ៉ាងជិតស្និទ្ធរបស់កម្ពុជាជាមួយប្រទេសចិន ជាការគួរឲ្យព្រួយបារម្ភមួយ។
«ជាការច្បាស់ណាស់ដែលកម្ពុជាកាន់តែជិតដិតជាមួយប្រទេសចិន។ ហើយមានការគាប់សង្កត់ជាបន្តទៅលើសិទ្ធិមនុស្ស។ លោក ហ៊ុន សែន កាន់អំណាចជាច្រើនឆ្នាំមកហើយ ហើយការគាបសង្កត់លើសិទ្ធិមនុស្សជាមូលដ្ឋាន នៅតែធ្វើឡើងជាបន្ត ហើយរឿងនេះគួរតែជាការព្រួយបារម្ភមួយសម្រាប់យើងគ្រប់គ្នា។
VOA មិនទាន់អាចទាក់ទងសុំប្រតិកម្មពីសមាជិកព្រឹទ្ធសភា៦នាក់ទៀត ដែលបានសរសេរលិខិតនេះបាននៅឡើយទេ មកទល់នឹងថ្ងៃអង្គារនេះ៕